Sunday, December 5, 2021

ស្វែងរកម្ចាស់ទេយ្យទាន! សង្ស័យច្រឡំស្មាន​តែ​ក្រដាស​ជូតមាត់ ព្រះសង្ឃ​​បង្ហោះ​​ផ្អើល​ហ្វេសប៊ុក ភ្ជុំបិណ្ឌ​ឆ្នាំ​ក្រោយ សូម​ពិនិត្យច្បាស់​ផង​ញោម!

ជឿជាក់ថា​ប្រិយមិត្តជាច្រើន ធ្លាប់បានហួសចិត្តរួចហើយ ទាក់ទងករណីមានពុទ្ធបរិស័ទមួយ បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃ នារដូវកាន់បិណ្ឌ ដោយដាក់កំប៉ុងស្រាបៀរជំនួសភេសជ្ជៈ ដែលធ្វើឲ្យព្រះសង្ឃបង្ហោះផ្អើលពេញហ្វេសប៊ុកតែម្តង​ កាលពីរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៩។

តែដោយឡែក សម្រាប់រដូវភ្ជុំបិណ្ឌឆ្នាំ ២០២១ នេះ ក៏ស្រាប់តែមានរឿងប្លែកដ៏មហាហួសថ្លែងមួយទៀតហើយ បន្ទាប់ពីមានពុទ្ធបរិស័ទម្នាក់ បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ខុសគេខុសឯង នោះគឺជាទេយ្យទានវត្ថុ «សំឡីអនាម័យស្រ្តី» តែម្តង។

ជាមួយរឿងដ៏ហួសចិត្តនេះផងដែរ​បើតាមតេជគុណមួយអង្គដែលមានគណនីហ្វេសប៊ុកឈ្មោះ យូរី មង្គល បានបង្ហោះរូបភាពជាក់ស្តែង កាលពីថ្ងៃចុងកាន់បិណ្ឌ (ទី២​ ខែតុលា ឆ្នាំ២០២១) ដោយភ្ជាប់សង្ឃដីកាគួរឲ្យភ្ញាក់ផ្អើលយ៉ាងដូច្នេះថា៖ «ចំរើនពរញាតិញោម សូមអធ្យាស្រ័យ រដូវនេះរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌទេញោម បួសបាន១៣វស្សាហេីយ ទេីបតែជួបលេីកទី១ មុននិងយកទេយ្យទានមកប្រគេនព្រះសង្ឃ សូមពិនិត្យអោយបានច្បាស់ផង។ ល្ងាចមិញ ០២.១០.២០២១»។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងការហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំងតែម្តង ដោយ ក្នុងនោះ អ្នកខ្លះបាននិយាយថា សង្ស័យ យាយៗគាត់មើលច្រឡំគិតថាជាកន្សែងត្រជាក់ ឬក្រដាសជូតមាត់ហើយ តេជគុណ!, គាត់ស្មានតែនំទេដឹង តេជគុណ កុណាមិនហ៊ានសើចទេ ខ្លាចបាបណាស់។ រីឯអ្នកខ្លះទៀត ក៏បានខមិនលេងសើចទៀតថា សង្ស័យភ្លេចដកចេញ! សំណាងហើយ​លោកបងស្គាល់ បើមិនស្គាល់​ដូចវត្តមួយនោះ យកជូតមាត់ព្រាត, របស់ថ្មីមិនអីទេព្រះអង្គ អាចទុកឱ្យប្រពន្ធពេលណាសឹកហើយរៀបការ បើរបស់ប្រើហើយ​ទើបយ៉ាប់, សុំទោស…សង្ស័យតែសង្សារព្រះតេជគុណ ប្រគេនបច្ច័យថ្វាយ ក្នុងន័យរំឮកឲ្យទ្រង់សឹក លាព្រះផ្នួស កុំបួសយូរពេក នាងស៊ូទ្រាំចាំយូរទៀតមិនបានឡើយ.! បើសិនជាការពិតមែននោះ សូមអនុមោទនា.! សាធុ សាធុ សាធុ.!!!.៕ រក្សាសិទ្ធិដោយ៖ លឹម ហុង