Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដកហូតតំណែងមន្ត្រីនគរបាល ៤នាក់ថ្មីៗនេះ និងការដកហូតតំណែងកន្លងមកក្នុងស្ថាប័នគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ គឺបង្ហាញពីការរួមចំណែករបស់ CEN 

រាជធានីភ្នំពេញ ÷ មន្ត្រីនគរបាល ៤នាក់ គឺ លោក សុខ សុមនោ , លោក ភូ សុផល , លោក ឆយ គឹមឡេង និងលោក អ៊ន លុច ដែលមានមុខតំណែង ឋាន: តួនាទីគ្រាន់បើ ហើយកាលពីជិតមួយឆ្នាំមុន CEN ធ្លាប់ផ្សាយអំពីសកម្មភាពចុះអនុវត្តការងាររបស់ពួកគេទៅលើ គ្លីនិកមួយកន្លែង ស្ថិតក្នុង ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានម្ចាស់ជាជនជាតិចិន មិនប្រក្រតី និងត្រូវបានគេសង្ស័យថា ខុសវិជ្ជាជីវៈនោះ ពេលនេះត្រូវបានក្រសួងមហាផ្ទៃសម្រេចដកហូតមុខតំណែងចេញអស់ ទុកនៅសល់ត្រឹមពាក្យថា ” មន្ត្រី ” ប៉ុណ្ណោះ។

ការអនុវត្តទោសទណ្ឌ និងពិន័យ ចំមុខសញ្ញាមន្ត្រីខូចៗទាំងនេះ ត្រូវបានប្រជាពលរដ្ឋសាទរជាខ្លាំង ដោយកោតសរសើរដល់ សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រោះថា អ្នកទាំង៤នេះ កាលនៅមានមុខតំណែង តួនាទី កន្លងមក ធ្លាប់បានអនុវត្តការងារខុសវិជ្ជាជីវៈ គាបសង្កត់ ជំរិតអាជីវករ ម្ចាស់ឃ្លាំងទំនិញ ម្ចាស់គ្លីនិក ម្ចាស់ហាង និងម្ចាស់អាជីវកម្មដ្ឋានរកស៊ីផ្សេងៗ។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពី ការដករហូតមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ហត្ថលេខាដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា បានសម្រេចថា ÷
១- លោកឧត្តមសេនីយ៍ទោ សុខ សុមនោ អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ត្រូវបានដកហូតមុខតំណែងឱ្យមកជាមន្ត្រី,
២- លោកឧត្តមសេនីយ៍ទោ ភូ សុផល អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ត្រូវបានដកហូតមុខតំណែងឱ្យមកជាមន្ត្រី,
៣- លោកឧត្តមសេនីយ៍ត្រី ឆយ គឹមឡេង អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ត្រូវបានដកហូតមុខតំណែងឱ្យមកជាមន្ត្រី,
៤- លោកវរសេនីយ៍ឯក អ៊ន លុច នាយរងការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យមកជាមន្ត្រី។ 

អ្នកទាំង ៤នេះ ធ្លាប់បានធ្វើបាបអាជីវករយ៉ាងជ្រក់ជ្រេញគួរឱ្យឈឺចាប់នាពេលកន្លងមក ការដកហូតមុខតំណែងនេះប្រៀបបានជាវត្ថុស័ក្ដិសិទ្ធមួយបង្ហាញថា ថ្ងៃអង្សារបស់ពួកគេបានមកដល់ហើយ មានន័យថា អ្នកប្រព្រឹត្តអំពើបាប មិនចាំបាច់រង់ចាំជាតិក្រោយនោះទេ, ជាក់ស្ដែង ប្រកាសរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មន្ត្រីនគរបាលជាតិទាំង ៤នាក់ ខាងលើនេះ ត្រូវបានដករហូតមុខតំណែង ដោយមូលហេតុល្មើសបទវិន័យនគរបាទជាតិ ក្នុងឋានៈតួនាទីតែម្ដង។ 

សូមរំលឹកឡើងវិញថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៥:២០នាទីល្ងាច សមត្ថកិច្ចចម្រុះ ដឹកនាំដោយក្រុមការងារគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ (គ.ប.ផ.ក) និងមានការសម្របសម្រួលពី លោក ទី មុនិន្ទ ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបិទ គ្លីនិកព្បាបាលជំងឺ មានយីហោ ” សៀរហឺ ” ដែលមានម្ចាស់ឈ្មោះ លីន ហឺជា ជនជាតិចិន និងអ្នកបកប្រែភាសាម្នាក់ទៀតឈ្មោះ ស៊ឹម ស្រីម៉ិច, មានទីតាំងស្ថិតនៅអគារម៉ីងមិន ផ្លូវមាត់ទន្លេ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមាសភាពសមត្ថកិច្ចចម្រុះចូលរួមបិទទីតាំងគ្លីនិក ” សៀរហឺ ” របស់ជនជាតិចិននេះ រួមមាន លោក អោក លឹមចាន់រីណា ក្រឡាបញ្ជី , លោកឧត្តមសេនីយ៍ទោ ភូ សុផល អនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) , លោក យស យុទ្ធី អភិបាលរងខណ្ឌចំការមន , លោក នាង ធារី អនុប្រធានការិយាល័យនិយ័តកម្ម , លោកស្រី ចាប សុចិន្តា មន្ត្រីសុខាភិបាលខណ្ឌចំការមន , លោក ខាត់ សួន មេភូមិ១៤  សង្កាត់ទន្លេបាសាក់ , លោកវរសេនីយ៍ឯក អ៊ន លុច មន្ត្រីនគរបាលយុត្តិធម៌ , លោកឧត្តមសេនីយ៍ត្រី ឆយ គឹមឡេង ប្រធានក្រុមប្រតិបត្តិការ , លោក ទី មុនិន្ទ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងពេលប្រតិបត្តិការ សមត្ថកិច្ចចម្រុះបានបិទលិខិតប្លុមបេនៅមាត់ទ្វារបន្ទប់ពិគ្រោះព្យាបាលជំងឺ គឺលែងឱ្យមានដំណើរការទទួលសេវាកម្មពិគ្រោះព្យាបាលជំងឺទៀតហើយ រហូតដល់មានការសម្រេចជាថ្មីណាមួយតាមផ្លូវច្បាប់, ហើយត្រូវបានក្រុមមន្ត្រីទាំងនេះ អះអាងថា ករណីនេះ បានកសាងសំណុំរឿងរួចហើយបញ្ជូនទៅកាន់តុលាការ ប៉ុន្តែក្រោយមកក៏ស្ងាត់ឈឹងតែម្ដង គឺត្រូវបានគេសង្ស័យថា ចាប់ឱ្យតែល្អមើល យកតួនាទីស្របច្បាប់របស់ស្ថាប័ន ទៅកេងប្រវ័ញ្ចលើអាជីវករ គឺចាប់ជំរិត។

ក្នុងចំណោមអ្នកចុះអនុវត្តការងារខុសវិជ្ជាជីវៈខាងលើនេះ ដែល CEN ធ្លាប់ផ្សាយ មាន លោក ភូ សុផល អនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ, លោក ឆយ គឹមឡេង ប្រធានក្រុមប្រតិបត្តិការ និងលោក អ៊ន លុច មន្ត្រីនគរបាលយុត្តិធម៌ , មិនមានឈ្មោះ លោក សុខ សុមនោ ក្នុងការចុះអនុវត្តករណីគ្លីនិកនេះទេ ប៉ុន្តែអាចជាមុខសញ្ញាប្រព្រឹត្តខុសវិជ្ជាជីវៈនៅកន្លែងផ្សេង ទើបក្រសួងមហាផ្ទៃដករហូតតំណែងតួនាទីឱ្យមកជាមន្ត្រីធម្មតា។

តាមប្រភពព័ត៌មានពីមន្ត្រីស្មោះត្រង់ នៃក្រសួងមហាផ្ទៃ បានទម្លាយឱ្យដឹងទៀតថា ក្រោយពេលចុះបិទទីតាំងគ្លីនិក ” សៀរហឺ ” របស់ជនជាតិចិនខាងលើរួចហើយ សមត្ថកិច្ចខិលខូចទាំងនោះ បាននាំខ្លួនម្ចាស់ទីតាំង គឺលោក លីន ហឺជា ជនជាតិចិន និងអ្នកបកប្រែភាសា ស៊ឹម ស្រីម៉ិច ទៅសាកសួរ  និងកសាងសំណុំរឿងនៅលើអគារថ្មី នៃក្រសួងមហាផ្ទៃអស់ពេលជាច្រើនម៉ោង ដែលអាគារថ្មីនេះ កាលនោះមិនទាន់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ ដូច្នេះហើយធ្វើឱ្យមានការនិយាយលេងសើចថា លោក លីន ហឺជា ជនជាតិចិន ម្ចាស់គ្លីនិក សៀរហឺ មានសំណាងណាស់បានសម្ពោធអគារថ្មី នៃក្រសួងមហាផ្ទៃនេះមុនគេ។

ដោយពិនិត្យឃើញថា ក្រុមការងារមួយចំនួនធំ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ មានប្រព្រឹត្តអំពើពុករលួយ មានបទល្មើសក្នុងវិន័យកងកម្លាំងនគរបាលជាតិ និងអនុវត្តខុសនីតិសម្បទាវិជ្ជាជីវៈ គឺក្រសួងមហាផ្ទៃ បានសម្រេចផ្អាកសកម្មភាព ស្រាវជ្រាវ ស៉ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងផ្តល់ភារកិច្ចឱ្យអគ្គាធិការដ្ឋាន និងអគ្គស្នងការដ្ឋាននគរបាលជាតិ  បើកការស៉ើបអង្កេត និងអនុវត្តវិធានការផ្លូវច្បាប់ បទបញ្ជាផ្ទៃក្នុង ប្រសិនបើបុគ្គល ឬអង្គភាព នៅតែប្រព្រឹត្តផ្ទុយពីសេចក្ដីសម្រេចនេះ ក្រសួងមហាផ្ទៃនឹងមានវិធានការផ្លូវច្បាប់មិនលើកលែង, ក្រសួងមហាផ្ទៃ ព្រមទាំងតម្រូវឱ្យចាត់នីតិវិធីស្រាវជ្រាវស្វែងរកការពិត តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធប្រតិបត្តិការរបស់នគរបាលប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានភាពមិនប្រក្រតី និងខុសវិជ្ជាជីវៈ។ នេះបើតាមសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ លេខ ៤៦៨៦ ចុះថ្ងៃទី១៥  ខែកញ្ញា ឆ្នាំ២០២៣ ចុះហត្ថលេខាដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សរុបសេចក្ដីមក ការដកហូតមុខតំណែង តួនាទី ឋានៈ បុណ្យស័ក្ដិរបស់មន្ត្រីនគរបាលជាតិ ក្នុងស្ថាប័នគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ នាពេលនេះ និងពេលមុនៗ, ដែល CEN ធ្លាប់ផ្សាយជាបន្តបន្ទាប់នាពេលកន្លងមក មិនមែនអត់ប្រយោជន៍នោះទេ គឺពិតជាមានប្រយោជន៍មែនសម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ ជាក់ស្ដែងក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែង បុណ្យស័ក្ថិ ឋានន្តរស័ក្កិមន្ត្រីមួយចំនួនធំ ក្នុងស្ថាប័នគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនេះ ដោយរុះរើ កែសម្រួល និងរៀបចំសមាសភាពគណៈកម្មាធិការជាថ្មី ដើម្បីអនុវត្តការងារត្រឹមត្រូវឡើងវិញឱ្យប្រកបដោយនីតិសម្បទាវិជ្ជាជីវៈ និងបញ្ញត្តិច្បាប់៕ ពិសិដ្ឋ CEN

×