Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេក្ខភាពប្រឡងបវរកញ្ញចក្រវាទ្បកម្ពុជា ឆ្នាំ២០២២មួយរូប ចេញមុខបដិសេធរឿងមានគ្រួសារ

ភ្នំពេញ ៖ បេក្ខភាពប្រឡងបវរកញ្ញាចក្រវាទ្បកម្ពុជាឆ្នាំ២០២២កញ្ញា សុគន្ធ ចរិយា បានចេញមុខបដិសេធចំពោះការយល់ច្រឡំថា នាងមានស្វាមី និងមានកូនម្នាក់រួចហើយ មុនពេលចូលរួមការប្រកួតខាងលើនេះ។

ការចេញមុខបដិសេធពី សុគន្ធ ចរិយា នាពេលនេះបានធ្វើឡើង បន្ទាប់ពីបែកធ្លាយនូវវីដេអូឃ្លីបមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានបុរសម្នាក់ បានទៅតាមនាងដល់ទីតាំងប្រកួត និងបានអះអាងខ្លួនជាស្វាមី នាង និងមានកូនម្នាក់។

តាមរយៈវីដេអូនោះបានធ្វើអោយមហាជនសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបាននាំគ្នាវែកញែកជុំវិញបញ្ហានេះ ខណៈពេលមានអ្នកខ្លះបានបន្ទោសទៅលើអ្នករៀបចំ និងសាមីខ្លួនផ្ទាល់ថា បើមានគ្រួសារហើយមិនគួរមកប្រឡងឡើយ។
យ៉ាងណាជុំវិញការភ្ញាក់ផ្អើលខាងលើនេះ សុគន្ធ ចរិយា បានចេញមុខមកធ្វើការបកស្រាយ ដោយបានបដិសេធចោលទាំងស្រុងទៅលើការយល់ឃើញពីមហាជន។

សុគន្ធ ចរិយា បានអះអាងប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយថា តាមពិតអ្វីដែលមហាជនបានឃើញវីដេឃ្លីប ដែលមានបុរសម្នាក់អះអាងជាប្តីរបស់នាងនោះ គឺមិនមែនជាការពិតឡើយ។

នាងបញ្ជាក់ថា ទំនាក់ទំនងនាង និងបុរសរូបនោះត្រឹមជាសង្សារនឹងគ្នាប៉ុណ្ណោះ ដោយមិនបានរៀបការ ឬចុះអេតាស៊ីវិលជាមួយគ្នាឡើយ ចំណែករឿងមានកូននោះគឺមិនមានទេ។
នាងថា នាង និងបុរសរូបនោះបានទាក់ទងស្រឡាញ់ជាសង្សារបានមួយរយៈ ហើយក៏បានបែកបាក់គ្នាវិញ ហើយបុរសរូបនោះក៏ធ្លាប់មានគ្រួសារ និងកូនផងដែរ។

នាងបន្ថែមថា ករណីដែលបុរសខាងលើបានមករករឿងនាងដល់កន្លែងប្រកួតនោះ មិនមែនជាលើកទីមួយឡើយ ពោលកន្លងមកបុរសរូននោះ ក៏បានមករកនាង និងស្រែកឡូឡានៅកន្លែងដែលនាងតែងខ្លួន ។ ប៉ុន្តែពេលនោះដោយសារមានការជួយអន្តារគមន៍ ពីមនុស្សនៅទីនោះក៏បានស្ងប់ស្ងាត់ទៅវិញ។

សុគន្ធ ចរិយា បានលើកឡើងបន្ថែមថា ចំពោះបុរសខាងលើនេះ នាងមិនបានជាប់ពាក់ព័ន្ធអ្វីទៀតឡើយ ហើយនាងក៏មិនអាចវិលទៅរកបុរសនេះទៀតដែរ ដោយសារគាត់បានប្រើអំពើហិ.ង្សាមកលើរូបនាង និងក្រុមគ្រួសាររបស់នាងផងដែរ។

យ៉ាងណា បើតាម សុគន្ធ ចរិយា ប្រសិនបើបុរសខាងលើនេះ នៅតែធ្វើទង្វើបែបនេះបន្តទៀត នាងនឹងចាត់វិធានការតាមផ្លូវច្បាប់ ព្រោះនាងមានភស្តុតាងគ្រប់គ្រប់។

ទោះជាយ៉ាងណា នាងបានស្នើឲ្យមហាជនឈប់មានការយល់ច្រឡំរូបនាង ទៅលើបញ្ហាខាងលើនេះបន្តទៀត ខណៈពេលនាងនឹងធ្វើការបកស្រាយលម្អិត ពាក់ព័ន្ធរឿងនេះ នៅពេលដែលនាងប្រឡងចប់សព្វគ្រប់៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×