Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរចំនួន២០រូប ពីអ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា វត្ថុបុរាណខ្មែរចំនួន២០រូប ដែលទាមទារបានពីអ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញដោយជោគជ័យ។ ការប្រគល់មកវិញនៃវត្ថុទាំងនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀតតាមរយៈកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់កម្ពុជា ក្នុងការទាមទារ និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។ សមុច្ច័យដែលបានប្រគល់មកវិញមានលក្ខណៈចម្រុះ សាងពីថ្មភក់ និងសំរឹទ្ធ ដូចជា រូបបដិមាសម័យបាយ័ន ដែលគេជឿថាមានប្រភពដើមមកពីក្រុងអង្គរធំ។ សម្បត្តិវប្បធម៌ទាំងនេះមិនត្រឹមតែជាវត្ថុសិល្បៈទេ តែជាសាក្សីរស់ នៃបញ្ញាញាណរបស់បុព្វបុរស និងដួងព្រលឹងនៃអរិយធម៌ខ្មែរ ដែលនឹងផ្ដល់ការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជា។

ដំណើរការទាមទារនេះអាចសម្រេចទៅបាន ដោយមានការចូលរួមជ្រោមជ្រែងពីអ្នកជំនាញនៃក្រុមការងារ ស្រាវជ្រាវ ដែលបានផ្តល់ប្រឹក្សា និងរៀបចំការចរចា រហូតឈានដល់ការប្រគល់វត្ថុទាំងនេះមកកម្ពុជាវិញ។ បុគ្គលស្នូល ក្នុងកិច្ចការនេះ គឺលោក Imran Hamid Khwaja ជាដៃគូនៃក្រុមហ៊ុន Tan Rajah & Cheah ដែលជាក្រុមហ៊ុនច្បាប់ ដ៏ចំណាស់បំផុតមួយរបស់ប្រទេសសិង្ហបុរី និងជាមេធាវីដែលមានបទពិសោធន៍ទូលំទូលាយក្នុងការដោះស្រាយវិវាទ អន្តរជាតិ។ លោក Khwaja និងលោក Bradley J. Gordon នៃក្រុមហ៊ុន Edenbridge Asia បានដើរតួនាទី យ៉ាងសំខាន់ក្នុងការសហការ និងចរចាបញ្ជូនត្រឡប់មកវិញនៃរតនវត្ថុជាតិទាំងនេះ។
ការប្រគល់មកវិញនូវវត្ថុបុរាណទាំងនេះ សបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក យុត្តិធម៌ សម្រាប់បេតិកភណ្ឌវប្បធម៌របស់ខ្លួន។ កម្ពុជាមានក្តីរំភើបចំពោះការវិលត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរ មកកាន់មាតុភូមិកំណើត។ សមិទ្ធផលនេះ បានបញ្ជូនសារយ៉ាងច្បាស់ថា ប្រជាជនកម្ពុជាបន្តរួបរួមគ្នាជាធ្លុងមួយក្នុងការ ការពារមរតកវប្បធម៌របស់ខ្លួនសម្រាប់មនុស្សជាតិទាំងមូល។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងនយោបាយឈ្នះ-ឈ្នះ ដែល បាននាំមកនូវសុខសន្តិភាពពេញលេញ និងស្ថិរភាព ដែលបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ការស្វែងរក និងទាមទារ មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ដែលបានបាត់បង់ក្នុងសម័យសង្គ្រាម និងអសន្តិសុខក្នុងប្រទេស៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×