រាជធានីភ្នំពេញ ៖ ក្នុងឱកាសចូលរួមពិធីប្រគល់សញ្ញាបបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ លីមកុកវីង និងសូមអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ មិថុនា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគូសរំលេចថា ប្រសិនបើមិនអភិវឌ្ឍធនធានមនុស្ស យើងនឹងអស់ឱកាសក្នុងការប្រកួតប្រជែង។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ “ប្រទេសយើងត្រូវវិវឌ្ឍន៍ ទើបអាចប្រកួតប្រជែងបាន បើនៅនឹងថ្កល់យើងចាញ់គេហើយ ព្រោះគេដើរទៅមុខ”។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ធនធានមនុស្សសំខាន់ជាងអ្វីៗទាំងអស់ មនុស្សជាអ្នកបង្កើត និងដឹកនាំផែនការទាំងឡាយ។
និស្សិតជ័យលាភី ដែលសម្រេចបានជោគជ័យក្នុងឆ្នាំសិក្សា២០២១-២០២២ និង ឆ្នាំសិក្សា២០២២- ២០២៣ សរុបចំនួន ៥៤០នាក់ ( នារី ២៧៣នាក់ ដោយចែកចេញជាបីកម្រិត រួមមាន ៖ ១/ ថ្នាក់បរិញ្ញាបត្ររង ចំនួន ៦០នាក់ ( នារី ៣៣នាក់ ), ២/ ថ្នាក់បរិញ្ញាបត្រ ចំនួន ៤៦១នាក់ ( នារី ២៣៥នាក់) និង ៣/ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៩នាក់ ( នារី ៥នាក់)។
រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការអប់រំ និង ការបណ្តុះបណ្តាលដើម្បីបង្កើនធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេស ដោយរាជរដ្ឋាភិបាលបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត រួមទាំងការដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានា ឱ្យអនុវត្តសម្រាប់បង្កើនគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់ ក្នុងគោលបំណងលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់និស្សិតជ័យលាភីរបស់សាកលវិទ្យាលីមកុកវីងទាំងអស់ បន្តសិក្សាជំនាញឯកទេសបន្ថែមទៀត ដើម្បីបង្កើនសក្តានុពលរបស់ ខ្លួនឱ្យកាន់តែខ្ពស់តាមដែលអាចធ្វើទៅបាន និង ត្រូវអភិវឌ្ឍខ្លួនឱ្យក្លាយជាយុវជនឌីជីថល នឹង យុវជនសកល ក្នុងឯកទេសកម្មរៀងៗខ្លួន សំដៅទាញយកផលប្រយោជន៍ជាអតិបរមាពី បរិវត្តកម្មឌីជីថល និង រួមចំណែកដល់ការកសាង ម៉ូដែលកំណើនសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលផ្អែកលើជំនាញ, បច្ចេកវិទ្យា និង នវានុវត្តន៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តសាស្ត្រាចារ្យទាំងអស់ បន្តអភិវឌ្ឍសមត្ថភាព និង បង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើក កម្ពស់ប្រសិទ្ធភាពនៃការបង្រៀន និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និងឧត្តមានុវត្តជាក់ស្តែង, ហើយចំណេះដឹងពីការស្រាវជ្រាវនេះ គួរត្រូវបានចែករំលែកឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ និង ប្រជាជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន បន្តធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សាឱ្យស្របនឹងតម្រូវការនៃទីផ្សារការងារ និង បន្តអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ដើម្បីធានានូវគុណភាព នៃការបណ្តុះបណ្តាល, ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើ ចំណេះដឹង និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមបរិការណ៍នៃការរីក ចម្រើននៃសេដ្ឋកិច្ច និង សង្គម, ការប្រកួតប្រជែងនៃទីផ្សារការងារ, សាកលភាវូបនីយកម្ម និងការវិវត្តនៃសកលលោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និង ឯកជន បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំ និង គ្រឹះស្ថានស្រាវជ្រាវជាតិ-អន្តរជាតិ សម្រាប់ធ្វើការ សិក្សាស្រាវជ្រាវរួមគ្នា, ដកស្រង់បទពិសោធ និង ធ្វើទស្សនកិច្ចសិក្សាទៅវិញទៅមក ដើម្បីផ្ទេរចំណេះដឹង, បទពិសោធជាក់ស្ដែង និងឧត្តមានុវត្ត សំដៅបង្កើនគុណភាពនៃ ការអប់រំ, ការបណ្ដុះបណ្ដាល, និង ការសិក្សាស្រាវជ្រាវឱ្យកាន់តែប្រសើរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យុវជន និង កីឡា, ដៃគូអភិវឌ្ឍ, វិស័យឯកជន និងគ្រប់អង្គភាពពាក់ព័ន្ធ សហការ និងបន្តលើកស្ទួយវិស័យអប់រំ និង ការបណ្តុះបណ្តាលឱ្យកាន់តែល្អប្រសើរ តាមរយៈការធ្វើទំនើបកម្មអភិបាលកិច្ចគ្រប់គ្រង, ការផ្តល់សេវាបង្រៀនប្រកប ដោយគុណភាពខ្ពស់ និងកិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ ព្រមទាំងយកចិត្តទុក ដាក់លើធនធានយុវជនសម្រាប់ជាសសរទ្រូងដ៏រឹងមាំ និង ពោរពេញដោយសមត្ថភាព៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី


























