ភ្នំពេញ ៖ នៅទីបំផុតតារាកំប្លែងនាយ ក្រូច បានសម្រេចដើរចេញពីស្ថានីយ៍ទូរទស្សន៍CTN ហើយទីដែលលោកធ្លាប់កសាងភាពល្បីល្បាញ ក្នុងអាជីពសិល្បៈប្រមាណជាង១០ឆ្នាំមកនេះ។ ការសម្រេចដើរចេញពីនាយ ក្រូច នាពេលនេះធ្វើឡើង បន្ទាប់ពីតារាកំប្លែង នាយ ពាក់ មី ដែលជាអ្នកកំប្លែងរួមក្រុមក៏បានសម្រេចលាឈប់ពី CTN ដូចគ្នា។
បើយោងតាមវីដេអូខ្លីមួយដែលបានបង្ហោះតាមហ្វេសប៊ុក នាយ ក្រូច បានលើកឡើងថា ថ្ងៃនេះជាថ្ងៃដែលខ្ញុំបានចាកចេញពីក្រុមហ៊ុន CBS ហើយ ហើយក៏ជាថ្ងៃដែលខ្ញុំមកបញ្ចប់កុងត្រាជាផ្លូវការនៅទីនេះដែរ។
លោកថា ប្រសិនបើខ្ញុំទៅទីណាទៀត ចាំបងប្អូនទស្សនាវីដេអូក្រោយទៀត ហើយថ្ងៃនេះដែរខ្ញុំបានយកកុងត្រា កាត និងស្លាកលេខចេញចូលCTN អោយគេវិញអស់ហើយ។

លោកបញ្ជាក់ថា លោកបានចុះហត្ថលេខាផ្តាច់កុងត្រាជាមួយCBS រួចហើយ ហើយលោកក៏ទទួលបានលិខិតបញ្ជាក់ការងារ ដែលបានបម្រើការនៅទីនេះ ប្រមាណជាង១០ឆ្នាំមកនេះ ដើម្បីរកការងារថ្មីធ្វើ។
យ៉ាងណា នាយ ក្រូច បានសម្តែងការអរគុណដល់CTN ដែលបានជួយឲ្យលោកមានភាពល្បីល្បាញលើវិថីសិល្បៈតាំងពីដើមរហូតដល់សព្វថ្ងៃនេះ ហើយបើមិនមានCTN លោកក៏មានថ្ងៃនេះដែរ។
នាយ ក្រូច និងនាយ ពាក់ មី និងតារារួមក្រុមមួយចំនួនទៀតបានសម្រេចដើរចេញពីស្ថានីយ៍ទូរទស្សន៍CTN បន្ទាប់ពីពួកគេហាក់សម្តែងការមិនសប្បាយចិត្ត ចំពោះការដឹកនាំថ្មីដែលជាជនជាតិឥណ្ឌា។
ការមិនពេញចិត្តនោះ ដោយសារជនជាតិបរទេសនោះ មានការរិតត្បិតខ្លាំងពេកសម្រាប់បុគ្កលិក ក្នុងពេលដែលពួកគេក៏បានទាមទារឲ្យថ្នាក់ដឹកនាំCTN ឲ្យមានការដោះស្រាយ មុនពេលពួកសម្រេចចិត្តចាកចេញនាពេលនេះ។

កន្លងមក នាយ ពាក់ មី បានធ្វើការប្រកាសជាសាធារណៈថា លោក និងតារាកំប្លែងរួមក្រុមដ៏ទៃទៀត និងដើរចេញពី CTN ប្រសិនបើគ្មានដំណោះស្រាយពីថ្នាក់ដឹកនាំ ចំពោះអ្នកដឹកនាំថ្មីជាជនជាតិបរទេស ដែលមានការរិតត្បិតការងារខ្លាំងពេក។
លោកក៏បានបញ្ជាក់ថា មិនមែនតែក្រុមកំប្លែងរូបលោកនោះទេដែលត្រូវដើរចេញ ដោយនៅក្នុងនោះក៏មានពិធីករល្បីៗ ផ្នែកកីឡាមួយចំនួន ក៏បានដើរចេញដូចគ្នា ខណៈពេលដែលលិខិតលាឈប់ពី CTN និងចេញជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV






