ភ្នំពេញ ៖ ការប្រកួត ខេមបូឌា អាយឌល បានបិទបញ្ចប់ហើយ ដោយរកឃើញម្ចាស់ពាន គឺ លីម តិចម៉េង ប៉ុន្តែសន្ទុះនៃការវែកញែកនៅតែមាន តាមបណ្តាញសង្កម ដោយអ្នកខ្លះមិនអស់ចិត្តពេល ស៊ឹម ច័ន្ទពន្លឺ ឡើងវគ្គ ៤រូប ចុងក្រោយ។
ទាំងនេះជាសមត្ថភាពរបស់បេក្ខជននីមួយៗ និងមានហ្វេនៗស្រឡាញ់រៀងៗខ្លួន, ទោះជាបេក្ខភាព ពន្លឺ ហាក់រងភាពអយុត្តិធម៌ តែគេក៏មានអ្នកស្រឡាញ់ដូចបេក្ខភាពមួយចំនួនទៀតដែរ។
លោក ណុប ប៉ាយ៉ារិទ្ឋ បានសរសេរខ្លឹមសារ សំខាន់ៗ នៅក្នុងបណ្តាញសង្គមថា «កុំប្រញាប់វាយតម្លៃ ឬទិតៀនអ្នកដទៃ ប្រសិនបើអ្នកខ្លួនឯងមិនទាន់ឥតខ្ចោះនៅឡើយ ហើយប្រើពេលដែលខំមើលបំណាំ ទិតៀនសើចចំអកអ្នកដទៃនោះ មកប្រឹងប្រែងចំពោះខ្លួនឯងវិញ វាមានប្រយោជន៍ជាង។

លោក ណុប ប៉ាយ៉ារិទ្ឋ និយាយថា អ្នកតិះដៀលគេ គឺត្រូវប្រឹងអោយដូចគ្នានឹងការដែលខ្លួនធ្វើទៅលើគេ ដោយយកការប្រឹងនោះមកអភិវឌ្ឍន៍ខ្លួនឯង នោះអ្នកនឹងដឹងថា កន្លងមកអ្នកខ្ជះខ្ជាយពេលវេលាប៉ុណ្ណា ប្រើការវិនិច្ឆ័យខ្លួនឯង មកធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងខ្លួនឯង ហើយជួសឈាមខ្លួនឯងថា នៅខ្វះខាតអ្វី? ត្រូវបំពេញអ្វី? ត្រូវកាត់បន្ថយអ្វី? ឬត្រូវលុបបំបាត់អ្វី? នោះអ្នកនឹងទទួលបាននៅការបំពេញបន្ថែម និងការកែប្រែដ៏មានសារៈប្រយោជន៍សម្រាប់ជីវិតរបស់អ្នក។
កម្លោះសង្ហា ស៊ឹម ច័ន្ទពន្លឺ វិញ តាំងពីមានរឿង និយាយថា សំឡេងមិនដល់កម្រិត មិនដែលតបតឡើយ លោកបានបង្ហោះសារយ៉ាងវែងមុននេះថា ខ្ញុំបាទ ស៊ីម ច័ន្ទពន្លឺ សូមលេីកម្រាមដៃ១០ សូមអរគុណដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ពុកម៉ែ បងប្អូនទូរទស្សនិកជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ ផ្ដល់សេចក្តីស្រលាញ់ ផ្តល់តម្លៃ និង ផ្តល់ទាំងកម្លាំងកាយចិត្ត មកដល់រូបខ្ញុំបាទ តាំងពីពេលចាប់ផ្តើម រហូតមកដល់ពេលនេះ។
កម្មវិធី CAMBODIAN IDOL SEASON 4 បានបញ្ចប់ជាស្ថាពរ សូមអរគុណ ដល់ ស្ថានីយទូរទស្សន៍ ហង្សមាស និង រស្មីហង្សមាស បានផ្តល់ឱកាសដ៏កម្រមួយនេះសម្រាប់រូបខ្ញុំបាទ។ ឱកាសឈរនៅលើឆាកដ៏អស្ចារ្យមួយនេះ ធ្វើឱ្យខ្ញុំរកឃើញនូវមិត្តភាពដ៏ល្អៗ និងធ្វើឱ្យខ្ញុំបាទបានរៀនសូត្រ និងទទួលនូវបទពិសោធន៍ជាច្រើន តាមរយៈការប្រឡងប្រជែងមួយនេះ។ សូមអរគុណដល់ Judges ទាំង ៤ នូវរាល់ដំបូន្មានដ៏ល្អៗ ការលើកទឹកចិត្ត និងសេចក្តីស្រឡាញ់ដល់រូបខ្ញុំបាទ។
សូមអរគុណដល់ក្រុមការងារទាំងអស់ ក៏ដូចជា Producer គ្រប់រូប នៅក្នុងកម្មវិធី ដែលតែងតែថែរក្សា ណែនាំ ផ្តល់នូវសេចក្តីស្រលាញ់ ភាពអនុគ្រោះដល់រូបខ្ញុំបាទ។
សូមអរគុណដល់ លោកគ្រូភ្លេង និងបងៗ Music instrument ទាំងអស់ ដែលតែងតែ នៅពីក្រោយ រួបរួម សហការគ្នា ធ្វើឱ្យការសម្តែងនីមួយៗ កាន់តែ អស្ចារ្យ។ ជា ចុងក្រោយ សូមអរគុណ ជាពិសេសដល់ សមាជិក Group លោកបងពេទ្យ Family ដែលតែងតែនៅក្បែរខ្ញុំ លោកបងធំម្នាក់នេះ ផ្តល់គ្រប់ទាំងសេចក្តីស្រលាញ់ និងការលើកទឹកចិត្ត។
តទៅ សង្ឃឹមថា ឈ្មោះ ស៊ឹម ច័ន្ទពន្លឺ ដែលមាននៅក្នុងវគ្គ ៤នាក់ ចុងក្រោយ នៃ Cambodian idol season 4 នឹងដក់ជាប់នៅក្នុងចិត្តរបស់បងប្អូនទាំងអស់គ្នា ។
ភាពរំជើបរំជូលបាន កើតឡើងយ៉ាងខ្លាំងលើ វេទិកាប្រឡងចម្រៀងខេមបូឌាអាយឌល រដូវកាលទី៤ ។ ចូលមកដល់វគ្គផ្សាយផ្ទាល់ សប្តាហ៍ ទី២ មក ការប្រឡងមួយនេះ ក្លាយជាវេទិកាវាយប្រហារគ្នា មានទាំងលើបេក្ខជន និង អ្នកគាំទ្របេក្ខជន។ តួយ៉ាង ស៊ឹម ច័ន្ទពន្លឺ បេក្ខជនមកពីខេត្តតាកែវ ហាក់ត្រូវបានដាក់សម្ពាធជាងគេពីទស្សនិកជនមួយចំនួន ទៅលើកម្រិតសំឡេង។ លោក ហាក់ទទួលបានការឌឺដង ចំអក ពេញបណ្តាញសង្គម ទាំងសាមីខ្លួនមិនធ្លាប់ស្រមៃ ហើយបែរជាវេទិកាប្រឡងនេះប្រែក្លាយជាការបំបាក់ស្មារតីស្មានមិនដល់ទៅវិញ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM















