ភ្នំពេញ ៖រឿន ណាត បាននឹងកំពុងត្រៀមខ្លួនវិលមកកាន់វេទិកាបវរកញ្ញាជាថ្មីឡើងវិញ ក្រោយពីតារារូបនេះធ្លាប់ធ្វើឲ្យទស្សនិកកម្ពុជាមានការកោតសសើរយ៉ាងខ្លាំង ក្នុងពេលដែលនាងក្លាយជាបវរកញ្ញាចក្រវាលកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិ។
អតីត បវរកញ្ញាចក្រវាល ២០១៨ កញ្ញា រឿន ណាត ធ្លាប់ជាបវរកញ្ញាដែលមានភាពលេចធ្លោខ្លាំងក្នុងចិត្តមហាជន ខណៈជាប់ជាម្ចាស់ជ័យលាភីគ្រងមកុដ និងបាននាំយកកម្ពុជាទៅបង្ហាញលើឆាកអន្តរជាតិកាលពីពេលកន្លងទៅ។

បច្ចុប្បន្ន ដ្បិតតែបវរកញ្ញារូបនេះ បានងាកទៅចាប់អាជីពជាតារាសម្ដែងក៏ពិតមែន ប៉ុន្តែនាងនៅតែមានវត្តមានជាបន្តបន្ទាប់ក្នុងវិស័យបវរកញ្ញា ដែលតែងឆក់បានការចាប់អារម្មណ៍ ក៏ដូចជាសរសើរចំពោះរូបសម្រស់របស់នាងបង្ហាញលើឆាកបវរកញ្ញាផ្សេងៗផងដែរ។
ដោយឡែក ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនហាក់ភ្ញាក់ផ្អើល និងរំភើបចិត្តខ្លាំងចំពោះ បវរកញ្ញារូបនេះ ក្រោយពីទទួលដំណឹងថានាងនឹងវិលត្រឡប់ក្នុងវិស័យបវរកញ្ញាជាថ្មី ដោយកំពុងត្រៀមខ្លួនតំណាងកម្ពុជា ទៅចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធីមួយ។ នេះបើតាមបណ្ដាញសង្គមរបស់ លោក ម៉ែន រ័ត្ននិមល អ្នកគ្រប់គ្រងស្ថាប័នបវរកញ្ញាចក្រវាលកម្ពុជាបានបង្ហោះ។

លោកបានសសេរថា ៖ «Congratulations to Rern Nat to represent Cambodia! Are you ready?»។
ចំណែក រឿន ណាត ផ្ទាល់ក៏បានបង្ហោះសារឆ្លើយតបថា នាងក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ ការចូលរួមប្រកួតប្រជែងផ្នែកសម្រស់នេះសារជាថ្មីនាពេលនេះ។
យ៉ាងណាគេនៅមិនទាន់ដឹងទេថា កម្មវិធីប្រកួតសម្រស់ដ៏ធំដែលនាងនឹងចូលរួមនោះមានឈ្មោះអ្វីនៅឡើយទេ ប៉ុន្តែគេរំពឹងថា រឿន ណាត នឹងអាចមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់សម្រាប់ឱកាសប្រកួតប្រជែងជាថ្មីនេះ។
ទោះជាយ៉ាងណក្រោយឮដំណឹងនេះ មហាជន ជាពិសេសអ្នកគាំទ្រ បានសម្ដែងការអបអរ និងបង្ហាញការគាំទ្រយ៉ាងពេញចំពោះរូបនាងក្នុងដំណើរលើវិថីបវរកញ្ញាជាថ្មីម្ដងទៀតនាពេលនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV








