ភ្នំពេញ ៖ បើតាមអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត, ទន្ទឹមនឹងភាពជោគជ័យដ៏ត្រចះត្រចង់របស់និស្សិតជ័យលាភីនាថ្ងៃនេះ, ដើម្បី បន្តរួមចំណែក ដល់ការលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា, ជាពិសេស ចូលរួមអនុវត្តឱ្យបានជោគជ័យនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ សម្រាប់ការអភិវឌ្ឍ មូលធនមនុស្ស, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ លីមកុកវីង និងសូមអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់នាព្រឹកថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៤នេះ។
សម្តេចធិបតី បានផ្តល់នូវទស្សនៈ និងអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១.ជាមួយនឹងចំណេះដឹងទទួលបានពីការសិក្សានៅសាកលវិទ្យាល័យ លីមកុកវីង, ជ័យលាភីទាំងអស់ គួរបន្តការសិក្សាជំនាញឯកទេសបន្ថែមទៀត ដើម្បីបង្កើន សក្តានុពលរបស់ ខ្លួនឱ្យកាន់តែខ្ពស់តាមដែលអាចធ្វើទៅបាន និងត្រូវអភិវឌ្ឍ ខ្លួនឱ្យក្លាយជាយុវជនឌីជីថល និង យុវជនសកល ក្នុងឯកទេសកម្មរៀងៗខ្លួន សំដៅទាញយកផលប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថល និង រួមចំណែក ដល់ការកសាង ម៉ូដែលកំណើនសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលផ្អែកលើជំនាញ, បច្ចេកវិទ្យា និងនវានុវត្តន៍។
ទី២.សម្តេចធិបតី លើកទឹកចិត្តខ្ពស់ដល់គ្រប់សាស្ត្រាចារ្យទាំងអស់ បន្តអភិវឌ្ឍសមត្ថភាព និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រតាមជំនាញឯកទេសរៀងៗខ្លួនដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្រៀន និងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការ អនុវត្ត និងឧត្តមានុវត្តជាក់ស្តែង, ហើយចំណេះដឹងពីការស្រាវជ្រាវនេះ គួរត្រូវ បានចែករំលែកឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ និង ប្រជាជន។
ទី៣.សម្តេចធិបតី លើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន បន្តធ្វើបច្ចុប្បន្នកម្មកម្មវិធីសិក្សាឱ្យស្របនឹងតម្រូវការនៃទីផ្សារការងារ និងបន្តអភិវឌ្ឍ កម្មវិធីសិក្សាថ្មីៗ ដើម្បីធានានូវគុណភាព នៃការបណ្តុះបណ្តាល, ដោយផ្តោត ការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមបរិការណ៍នៃការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គម, ការប្រកួតប្រជែងនៃទីផ្សារការងារ, សាកលភាវូបនីយកម្ម និងការវិវត្តនៃសកលលោក។
ទី៤.សម្តេចធិបតី លើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សា ទាំងរដ្ឋ និងឯកជន បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានស្រាវជ្រាវជាតិ-អន្តរជាតិ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវរួមគ្នា, ដកស្រង់បទពិសោធ និងធ្វើទស្សនកិច្ច សិក្សាទៅវិញទៅមក ដើម្បីផ្ទេរចំណេះដឹង, បទពិសោធជាក់ស្តែង និងឧត្តមានុវត្ត សំដៅបង្កើនគុណភាពនៃការអប់រំ, ការបណ្តុះបណ្តាល, និងការសិក្សា ស្រាវជ្រាវឱ្យកាន់តែប្រសើរ។
ទី៥.សូមក្រសួងអប់រំ យុវជន និង កីឡា, ដៃគូអភិវឌ្ឍ, វិស័យឯកជន និងគ្រប់អង្គភាពពាក់ព័ន្ធ សហការ និងបន្តលើកស្ទួយវិស័យអប់រំ និងការបណ្តុះបណ្តាល ឱ្យ កាន់តែល្អប្រសើរ តាមរយៈការធ្វើទំនើបកម្មអភិបាលកិច្ចគ្រប់គ្រង, ការផ្តល់សេវាបង្រៀនប្រកប ដោយគុណភាពខ្ពស់, និងកិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ ព្រមទាំងយកចិត្តទុកដាក់លើធនធានយុវជនសម្រាប់ជាសសរទ្រូងដ៏ រឹងមាំ និងពោរពេញដោយសមត្ថភាព៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី















