Friday, April 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន កាន់តែសង័្សយខ្លាំងឡើង ទៅលើបាឡុងចារកម្មរបស់ចិន

រាជធានីតូក្យូ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ក្រសួងការពារជាតិជប៉ុន កាន់តែមានការព្រួយបារម្ភ និង ដាក់ការសង័្សយ កាន់តែខ្លាំងឡើង ទៅលើបាឡុងចារកម្មរបស់ចិន ដែលហោះទៅលើដែនអាកាសរបស់ខ្លួន។

បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ ថា វត្ថុចំនួន៣ បានហោះទៅលើដែនអាកាសរបស់ខ្លួន ចន្លោះពីឆ្នាំ២០១៩ ដល់២០២១ ដោយមានការសង័្សយ ទៅលើបាឡុងឈ្លបយកការណ៍របស់ចិន។ ជាមួយគ្នានេះ ជប៉ុន កំពុងតែវាយតម្លៃឲ្យបានច្បាស់លាស់បំផុត សម្រាប់វត្ថុដែលមិនស្គាល់អត្តសញ្ញាណពីមុនមកនោះ។

ក្រសួងការពារជាតិជប៉ុន បានសរសេរ នៅលើគេហទំព័ររបស់ខ្លួន កាលពីល្ងាច ថ្ងៃអង្គារ ថា រដ្ឋាភិបាល កំពុងតែស្វែងរកការបញ្ជាក់ពីប្រទេសចិន ហើយបានជំរុញមិនឲ្យមានឧប្បត្តិហេតុបែបនេះកើតឡើងវិញទៀតឡើយ។ ការលុកលុយ មកលើដែនអាកាសបែបនេះ បានកើតឡើង នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩, នៅខែមិថុនា ឆ្នាំ២០២០ និង នៅខែកញ្ញា ឆ្នាំ២០២១ ហើយសកម្មភាពបែបនេះ មិនអាចទទួលយកបាននោះទេ។

លោក វ៉ាង វេនប៊ីន (Wang Wenbin) អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានបញ្ជាក់ នៅក្នុងសន្និសីទមួយ ថា «យើងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះយុទ្ធនាការលាបពណ៌របស់ភាគីជប៉ុន ប្រឆាំងនឹងប្រទេសចិន នៅក្នុងករណីគ្មានភស្តុតាងច្បាស់លាស់»។

ការចោទប្រកាន់របស់ជប៉ុន បានធ្វើឡើង ក្រោយពេលមានបាឡុងរយៈកម្ពស់ខ្ពស់ ដែនសង័្សយជាយានចារកម្មរបស់ចិន បានហោះហើរ ឆ្លងកាត់ទ្វីបអាមេរិក កាលពីដើមខែកុម្ភៈនេះ។

ក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានអះអាងថា បាឡុងដែលត្រូវបានបាញ់ទម្លាក់ ដោយយន្តហោះចម្បាំងបំបាំងកាយ F-22 របស់កងទ័ពអាកាសអាមេរិក នៅឯឆ្នេរសមុទ្រ ភាគខាងកើត រដ្ឋ Carolinas គឺជាផ្នែកមួយ នៃកម្មវិធីឃ្លាំមើលយោធាដ៏ធំមួយរបស់ប្រទេសចិន ដែលបានធ្វើបេសកកម្មយ៉ាងហោចណាស់រាប់សិបគ្រឿង នៅលើទ្វីបទាំងប្រាំ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ។

ទោះជាយ៉ាងណា ចិន នៅតែអះអាង ថា បាឡុងរបស់ខ្លួន ជាយានស៊ីវិល សម្រាប់ស្រាវជ្រាវអាកាសធាតុ។ លើសពីនេះ អ្នកនាំពាក្យ ក្រសួងការបរទេសចិនរូបនេះ បានចោទប្រកាន់ក្រុងតូក្យូ កំពុងតែបោះជំហានទៅជាមួយនឹងក្រុងវ៉ាស៊ីនតោន ជាមួយនឹងការចោទប្រកាន់ថ្មីៗមកលើប្រទេសចិន។ ជប៉ុន គួរតែរក្សាគោលជំហរ មិនលម្អៀង និង ឈប់ធ្វើតាមសហរដ្ឋអាមេរិក ដោយចូលរួមក្នុងការចោទប្រកាន់ ដោយចេតនា ប្រឆាំងនឹងចិន។

ដោយឡែក ក្រសួងការពារជាតិជប៉ុន បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ថា ជប៉ុន នឹងខិតខំប្រមូលភស្ដុតាង និង តាមដានពីបាឡុងណាដែលហោះចូលដែនអាកាសរបស់ប្រទេសជប៉ុន ដោយគ្មានការអនុញ្ញាត។ នៅពេលមានសំណួរចោទសួរថា តើយន្តហោះរបស់កងកម្លាំងស្វ័យការពារដែនអាកាសរបស់ជប៉ុន នឹងបាញ់ទម្លាក់បាឡុង ដែលមិនមានការអនុញ្ញាតឬ យ៉ាងណានោះ? រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក យ៉ាស៊ូកាហ្ស៊ូ ហាម៉ាដា (Yasukazu Hamada) បានបញ្ជាក់ ថា សកម្មភាពបែបនេះអាចនឹងបាញ់ទម្លាក់។ ចំណែកវិធានការចាំបាច់ អាចនឹងត្រូវធ្វើឡើង ខណៈចាត់ទុកថា វាជាការចាំបាច់ សម្រាប់ការពារអាយុជីវិត និង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជប៉ុន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×