ភ្នំពេញ ៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ពិនិត្យឡើងវិញអំពីរឿងបវរកញ្ញា នៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២២ នេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រសួងព័ត៌មាន និង ក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំជាមួយក្រុមហ៊ុន មហាហង្ស ពាក់ព័ន្ធនឹងរឿងកម្មវិធី Miss Grand Cambodia ។ កម្មវិធីមួយនេះ ថ្មីៗនេះ ទទួលរងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរ ពីសំណាក់អ្នកសិល្បៈ ក៏ដូចជាមហាជន ទៅលើឈុតសម្លៀកបំពាក់ដែលមានភាពសិចស៊ីជ្រុលហួសហេតុ។
កម្មវិធី Miss Grand Cambodia ដឹកនាំដោយ លោក អ៊ិន សុភិន ប្រធានក្រុមហ៊ុន មហាហង្ស ។
ទាក់ទិនទៅនឹងសកម្មភាពបែបនេះ កាលពីនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ កន្លងទៅសម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ពិនិត្យឡើងវិញអំពីរឿងបវរកញ្ញា ព្រមទាំងបញ្ជាក់ឱ្យដឹងថា ៖ ថ្ងៃក្រោយសូមឱ្យមើលរឿងហ្នឹងឡើងវិញតិច ខ្ញុំមិនថាខុសសត្រូវយ៉ាងម៉ិចទេ ក៏ប៉ុន្តែមតិមហាជនគឺសម្ដែងនូវការសោកស្ដាយ ត្រូវស្ដាប់សំឡេងនេះផង ហើយធ្វើការកែតម្រូវ។
សម្ដេចបានបន្តថា ៖ ក្មួយៗ ដែលជាអ្នកទៅសម្ដែងគឺពុំមានកំហុសទេ គឺឱ្យសម្ដែងយ៉ាងម៉ិច គឺសំដែងអ៊ីចឹង គេឱ្យស្លៀកអី ត្រូវស្លៀកតាមគេ បើមិនស្លៀកតាមគេវាមិនត្រូវស្តង់ដារប្រកួត អ៊ីចឹងមិនខុសក្មេងៗអ្នកទៅប្រកួតទេ វាខុសអ្នកចាត់ការ អ្នកដឹកនាំ។

ក្រសួងកិច្ចការនារី នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបានសំដែងនូវការសោកស្តាយ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះកម្មវិធីប្រកួតប្រជែងបវរកញ្ញា ក្នុងរូបភាពស៊ិចស៊ីជ្រុលហួសហេតុ បង្ហាញលក្ខណៈស្រើបស្រាល លេចលើលេចក្រោម ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី៣១ ខែសីហា។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា នាពេលកន្លងទៅថ្មីៗនេះ មានការកើនឡើងគួរឲ្យព្រួយបារម្ភ នៃការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន និងបណ្តាញសង្គម ដោយបង្ហាញឈុតឆាក សម្លៀកបំពាក់ មិនសមរម្យ ដែលដើរតួបង្ហាញដោយស្ត្រីខ្មែរ មួយចំនួនតូច ក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញា ក្នុងរូបភាពស៊ិចស៊ីជ្រុលហួសហេតុ បង្ហាញលក្ខណៈស្រើបស្រាល លេចលើលេចក្រោម ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ព្រមទាំងបង្ហាញនូវគំរូមិនល្អ សម្រាប់យុវជន យុវតី កុមារា កុមារី ជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ ដែលអាចយល់ច្រឡំលើទំនៀមទម្លាប់សម្លៀកបំពាក់ស្ត្រីខ្មែរ។
ក្រសួងកិច្ចការនារី សូមសំដែងនូវការសោកស្តាយ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះសកម្មភាពបែបនេះ ដែលមិនត្រឹមតែពុំបានរួមចំណែកលើកស្ទួយវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ផ្ទុយទៅវិញទង្វើទាំងនោះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ។
ក្រសួងសូមអំពាវនាវដោយទទូចដល់បុគ្គលដែលរៀបចំកម្មវិធីបែបនេះ សូមរក្សានូវសេចក្ដីថ្លៃថ្នូរក្នុងកម្មវិធីរបស់ខ្លួន តាមចរន្តដែលជ្រុលនិយម ប្រាសចាកពីវប្បធម៌ សីលធម៌ សេចក្ដីថ្លៃថ្នូររបស់ជាតិខ្មែរ និងមិនគួររៀបចំកម្មវិធីទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់អរិយធម៌ វប្បធម៌ជាតិ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ តាមគ្រប់រូបភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
ជាថ្មីម្តងទៀត ក្រសួងកិច្ចការនារី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសាធារណជនទាំងអស់ ដែលបានសំដែងការមិនពេញចិត្ត សំដៅរួមចំណែកការពារកិត្តិយស និងមុខមាត់របស់ប្រទេសជាតិ និងមានជំនឿយ៉ាងមុតមាំថាសាធារណជនទាំងអស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស នឹងបន្តចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវរាល់បាតុភាពអសកម្មទាំងឡាយ សំដៅលើកកម្ពស់សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ របស់ប្រជាជនខ្មែរ ព្រមទាំងរក្សាតម្លៃស្ត្រី និងគ្រួសារខ្មែរ ឲ្យកាន់តែល្អផូរផង់តទៅមុខទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី



