Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាលចរាចរណ៍ ០២នាក់ ដែលកាក់ម៉ូតូពលរដ្ឋគ្មានកំហុស ត្រូវបានចាត់ការហើយ ខណៈពលរដ្ឋស្នើសុំឱ្យអនុវត្តពិន័យម៉ឺងម៉ាត់ចំពោះមន្ត្រីក្បត់នឹងវិជ្ជាជីវៈ

រាជធានីភ្នំពេញ ÷ មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូនសាធារណជនឱ្យដឹងថា មន្ត្រីនគរបាលពីរនាក់ដែលកាក់ម៉ូតូប្រជាពលរដ្ឋ ១គ្រឿង ដែលបើកបរគ្មានកំហុសនោះ ត្រូវបានហៅមកសាកសួរ និងកំពុងស្ថិតក្នុងចំណាត់ការរបស់អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញហើយ ខណៈប្រជាពលរដ្ឋចង់ឱ្យមានការដាក់ពិន័យតាមច្បាប់ ឱ្យបានច្បាស់លាស់ ម៉ឺងម៉ាត់ ដើម្បីជាគំរូដល់មន្ត្រីនគរបាលផ្សេងទៀត កុំឱ្យដោយសារអំពើលោភលន់ចង់បានលុយហួសហេតុពេក ហ៊ានប្រព្រឹត្តខុសវិជ្ជាជីវៈ ជាមន្ត្រីនគរបាលចរាចរណ៍។

មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ដែលបង្ហោះលើបណ្តាញសង្គមនៅ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងមន្ត្រីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅ ស្តុបផ្លូវជាតិ លេខ៤ កែងមហាវិថីឈ្នះឈ្នះ ពាក់ព័ន្ធឃាត់ម៉ូតូ ០១គ្រឿង ដែលមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ទៅហើយនោះ គឺមន្ត្រីនគរបាលពីរនាក់នោះ ត្រូវបានហៅមកសាកសួរនៅឯស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ការកាក់ហៅម៉ូតូប្រជាពលរដ្ឋ០១គ្រឿងកំពុងបើកបរគ្មានបទល្មើសនេះ នាំឱ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គមជាខ្លាំង។ បន្ទាប់មក លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍ និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ឱ្យកោះហៅ មន្រ្តី០២នាក់ ដែលកាក់ហៅម៉ូតូប្រជាពលរដ្ឋនាចំណុចខាងលើនេះ ចូលមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសុំគោលការណ៍ពីថ្នាក់លើពិនិត្យសម្រេច, បច្ចុប្បន្នមន្ត្រីនគរបាលទាំងពីរនាក់នេះ កំពុងស្ថិតក្នុងចំណាត់ការរបា់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយ។

តាមរយៈវីដេអូរបស់ម្ចាស់ម៉ូតូ គឺបុរសជាម្ចាស់ម៉ូតូ បានរៀបរាប់យ៉ាងដូច្នេះថា មុននឹងឡើងមកភ្នំពេញ រូបខ្លួនបានរៀបចំម៉ូតូយ៉ាងស្អាត រួមទាំងឯកសារសព្វគ្រប់ កញ្ចក់ មួក យ៉ាងល្អ ដើម្បីចៀសវាង កុំឱ្យប៉ូលិសចាប់ ប៉ុន្តែនៅតែប៉ូលីសចាប់ដដែល។

មហាជនដែលបានឃើញរូបភាពនេះ លើកឡើងថា ចាប់ម៉ូតូគេទាំងបំពានន គ្មានកេរ្ដិ៍ខ្មាសបែបនេះ តើមាននីតិសម្បទាវិជ្ជាជីវៈយ៉ាងម៉េចទៅ? ក្រែងពេលចូលធ្វើជាប៉ូលិស និងមុននឹងចុះអនុវត្តការងារ មន្ត្រីទាំងពីរនាក់ខាងលើនេះ បានចូលសាលាហ្វឹកហ្វឺន រៀនពីច្បាប់ទម្លាប់ និងបញ្ញត្តិផ្សេងៗរួចហើយតើ ប៉ុន្តែលុះពេលមកអនុវត្តការងារជាក់ស្ដែង ស្រាប់តែក្បត់នឹងមនសិការបែបនេះ តើថ្នាក់លើនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃដាក់ពិន័យកងកម្លាំងដូចម្ដេចធ្វើ?! ពេលចាប់គេបើកបរខុសច្បាប់ ផាកពិន័យមើលម៉ាត់, ឥឡូវដល់ពេលខ្លួនអនុវត្តខុសច្បាប់វិញ គួរដាក់វិន័យទោសទណ្ឌបែបណា?៕ ពិសិដ្ឋ CEN

×