ភ្នំពេញ ៖ តារាចម្រៀងចាស់វស្សាអ្នកនាង ម៉េង កែវពេជ្ជតា បានសម្តែងការហួសចិត្ត ត្បិតកម្មវិធីធំថ្នាក់ជាតិចំនួន២ គឺមិនមានវត្តមាននាងចូលរួមសម្តែងឡើយ ខណៈពេលដែលនាងនៅតែអាចបន្តការច្រៀង និងមានទស្សនិកជនគាំទ្រនៅឡើយក្តី។
តារាចម្រៀងរូបនេះលើកឡើងថា កម្មវិធីធំៗចំនួន២នោះរួមមាន អង្គរសង្ក្រាន្ត និងពិធី Sea Gameគឺនាងមិនត្រូវបានគេហៅឲ្យចូលរួមច្រៀងឡើយ នោះជាហេតុធ្វើឲ្យនាងគិតថា រូបនាងត្រូវបានគេទុកនៅគន្លាតជញ្ចាំង។

អ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងតាមរយៈសំណេរបង្ហោះនៅលើហ្វេសប៊ុកថា “Live ល្ងាចមិញ មានហ្វេនៗសួរច្រើនដងណាស់ថា ចូលឆ្នាំនេះមកអង្គរសង្រ្កាន្តអត់?។ អ្នកនាងក៏ឆ្លើយតបវិញថា Idol អត់បានទៅទេ ព្រោះប្រហែលខុសខ្សែអ្នកហៅតួ…ឆ្ងល់ដែរ Sea Game ក៏អត់ សង្ក្រាន្ដក៍អត់ តើខ្ញុំនេះក្លាយជារបស់ដែលគេគ្រវាត់ចោលកៀនជញ្ជាំងតាំងពីពេលណា ហើខ្ញុំនៅចំទៀលច្រៀងបាននៅឡើយ”។
តាមរយៈសំណេរខាងលើនេះបានធ្វើឲ្យមហាជន ជាពិសេសបណ្តាលអ្នកគាំទ្រអ្នកនាង ម៉េង កែវពេជ្ជតា ជាច្រើនបានសម្តែងការភ្ញាក់ផ្អើល និងសម្តែងការហួសចិត្ត ត្បិតអ្នកនាងគឺជាតារាចម្រៀងល្បីប្រចាំប្រទេសមួយរូបតែបើជាត្រូវគេទុកចោល មិនហៅច្រៀងនៅក្នុងកម្មវិធីថ្នាក់ជាតិធំៗទៅវិញ។

យ៉ាងណាបើតាមការឆ្លើយឆ្លងរបស់អ្នកនាង ម៉េង កែវពេជ្ជតា ជាមួយមហាជនតាមរយះការខំមិនពីក្រោមនោះតារាចម្រៀងរូបនេះបានលើកឡើងថា បើថាបងជាសិល្បៈដែលមហាជនលែងត្រូវការក៏មិនមែន បើថាបងមិនដែលធ្វើសម្បទានចូលរួមដោយស្ម័គ្រចិត្តក៏មិនមែន បើថាបងចូលរួមហើយទាមទារលុយច្រើនខុសពីកម្មវិធីអោយក៏មិនមែន គឺបើគេឲ្យប៉ុន្មានក៏បងយកប៉ុណ្ណឹង ដូច្នេះអ្វីដែលជាចម្លើយ គឺនៅនឹងមហាជន។

អ្នកនាងបន្ថែមថា កាលពីមុននៅពេលក្រីក្រ កម្មវិធីរខេករខាក ចេះហៅយើងយកទៅអំពាវនាវហៅមហាជនអោយចូលរួម ដូចជាអង្គាសលុយមូលនិធិជួយជនក្រីក្រ ជនពិការ និងកម្មវិធីអត់លុយផ្សេងៗបាន ចុះដល់ពេលសេដ្ឋកិច្ចដើរ កម្មវិធីមួយៗចាយលុយខ្ទង់សែនដុល្លារ បែរជាលែងហៅទៅវិញ ទាំងដែលខ្ញុំនៅធ្វើបាននៅឡើយ តើនេះជាអ្វីឲ្យប្រាកដ ? តើខ្ញុំខុសអី ?៕ រក្សាសិទ្ធដោយ ៖ សំណាង SV







