Tuesday, January 18, 2022

ក្រុមហ៊ុនបង្កើតកម្មវិធី Life360 បានលក់ទិន្នន័យ ទីតាំងជាក់លាក់ របស់អ្នកប្រើប្រាស់រាប់លាននាក់

ភ្នំពេញ ៖ Life360 គឺជាកម្មវិធីតាមដានដែលអាចដំឡើង បាននៅលើទូរសព្ទស្មាតហ្វូន ដែលមានប្រព័ន្ធប្រតិបត្តិការ iPhone និង Android ហើយដែលអ្នកប្រើប្រាស់រាប់លាននាក់ ចូលចិត្តប្រើដើម្បីអាចឱ្យសមាជិកគ្រួសារ ដឹងពីទីតាំងរបស់ពួកគេទៅវិញទៅមក។ នេះបើតាមការផ្សាយព័ត៌មានរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា កម្មវិធី Life360 ដែលមានអ្នកប្រើប្រាស់ចំនួនប្រមាណ ៣៣លាននាក់ទូទាំងពិភពលោក ត្រូវបានរកឃើញកាលពីពេលថ្មីៗនេះថា បានលក់ទិន្នន័យទីតាំងជាក់លាក់របស់អ្នកប្រើប្រាស់ ដែលរាប់បញ្ចូលទាំងទិន្នន័យទីតាំងរបស់កុមារផងនោះ ទៅឱ្យក្រុមហ៊ុនប្រមូលនិងចងក្រងទិន្នន័យទីតាំង ដែលបន្ទាប់មកពួកគេបានលក់ទិន្នន័យទាំងនោះ ទៅឱ្យក្រុមហ៊ុនជាច្រើនទៀត។ ទោះបីជា លក្ខខណ្ឌក្នុងការប្រើប្រាស់របស់កម្មវិធី Life360 បញ្ជាក់ថា “ទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់នឹងត្រូវបានលក់” ប៉ុន្តែអ្នកប្រើប្រាស់ភាគច្រើនប្រហែលជាមិនបានអានអំពីលក្ខខណ្ឌ ឬមិនបានដឹងអំពីរបៀបដែលទិន្នន័យ ត្រូវបានចែកចាយបន្ទាប់ពីវាផ្តល់ឱ្យទៅឈ្មួញកណ្តាល។

អតីតបុគ្គលិក Life360 ពីរនាក់បាននិយាយថា Life360 គឺជាប្រភពទិន្នន័យដ៏ធំបំផុតមួយនៅក្នុងការលក់ទិញទិន្នន័យទីតាំង ហើយពួកគេបានបង្ហាញពីការព្រួយបារម្ភ ចំពោះរបៀបដែលទិន្នន័យត្រូវបានប្រើប្រាស់ និងកង្វះខាតក្នុងការការពារទិន្នន័យ កុំឱ្យធ្លាក់ទៅលើដៃជនខិលខូច។ ជាងនេះទៅទៀតពួកគេក៏បានអះអាងផងដែរថា Life360 មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​ដើម្បី​ធានា​ថា​ ប្រវត្តិ​ទីតាំង​មិន​អាច​ត្រូវ​បាន​គេ​តាមដាន ​ត្រឡប់​ទៅ​បុគ្គល​ដើមវិញនោះ​ទេ។
ដើម្បីសុវត្ថិភាព ក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា អ្នកប្រើប្រាស់គួរតែចៀសវាងបញ្ចូលកម្មវិធីដែលមិនត្រូវការចាំបាច់ ជាពិសេសកម្មវិធីណាដែលទាមទារ ឱ្យមានការឯកភាពជាមួយ នឹងការតាមដានទីតាំងនោះ។ ជាឧទាហរណ៍ ក្នុងការប្រើប្រាស់កម្មវិធីនេះ លោកអ្នកអាចដឹងពីកន្លែង ដែលសមាជិកក្រុមគ្រួសាររបស់អ្នកនៅ ប៉ុន្តែអ្នកដែលបានទិញព័ត៌មាន ក៏អាចដឹងពីទីតាំងទាំងនោះបានដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី