Wednesday, July 13, 2022

អាជ្ញាធរប្រទេសហ្វាំងឡង់ ព្រមានពីការលួចយកគណនីហ្វេសប៊ុកតាមរយៈការផ្ញើសារ Messenger

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរប្រទេសហ្វាំងឡង់បានធ្វើការព្រមាន ឱ្យពលរដ្ឋរបស់ពួកគេមានការប្រុងប្រយ័ត្ន ជាមួយនឹងការបោកបញ្ឆោត តាមរយៈការផ្ញើសារ ដោយក្លែងបន្លំធ្វើជាមិត្តភ័ក្តិ ដើម្បីលួចយកគណនីហ្វេសប៊ុក។ នេះបើតាមការផ្សាយព័ត៌មាន របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២ខែកុម្ភៈនេះ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តទៀតថា ទាក់ទងនឹងការបោកបញ្ឆោតនេះ ជាដំបូងជនខិលខូចបានផ្ញើសារតាមរយៈកម្មវិធី Messenger ស្នើសុំឱ្យជនរងគ្រោះផ្ដល់នូវលេខទូរសព្ទដើម្បីចុះឈ្មោះឈ្នះរង្វាន់ធំៗ បន្ទាប់មកពួកគេបានប្រាប់ឱ្យជនរងគ្រោះផ្ដល់នូវកូដសម្ងាត់ OTP ដើម្បីបញ្ជាក់ពីការចុះឈ្មោះ។ នៅពេលដែលជនខិលខូចបានទទួលនូវលេខទូរសព្ទនិងលេខកូដសម្ងាត់ ពួកគេនឹងចូលទៅក្នុងគណនីហ្វេសប៊ុកហើយធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ និងអុីម៉ែល ដើម្បីគ្រប់គ្រងគណនីរបស់ជនរងគ្រោះ។ ជាងនេះទៅទៀត ពួកគេនឹងប្រើគណនីទាំងនោះដើម្បីផ្ញើសារទៅមិត្តភ័ក្តិដែលមាននៅក្នុងគណនីដើម្បីបន្តធ្វើការបោកបញ្ឆោត។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ក៏ដូចជាគណនីអនឡាញដទៃទៀត អ្នកប្រើប្រាស់ត្រូវតែមានការប្រុងប្រយ័ត្ន នៅពេលដែលទទួលបានសារ ទាមទារឱ្យផ្ដល់នូវលេខកូដសម្ងាត់ OTP ព្រោះក្រុមហ៊ុនភាគច្រើននឹងមិនផ្ញើសារទាមទារឱ្យអ្នកប្រើប្រាស់ផ្ដល់ នូវលេខកូដសម្ងាត់នេះទេ។ ប្រសិនបើលោកអ្នកទទួលបានសារ ដែលអះអាងថាជាបងប្អូនឬមិត្តភ័ក្តិ លោកអ្នកគួរតែធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទដោយផ្ទាល់ជាមុន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី