Wednesday, July 13, 2022

អាជ្ញាធរជាតិអប្សរា កំណាយស្រាវជ្រាវ សិក្សារចនាសម្ពន្ធគ្រឹះ ប្រាសាទព្រហ្មកិល មុននឹងឈានដល់ការជួសជុល

សៀមរាប ៖ ប្រាសាទព្រហ្មកិល ជាហោសម្រាប់មនុស្សបន់ស្រន់ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង៤ ជុំវិញក្រុងអង្គរធំ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វ. ទី១២ នៃ គ.ស.។ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានធ្វើកំណាយសិក្សាស្រាវជ្រាវ ពីរចនាសម្ពន្ធគ្រឹះប្រាសាទព្រហ្មកិល មុននឹងឈានដល់ការជួសជុល លើកតម្លៃប្រាសាទនេះឡើងវិញ។

លោក ភឹង តារា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការកំណាយស្រាវជ្រាវនេះ ដើម្បីសិក្សាពីគ្រឹះរចនាសម្ពន្ធ របស់ប្រាសាទព្រហ្មកិលទាំងមូល។ ក្នុងកិច្ចការធ្វើកំណាយនេះ ក្រុមការងារបានកំណាយចំនួនបីរណ្តៅផ្សេងគ្នា ដោយរណ្តៅទី១ កំណាយសិក្សាស្រាវជ្រាវរចនាសម្ពន្ធខ្លោងទ្វារទី១ចូលប្រាសាទ ទាក់ទងនឹងស្រះទឹកស្ថិតនៅទិសឦសាន ហើយណ្តៅទី២ កំណាយសិក្សាស្រាវជ្រាវរចនាសម្ពន្ធបណ្ណាល័យ ទាក់ទងជាមួយនឹងកំពែងទី១របស់ប្រាសាទ ចំណែករណ្តៅទី៣ កំណាយស្រាវជ្រាវគ្រឹះតួប៉មប្រាសាទ។

បុរាណវិទូរូបនេះបន្តទៀតថា កំណាយស្រាវជ្រាវគ្រឹះប្រាសាទព្រហ្មកិលនេះបង្ហាញថា គ្រឹះខ្លោងទ្វារទី១ ហើយនិងគ្រឹះកំពែងទី១ រួមនឹងគ្រឹះអគារបណ្ណាល័យផងគឺនៅល្អ ចំណែកគ្រឹះតួប៉មប្រាសាទ ហាក់ដូចជាស្រុត (ខ្សោយ) ហេតុដូចនេះហើយ ដែលធ្វើឱ្យផ្នែកតួប៉ម នៅទិសនិរតីរលំ។

សូមបញ្ជាក់ថា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានធ្វើកំណាយស្រាវជ្រាវ នៅប្រាសាទព្រហ្មកិល ចាប់តាំងពីខែតុលា ឆ្នាំ២០២១ ដែលគ្រោងនឹងបញ្ចប់ នៅក្នុងដើមខែកុម្ភៈ ឆ្នាំ២០២២នេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី