Tuesday, January 18, 2022

សាខាគយ​ខេត្ត​ព្រះសីហនុ ចាប់​ទូរស័ព្ទ​គេចពន្ធ បាន​ជាង​២៤០០​គ្រឿង

​ព្រះសីហនុ​: កម្លាំង​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បើក​ប្រតិបត្តិ​ការបង្ក្រាប​ការ​នាំចូល​ទូរស័ព្ទ​ខុសច្បាប់​មួយ​ករណី នៅ​ខេត្ត​ព្រះសីហនុ ដោយ​ដកហូត​បាន​ទូរស័ព្ទ​ជាង​២៤០០​គ្រឿង ដែល​នាំចូល​ពី​ប្រទេស​ថៃ នៅ​យប់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧​។​

​ប្រតិបត្តិ​ការបង្ក្រាប​នេះ​ធ្វើឡើង ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក កើត សុទ្ធា​រ៉ា ប្រធាន​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស ដឹកនាំ​ដោយ​លោក ឯម ណា​រិ​ទ្ធ​ប្រធានការិយាល័យ នាវាចរ​គយ និង​មន្ត្រី​នៃ​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស ដោយ​ចូលរួម​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​ធ្វើការ​ឃាត់​ចាប់​ទំនិញ​ទូរស័ព្ទដៃ ដែល​ផ្ទេរ​ចេញពី​ទូក​ដឹកទំនិញ Kitawann មកពី​ប្រទេស​ថៃ ត្រង់ចំណុច​កោះដែកគោល ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ ឆ្ពោះ​មក​កំពង់ផែ​ទំនប់រលក​។​

​ជា​លទ្ធផល​នៃ​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​ដកហូត​បាន ទូរ​សព្ទ័​ប្រើ​រួច​ចំនួន​១៤​កេស ស្មើ​និង​២៤១០ គ្រឿង ដែលជា​ប្រភេទ Samsung ២,២៨៨​គ្រឿង​, LG ១១៨​គ្រឿង និង​ផ្សេងៗ​ជា​ភាសា​កូរ៉េ ៤​គ្រឿង​៕ ដោយ ៖ បេឡា​