Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីអង្គភាពមានការច្របាច់បញ្ចូល ត្រូវបានកែសម្រួល ឬលុបចេញ តើមន្ត្រីអាចនឹងត្រូវបានរៀបចំដូចម្តេច?

ក្រោយពីរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន»​ ជាបន្តបន្ទាប់មក បានបង្ហាញថា រចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នទាំងនោះ ពុំមានក្រសួង ស្ថាប័នណាមួយមានការពង្រីករចនាសម្ព័ន្ធនោះទេ តែថែមទាំងបានកាត់បន្ថយអគ្គនាយកដ្ឋាន និងនាយកដ្ឋានបន្ថែមទៀត ឱ្យស្របតាមអភិក្រម «រៀបចំផ្ទះឱ្យបានរៀបរយ» និង «ពង្រឹងជាជាងពង្រីក»។

ការរៀបចំរចនាសម្ព័ន្ធ ត្រូវបានគិតគូរដោយផ្អែកលើការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដើម្បីរក្សានូវអត្ថប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) បានរៀបចំសេចក្ដីព្រាងសេចក្តីណែនាំស្តីពី «ការតែងតាំងឡើងវិញមន្ត្រីរាជការ និងការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» សម្រាប់ការអនុវត្តក្នុងការរៀបចំតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល ក្នុងមុខតំណែងគ្រប់គ្រង និងថ្នាក់ប្រហាក់ប្រហែលទៅតាមរចនាសម្ព័ន្ធថ្មី។

ក្នុងដំណាក់កាលគិតគូរចុងក្រោយលើសេចក្តីព្រាងសេចក្តីណែនាំ ​ ស្តីពី ការតែងតាំងឡើងវិញមន្ត្រីរាជការ និងការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មីនេះ បានចែងថា មន្ត្រីរាជការស៊ីវិលដែលត្រូវបានប៉ះពាល់ដោយការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធថ្មី ត្រូវរក្សាទុកអត្ថប្រយោជន៍ផ្នែកបៀវត្សយ៉ាងហោចក្នុងកម្រិតដដែល រួមមាន៖
(១)ក្នុងករណីដែលមានការរៀបចំកែសម្រួលរចនាសម្ព័ន្ធដោយលុប ឬបញ្ចូលអង្គភាពថ្នាក់អគ្គនាយកដ្ឋាន ឬថ្នាក់ប្រហាក់ប្រហែលពីរ ឬច្រើនទៅជាអង្គភាពតែមួយ ត្រូវរៀបចំកែសម្រួលភារកិច្ចរបស់អគ្គលេខាធិការ ឬអគ្គនាយក ឬអគ្គាធិការ ឬថ្នាក់ប្រហាក់ប្រហែល ដែលមិនទទួលបានការតែងតាំងឡើងវិញជាអគ្គលេខាធិការ ឬអគ្គនាយក ឬអគ្គាធិការ ឬថ្នាក់ប្រហាក់ប្រហែល ទៅជាអគ្គលេខាធិការរង ឬអគ្គនាយករង ឬអគ្គាធិការរង ឬថ្នាក់ប្រហាក់ប្រហែល ដោយរក្សាប្រាក់បំណាច់មុខងារជាអគ្គលេខាធិការ ឬអគ្គនាយក ឬអគ្គាធិការ ឬថ្នាក់ប្រហាក់ប្រហែល និងអត្ថប្រយោជន៍ផ្សេងទៀតនៅកម្រិតដដែល។

(២)ក្នុងករណីដែលមានការរៀបចំកែសម្រួលរចនាសម្ព័ន្ធដោយលុប ឬបញ្ចូលអង្គភាពថ្នាក់នាយកដ្ឋាន ឬថ្នាក់ប្រហាក់ប្រហែលពីរ ឬច្រើនទៅជាអង្គភាពតែមួយ មន្ត្រីរាជការស៊ីវិលដែលមិនត្រូវបានទទួលការតែងតាំងជាប្រធាននាយកដ្ឋានឡើងវិញ នឹងត្រូវពិនិត្យនិងរៀបចំការតែងតាំងផ្អែកលើជម្រើសមួយចំនួន ដោយលើកសំណើសុំតែងតាំងទៅក្នុងមុខតំណែងគ្រប់គ្រងថ្នាក់អគ្គលេខាធិការរង ឬអគ្គនាយករង ឬអគ្គាធិការរង ឬថ្នាក់ប្រហាក់ប្រហែល ដោយផ្អែកលើទំហំការងារ និងលក្ខណសម្បត្តិស័ក្តិសម ឬលើកសំណើសុំកែសម្រួលភារកិច្ចទៅក្នុងមុខតំណែងគ្រប់គ្រងថ្នាក់អនុប្រធាននាយកដ្ឋាន ឬអធិការរង ឬថ្នាក់ប្រហាក់ប្រហែល ដោយត្រូវរក្សាប្រាក់បំណាច់មុខងារជាប្រធាននាយកដ្ឋាន ឬអធិការ ឬថ្នាក់ប្រហាក់ប្រហែល និងអត្ថប្រយោជន៍ផ្សេងទៀតនៅកម្រិតដដែល។

(៣)ក្នុងករណីដែលមានការរៀបចំកែសម្រួលរចនាសម្ព័ន្ធដោយលុប ឬបញ្ចូលអង្គភាពថ្នាក់ការិយាល័យ ឬថ្នាក់ប្រហាក់ប្រហែលពីរ ឬច្រើនទៅជាអង្គភាពតែមួយ មន្ត្រីរាជការស៊ីវិលដែលមិនត្រូវបានទទួលការតែងតាំងជាប្រធានការិយាល័យ ឬថ្នាក់ប្រហាក់ប្រហែលឡើងវិញ នឹងត្រូវពិនិត្យ និងរៀបចំកែសម្រួលភារកិច្ចទៅក្នុងមុខតំណែងគ្រប់គ្រងថ្នាក់អនុប្រធានការិយាល័យ ឬថ្នាក់ប្រហាក់ប្រហែល និងអត្ថប្រយោជន៍ផ្សេងទៀតនៅកម្រិតដដែល។ រក្សាសិទ្ធដោយ៖សុទ្ធលី

×