ភ្នំពេញ ៖ អ្នកនាង ជូលី ហឿង (Julie Hoeung) ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ ប្រេនល្បីមួយ ហើយស្លៀកពាក់ស៊ិចស៊ីឡើងបំពាក់មកុដដល់ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាស់ជ័យលាភី Miss Grand Cambodia 2022 កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នោះ បានរក្សារជំហរ ព្រមានប្ដឹងអ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់ លោក គួច ខេវិន ឡើងតុលាការ ហើយនាងថា អ្នកណាហ៊ានប្រមាថលើនាងទៀតនោះគឺ ប្ដឹងទាំងអស់តែម្ដង ទោះជាមួយប្រទេសក៍នាងហ៊ានដែរ ព្រោះនាងហ៊ាននិយាយហ៊ានធ្វើ។
អ្នកនាង ជូលី ហឿង (Jullie Hoeung) ផ្ដាំទៅមលោក គួច ខេវិន ថា ចាំជួបគ្នានៅតុលាការជូនជាពិសេសទៅ លោក ខេវិន ។

ប្រតិកម្មរបស់នាង ជូលី ហឿង (Julie Hoeung) នៅពេលនេះ ក្រោយមានមហាជនជាច្រើនមិនពេញចិត្តចំពោះកម្មវិធីប្រលង Miss Grand Cambodia 2022 ដែលនៅវគ្គខ្លះពួកគេមើលឃើញថា ការស្លៀកពាក់បង្ហាញភាពសិចស៊ីជ្រុលហួសហេតុពេក ដែលអាចជះឥទ្ធិពលអាក្រក់ប៉ះពាល់ទៅដល់ប្រពៃណីដ៍ល្អផូរផង់របស់នារីខ្មែរ។
ឃើញសកម្មភាពបែបនេះ ទើបកាលពីថ្ងៃទី៣១ ខែវសីហា ឆ្នាំ២០២២ អតីតអគ្គនាយករងប៉ុស្ដិ៍ទូរទស្សន៍ CTN , អាស៊ីអាគ្នេហ៍ និង ETV លោក គួច ខេវិន បានចេញសារថា ”រស់នៅសង្គមប្រជាធិបតេយ្យពិតជាមានសេរីភាពយ៉ាងពេញបរិបូរណ៍ រហូតពេលខ្លះវាហូរហៀរទៅជាអនាធិបតេយ្យទៅវិញ ក៏មិនដឹង? តួយ៉ាងដូចជា ការប្រកួតប្រជែងជ្រើសរើស Miss Grand (សុភាពនារីថ្លៃថ្នូរប្រកបដោយកិត្តិគុណ) តែវាទៅជាវង្វេងវង្វាន់ដូចជាការជ្រើសរើស ស្រីសោភិនី ឬនារីពេស្យាទៅវិញ? ព្រោះវាមើលទៅដូចជាអាសអាភាសហួសហេតុពេក គឺឃើញហើយក្ដៅសាច់ រត់ទៅបន្ទោបង់៣ដង នៅតែមិនទាន់បាត់ខ្ពើម ខ្លៀកគគ្រិច ចេញក្រលៀន កាន់ស្នឹមរបស់មីនាងៗហ្នឹង លែងចង់ស៊ីបាយម៉ាអាទិត្យ?

តើកូនចៅអ្នកណា ខ្ញុំសែនអនិច្ចា ជីដូនជីតានាងៗណាស់ មិនគូយកកេរ្ដិ៍ខ្មាសមកឲ្យពួកនាងៗជាន់បន្ថោកបែបនេះសោះ?! ចូរនាងទាំងហងអើយ គិតផងចុះថា មានសុភាពនារីខ្មែរច្រើនអនេក ដែលស្អាតទាំងរូប ល្អទាំង ចរិយា ជាបញ្ចពិធកល្យាណី តែគេមិនមកចូលប្រជែងជាមួយនាងទេ ព្រោះគេមិនឲ្យប្រឡាក់ កិត្តិស័ព្ទរបស់នារីខ្មែរជាមួយពួកនាងៗ!យល់?”។
ក្រោយមានការលើកឡើងរបស់ លោក គួច ខេវិន បែបនេះ មានអ្នកចូលទៅខម្មិនគាំទ្រលោកជាបន្ដបន្ទាប់ ប៉ុន្ដែនាង ជូលី ហឿង (Julie Hoeung) មិនដកថយគម្រោងប្ដឹង លោក ខេវិន ឡើយ ខណៈដែលកាលពី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានណែនាំឲ្យ លោក ជំទាវភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យឡើងវិញពីការប្រលងបវរ កញ្ញា (Miss Grand ) ដោយសម្ដេចមានប្រសាសន៍ថា តំណាងក្រុងបាវិត និងប៉ោយប៉ែត សុទ្ធតែជាល្បែង ហើយតំណាងស្ទឹងត្រែង គេទាត់ចោល ហើយអ្វីដែលសំខាន់គឺស្រែកពេញទឹកពេញដី, សម្ដេចតេជោ ហ៊ុនសែន ថា មតិមហាជនសម្ដែងនូវការ សោកស្ដាយរឿងនេះ ហើយត្រូវតែធ្វើការកែតម្រូវ។
អ្នករៀបចំកម្មវិធី Miss Grand Cambodia 2022 ដែលមាន លោក អ៉ិន សុភិន ជាថៅកែ ផលិតកម្មមហាហង្ស ទៅប្រជុំ និងបានចេញ សេចក្ដីថ្លែងការណ៍រួមមួយ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ដោយផលិតកម្មមហាហង្សបានធ្វើការសុំទោស ចំពោះសាធារណជនទាំងអស់ ចំពោះកំហុសឆ្គងរបស់ខ្លួនពីកម្មវិធី Miss Grand Cambodia 2022 ហើយសន្យាថា នឹងបង្កើនកិច្ចសហការណ៍ ចំពោះព្រឹត្ដិការណ៍វប្បធម៌នានានៅលើកក្រោយៗ។
ដោយឡែក លោក គួច ខេវិន បានចេញសារថែមទៀតកាលពី ថ្ងៃទី២ កញ្ញា ថា ” តើគេអាចរុះផ្ទះមួយដើម្បីដុតចម្អិនពងមាន់ពីរ បីគ្រាប់សម្រាប់ចម្អែតក្រពះមនុស្សពីរ បីនាក់បានទេ? យ៉ាងណាមិញ តើគេអាចដុតបំផ្លាញជាន់ពន្លិចវប្បធ៌ម ប្រពៃណីដ៏ល្អផូរផង់របស់នារីខ្មែរ ដើម្បីតែរបររកស៊ី និងភាពល្បីរបស់មនុស្សម្នាក់ ពីរនាក់ នោះបានឬទេ?! យកប្រការនេះមកផ្ទៀងផ្ទាត់នឹងកម្មវិធី Miss Grand Cambodia ដែលពោរពេញទៅដោយ comment ប្រទេចបណ្ដាសារ ពីសំណាក់មហាជន ជាពិសេសនារីខ្មែររាប់ម៉ឺន សែននាក់ ទាំងនៅក្នុង និងក្រៅប្រទេស នោះ វានឹងឃើញថា គួរ ឬមិនគួរ វាខុស ឬមិនខុស , វាជាការប្រមាថ ឬមិនប្រមាថ វាបំផ្លាញ ឬមិនបំផ្លាញ ?។

ទាក់ទងនឹងកម្មវិធី Miss Grand Cambodia 2022 នេះដែរ មហាជនលើកឡើងជាសំណួរថា ÷
១- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថា អ្នកខុស គឺ អ្នកចាត់ចែង និងដឹកនាំ, ហើយបញ្ជាឲ្យក្រសួងពាក់ព័ន្ធចាត់វិធានការ ក៏ប៉ុន្តែរហូតមកដល់ថ្មើរណេះ មហាជនដែលខឹងសម្បា នៅមិនទាន់ឃើញការសុំទោស ការទទួលទោស ណាមួយយកជាបានការពីសំណាក់ អ្នកចាត់ចែង ដឹកនាំនោះនៅឡើយ ។ តួយ៉ាងរដ្ឋបាលខេត្តស្ទឹងត្រែង ស្នើឲ្យសុំទោសជាសាធារណៈ គេបែរជាសរសេរ ក្រឡេះបេះថា “សោកស្តាយ ” ដែលមហាជនខ្មែរទទួលយកមិនបាន !។
២- តើក្រសួងពាក់ព័ន្ធ ដែលបានអនុញ្ញាត ឬមិនត្រូវបានគេសុំការអនុញ្ញាត អំពីកម្មវិធី Miss Grand ដែលមហាជនខ្មែរក្តៅក្រហាយនេះ បានចាត់ការតាមនីតិវិធីណាខ្លះហើយ? គួរតែផ្សព្វផ្សាយឲ្យសាធារណជន មហាជន បានដឹង បានអស់ចិត្ត នេះជាកាតព្វកិច្ចក្រសួង និងជាសំណងផ្លូវចិត្តដល់នារីខ្មែរគ្រប់រូប មិនចំពោះតែខេត្តស្ទឹងត្រែងប៉ុណ្ណោះទេ។
៣- តើអ្នកដឹកនាំ អ្នកចាត់ចែង (VIP Sponsor) ត្រូវកែតម្រូវកំហុសយ៉ាងដូចម៉្តេច?! មិនមែនធ្វើខុសហើយបែរជាព្រមានប្តឹងមហាជននោះឡើយ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម















