ភ្នំពេញ ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា:ក្រោយពី ទទួលបានព័ត៌មានដែលបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅខាងលើ កាក់ហៅម៉ូតូប្រជាពលរដ្ឋ១គ្រឿងកំពុងបើកបរគ្មានបទល្មើស ដែលនាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម ។បន្ទាប់មកឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍ និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកោះហៅមន្រ្តី០២នាក់ដែលកាក់ហៅម៉ូតូប្រជាពលរដ្ឋឲ្យចូលមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសុំគោលការណ៍ពីឯកឧត្តមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពិនិត្យសម្រេច។
តាមរយៈវីដេអូនេះ បុរសជាម្ចាស់ម៉ូតូ បានរៀបរាប់យ៉ាងដូច្នេះថា មុនឡើងមកភ្នំពេញ បានរៀបចំម៉ូតូយ៉ាងស្អាតរួមទាំងឯកសារសព្វគ្រប់កញ្ចក់មួកយ៉ាងល្អ ដើម្បីជៀសវាង កុំឲ្យប៉ូលីសចាប់ ប៉ុន្តែនៅតែប៉ូលីសចាប់ដដែល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





