រាជធានីគួឡាឡាំពួ៖ នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី បានប្រកាស អំពីការរំលាយសភាចោល ហើយការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រអាស៊ានមួយនេះ ក៏ជាការត្រួសត្រាយផ្លូវ សម្រាប់នាំឲ្យមានការបោះឆ្នោតជាថ្មី នៅមុនដំណាច់ឆ្នាំ២០២២នេះ។
សារព័ត៌មានសិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១០ ខែតុលា ថា លោក អ៊ីស្មេល សាប៊្រី យ៉ាអាកូប (Ismail Sabri Yaakob) បានប្រកាស កាលពីថ្ងៃចន្ទ ថា រដ្ឋសភា នឹងត្រូវរំសាយចោល ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការបោះឆ្នោតជាតិ នឹងត្រូវធ្វើឡើង នៅមុនដំណាច់ឆ្នាំនេះ។
ថ្លែងក្នុងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍ជាតិ កាលពីវេលាម៉ោង៣រសៀល ថ្ងៃចន្ទ លោក Ismail Sabri បានបញ្ជាក់ ថា កាលពីថ្ងៃអាទិត្យ គាត់បានស្វែងរកការយល់ព្រម ពីព្រះមហាក្សត្រ ដើម្បីរំលាយសភា ហើយសំណើរបស់គាត់ ក៏ត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ី សព្វព្រះរាជហឫទ័យ ព្រមទទួលយកផងដែរ។
លោកនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី បានបញ្ជាក់ ថា «ខ្ញុំសូមលើកទឹកចិត្តដល់រដ្ឋាភិបាល នៅតាមរដ្ឋទាំងអស់ លើកលែងតែរដ្ឋាភិបាលរដ្ឋសាប៉ាហ៍ (Sabah), សារ៉ាវ៉ាក (Sarawak), ចូហ័រ (Johor) និង ម៉ាឡាកា (Melaka) ឱ្យរំលាយសភារដ្ឋរៀងៗខ្លួន តាមកាលបរិច្ឆេទដូចគ្នា ជាមួយនឹងការបោះឆ្នោតសកល នៅតាមកម្រិតសហព័ន្ធន៍ បើទោះបីជារដ្ឋមួយចំនួន មិនបានសម្រេចចិត្ត រំលាយសភាក៏ដោយ»។
លោកនាយករដ្ឋមន្រ្ដី បានបន្ថែម ថា «វាពិតជាការប្រសើរខ្លាំងណាស់ សម្រាប់ការបោះឆ្នោតនៅតាមរដ្ឋ និង ការបោះឆ្នោតជាតិ ដែលត្រូវធ្វើឡើង នៅក្នុងពេលតែមួយ ដើម្បីកុំឱ្យប្រជាជនមានការលំបាក ហើយក៏ដើម្បីធានាថា ដំណើរការលទ្ធិប្រជាធិបតេយ្យ ប្រព្រឹត្ដទៅយ៉ាងរលូន និង កាត់បន្ថយលើការចំណាយរបស់រដ្ឋ និង ប្រជាជនបន្ថែមទៀតផងដែរ»។
លោកនាយករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ ថា កាលបរិច្ឆេទកំណត់ សម្រាប់ការកំណត់ថ្ងៃបោះឆ្នោត និង បញ្ហាពាក់ព័ន្ធផ្សេងៗទៀត នឹងត្រូវកំណត់ ដោយគណៈកម្មការរៀបចំការបោះឆ្នោតជាតិម៉ាឡេស៊ី។ ជាមួយនឹងការប្រកាសនេះ អំណាច ត្រូវប្រគល់ជូនទៅប្រជាពលរដ្ឋម៉ាឡេស៊ី វិញ ព្រោះអំណាចរបស់ប្រជាជន ជាថ្នាំបន្សាបដ៏មានឥទ្ធិពល សម្រាប់ប្រទេសជាតិ ដើម្បីសម្រេចបាននូវស្ថិរភាពនយោបាយ និង បង្កើតរដ្ឋាភិបាលដ៏រឹងមាំ ស្ថិរភាព និង គួរឲ្យគោរព ក្រោយការបោះឆ្នោត»។
នៅក្នុងសេចក្ដីថ្លែងការណ៍ដ៏ខ្លីមួយ ក្រោយការប្រកាសរបស់លោក Ismail Sabri កាលពីថ្ងៃចន្ទ នោះ វិមានរដ្ឋាភិបាល បានបញ្ជាក់ ថា ព្រះមហាក្សត្រម៉ាឡេស៊ី មិនមានជម្រើសអ្វីក្រៅតែពីយល់ព្រម តាមសំណើរបស់នាយករដ្ឋមន្ត្រី នៅក្នុងការប្រគល់អំណាច ជូនមកប្រជាជនវិញ»។
ជាមួយគ្នានេះដែរ ព្រះមហាក្សត្រម៉ាឡេស៊ី ក៏បានបង្ហាញនូវព្រះហឫទ័យខកចិត្ត ចំពោះការវិវឌ្ឍន៍ស្ថានការណ៍នយោបាយ នាពេលបច្ចុប្បន្ន ហើយព្រះអង្គ មានព្រះរាជបន្ទូល ថា ព្រះអង្គសង្ឃឹម ថា គណៈកម្មការរៀបចំការបោះឆ្នោតម៉ាឡេស៊ី នឹងរៀបចំការបោះឆ្នោតនេះ ឱ្យបានឆាប់ តាមអ្វីដែលអាចធ្វើទៅបាន។
ក្រោយការប្រកាសរបស់នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី រួចមក គេមានការមានការរំពឹងទុកយ៉ាងខ្លាំង អំពីការរំលាយសភា ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការបោះឆ្នោតសកលលើកទី១៥ (GE15)។
រដ្ឋាភិបាលរបស់លោក Ismail Sabri កាលពីថ្ងៃសុក្រ សប្តាហ៍មុន បានបង្ហាញ ពីថវិកា ចំនួន ៣៧២,៣ពាន់លានរីងហ្គីត (លុយម៉ាឡេស៊ី) ឬស្មើនឹងប្រហែល ៨០,០៦ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ២០២៣ ចំពេលបរិយាកាសពិភពលោក ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ហើយគេរំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសអាស៊ានមួយនេះ នឹងមានកំណើនយឺត ខណៈកញ្ចប់ថវិកាចំណាយដ៏ធំបំផុត សម្រាប់ឆ្នាំសារពើពន្ធ ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសម៉ាឡេស៊ី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី




















