Sunday, December 5, 2021

សំណាងមែន! អ្នកនេសាទថៃម្នាក់ ប្រទះ​​ឃើញ​កំអួត​​ត្រី​បាឡែន មាន​​តម្លៃ​​ជាង​​១​​លាន​ដុល្លារ​….

អ្នកនេសាទម្នាក់ទៀតហើយ នៅក្នុងប្រទេសថៃ បានក្លាយជាមហាសេដ្ឋីត្រឹមរយៈពេល១យប់ បន្ទាប់ពីគាត់បានរកឃើញ «កំអួតត្រីបាឡែន» មួយដុំធំ អណ្តែតនៅឆ្នេរ Niyom ក្នុងខេត្ត Surat Thani ។

បើតាមសារព័ត៌មាន Yahoo! News បានចុះផ្សាយឲ្យដឹងថា លោក Narong Phetcharaj គឺជាអ្នកនេសាទក្នុងតំបន់ម្នាក់ ដែលជាធម្មតា គាត់អាចរកប្រាក់បានប្រហែលពីរបីរយដុល្លារប៉ុណ្ណោះ ក្នុងមួយខែ ប៉ុន្តែ ពេលនេះ គាត់មានភព្វសំណាងក្លាយជាអ្នកមានមួយរំពេច បន្ទាប់ពីបានរកឃើញ “កំអួតត្រីបាឡែន” ទម្ងន់ ៣០ គីឡូក្រាម ដែលត្រូវបានគេស្គាល់ថា អាំប៊ឺកគ្រីស ដែលមានតម្លៃខ្ពស់ និងជាទីគាប់ចិត្ត សម្រាប់ឈ្នួញ។

ប្រភពដដែលក៏បានឲ្យដឹងថា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ខណៈកំពុងនេសាទនាពេលយប់ លោក Narong បានសង្ស័យថា មានវត្ថុមួយអាចកំអួតត្រីបាឡែនដ៏មានតម្លៃ ព្រោះគាត់ធ្លាប់បានឃើញនៅលើកញ្ចក់ទូរទស្សន៍​ដែលគេបានបង្ហាញវាមានសាច់ និងរូបរាងដូចក្រមួនដូចគ្នា។ បន្ទាប់មក គាត់បាននាំយកវាទៅឲ្យអ្នកជំនាញនៅសាកលវិទ្យាល៧យព្រីនសុងក្លា ដើម្បីធ្វើតេស្ត មុនពេលវាត្រូវបានកេបង្ហាញថាជាអាំប៊ឺកគ្រីស ពិតប្រាកដ។

គួរបញ្ជាក់ថា កាលពីមុន ដុំអាំប៊ឺកគ្រីស ត្រូវបានលក់ក្នុងតម្លៃចន្លោះពី ៣៧.៥០០ ដុល្លារ និង ៤២.៧៩១ ដុល្លារ ក្នុង១គីឡូក្រាម។ ប៉ុន្តែ សម្រាប់ដុំកំអួតត្រីបាឡែនដ៏ធំនេះ នឹងផ្តល់ឲ្យលោក Narong នូវតម្លៃរហូត ១.២៥ លានដុល្លារ ឯណោះ នេះបើផ្អែកលើតម្លៃមុន។

លោក Narong បាននិយាយថា “គ្មានអ្នកភូមិណាដែលធ្លាប់បានឃើញ ឬស្ទាបអង្អែលអាំប៊ឺកគ្រីសត្រីបាឡែនពិតប្រាកដ កាលពីមុននោះទេ ដែលនេះជាមូលហេតុធ្វើឲ្យមនុស្សគ្រប់គ្នាសប្បាយចិត្តយ៉ាងខ្លាំង”។

“ខ្ញុំពិតជារំភើបខ្លាំងណាស់ ដោយសឹងតែរកពាក្យថ្លែងពុំចេញ! ខ្ញុំមានគម្រោងលក់អាំប៊ឺកគ្រីស ព្រោះខ្ញុំបានទទួលវិញ្ញាបនបត្ររួចហើយ ដើម្បីបញ្ជាក់ថាវាជារបស់ពិត”។

“ប្រសិនបើខ្ញុំអាចទទួលបានតម្លៃសមរម្យ ខ្ញុំនឹងចូលនិវត្តន៍ពីការងារជាអ្នកនេសាទហើយៗ នឹងរៀបចំពិធីជប់លៀងជូនមិត្តភក្តិរបស់ខ្ញុំ”។

អាំប៊ឺគ្រីស ត្រូវបានផលិតដោយត្រីបាឡែនមេជីវិតឈ្មោល ដើម្បីងាយស្រួលឆ្លងកាត់វត្ថុធំៗ ឬមុត។ នៅពេលត្រីបាឡែនក្អួតវាចេញវារឹង ហើយអណ្តែតលើផ្ទៃទឹកសមុទ្រ។

ថ្វីត្បិតតែអាំប៊ឺគ្រីសផលិតក្លិនមិនល្អពីដំបូងក៏ដោយ តែវាបង្កើតក្លិនក្រអូប និងក្រអូបជាប់បានយូរនៅពេលវារីង។ នេះធ្វើឱ្យវាក្លាយជាគ្រឿងផ្សំដែលមានការស្វែងរកខ្ពស់ នៅក្នុងឧស្សាហកម្មទឹកអប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង