Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋក្រុងព្រះសីហនុ សំដែងការបារម្ភអំពីចោរកម្ម តែសមត្ថកិច្ចស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ការពារទ្រព្យសម្បត្តិរបស់ខ្លួន

ខេត្តព្រះសីហនុ : យោងតាមប្រភពបណ្ដាញទំនាក់ទំនងសង្គម ក៏ដូចជាគ្រុបមហាជននៅក្នុងក្រុងព្រះសីហនុ បានផ្ញើសារ ភ្ជាប់ជាមួយនឹងរូបភាព អំពីករណីចោរកម្មផ្ទួនៗ ដែលធ្វើឲ្យមហាជនជាច្រើនបង្ហាញនូវក្តីបារម្ភ អំពីសុវត្ថិភាពក៏ដូចជាទ្រព្យសម្បត្តិរបស់ខ្លួន ដោយសារមួយរយៈចុងក្រោយនេះ នៅក្នុងក្រុងព្រះសីហនុករណីក្រុមចោរកាច់កម៉ូតូទៅបាត់ស្ទើររាល់យប់។
       
យោងតាមរយៈសារសំឡេងនិងរូបភាពជាច្រើន ដែលជនរងគ្រោះបានផ្ញើចូលគ្រុបមហាជន(គ្រប់សោមភក្រ្តា)គិតត្រឹមតែសប្តាហ៍ទី 2 នៃខែមិថុនានេះ មានម៉ូតូរហូតដល់ ៧ គ្រឿងហើយ បានបាត់ជាហេតុធ្វើឱ្យមានការបញ្ចេញមតិរិះគន់ ទៅលើអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងក្រុងព្រះសីហនុ ហាក់មិនមានចំណាត់ការទាល់តែសោះ ចំពោះករណីចោរកម្មដែលកំពុងកើតមាននៅក្នុងក្រុងព្រះសីហនុ។ ក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងប្រកបអាជីវកម្មនៅក្នុងក្រុងព្រះសីហនុ សូមស្នើឱ្យឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការ ឯកភាពខេត្ត សូមមេត្តាពិនិត្យទៅលើបញ្ហានេះផង។
     
ឆ្លើយតបទៅហ្នឹងបញ្ហាចោរកម្ម ដែលបាននិងកំពុងកើតមាននៅក្នុងក្រុងព្រះសីហនុ មួយរយៈចុងក្រោយនេះ លោក សំ ប្រាក់ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ ៤ បានឲ្យដឹងថា គ្នាដើមខែមិថុនានេះ ប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ ៤ បានទទួលបណ្ដឹងតែ ៥ ប៉ុណ្ណោះ តើប្រជាពលរដ្ឋបានប្ដឹងថា ពួកគាត់បានបាត់ម៉ូតូ នៅចំណុចនឹងទីតាំងខុសៗគ្នា ឱ្យគាត់បានធ្វើរបាយការណ៍ទៅថ្នាក់លើតាមឋានានុក្រមហើយ ជុំវិញករណីទាំងនេះ ហើយកម្លាំងជំនាញប៉ុស្តិ៍រដ្ឋបាលយើង ក៏នឹងកំពុងស្រាវជ្រាវនិងកំណត់មុខសញ្ញាជាបឋមផងដែរ។
    
លោក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានឆ្លើយប្រាប់បណ្ដាញសារព័ត៌មានដោយខ្លីថា ចំពោះករណីចោរកម្មនាមួយរយៈចុងក្រោយនេះ លោកដឹងតែមួយករណីតែប៉ុណ្ណោះ ហើយបិទទូរស័ព្ទដោយលោកឆ្លើយថាជាប់ប្រជុំ។
    
ឆ្លើយតបទៅនឹងបញ្ញាទាំងនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មួយរយៈចុងក្រោយនេះ ពិតជាមានករណីចោរកម្មពិតមែន ប៉ុន្តែក្នុងចំណោមករណីទាំងនោះ សមត្ថកិច្ចបានកំណត់មុខសញ្ញាបានច្រើនហើយ កំពុងបន្តនីតិវិធីស្រាវជ្រាវ និងរកបទល្មើសបន្ថែម ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដូចជាករណីនៅទីលានសម្ដេចតេជោ ឬហៅថាឆ្នេរកន្ទុយនាគ ម្ចាស់ម៉ូតូបានទុកម៉ូតូចោល ខ្វះការប្រុងប្រយ័ត្ន ដែលអាចធ្វើឲ្យជនឆ្លៀតឱកាស អាចប្រព្រឹត្តបទល្មើសបាន។

ប្រភពបានបន្តថា អ្វីៗត្រូវផ្ដើមចេញពីយើងទាំងអស់គ្នាសិន មិនអាចពឹងតែទៅលើសមត្ថកិច្ចតែម្ខាងបាននោះទេ ជាបឋមត្រូវតែការពារប្រុងប្រយ័ត្នឱ្យបានខ្ពស់ កុំមានការធ្វេសប្រហែស ព្រោះជនឆ្លៀតឱកាសចាំមើលតែម្ចាស់ទ្រព្យធ្វេសប្រហែសតែបន្តិច គេនឹងប្រព្រឹត្តភ្លាម។ ប្រភពដដែលក៏បានបញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋដែលបានបាត់ម៉ូតូហើយពុំទាន់បានដាក់បណ្ដឹង សូមអញ្ជើញទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាល ដែលនៅជិតអ្នកបំផុត ដើម្បីសមត្ថកិច្ចមានទុន និងការធ្វើការស្រាវជ្រាវស៊ើបអង្កេត៕

×