សកម្មជនថៃបានសន្យាថា នឹងរៀបចំការតវ៉ាទាមទារឱ្យលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធចាន់ អូចា លាលែងពីតំណែងនៅថ្ងៃអាទិត្យកន្លងទៅនេះ បើទោះបីជាមានការហាមឃាត់មិនឱ្យជួបជុំគ្នានៅទីសាធារណៈទូទាំងប្រទេស ដែលដាក់ចេញដោយរដ្ឋាភិបាល ចំពេលករណីមេរោគកូរ៉ូណាកំពុងកើនឡើងក្តី។
កាលពីឆ្នាំទៅ ការតវ៉ាដែលដឹកនាំដោយក្រុមយុវជន បានទាក់ទាញអ្នកតវ៉ារាប់ម៉ឺននាក់ទូទាំងប្រទេស។ ប៉ុន្តែសន្ទុះរបស់ពួកគេបានជាប់គាំង ក្រោយពេលដែលរដ្ឋាភិបាលបានចាប់ផ្តើមបង្រ្គាបទៅលើការប្រមូលផ្តុំគ្នានោះ ក៏ព្រមទាំងបានចាប់ខ្លួនមេដឹកនាំបាតុកម្មផងដែរ ក្រោយពេលរលកថ្មីនៃការឆ្លងជំងឺកូវីដ១៩បានផ្ទុះឡើង។
កាលពីឆ្នាំទៅ ពោលគឺឆ្នាំ២០២០ ការតវ៉ាក៏បានធ្វើឲ្យការំលងប្រពៃណីដោយធ្វើការរិះគន់ ព្រះមហាក្សត្រ ហើយការរិះគន់ព្រះមហាក្សត្រជាបទល្មើស ដែលស្ថិតនៅក្រោមច្បាប់ដ៏ធំបំផុតរបស់ប្រទេសថៃ។ ក្នុងនោះការប្រមាថព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី អ្នកស្នងមរតក និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ។
មេដឹកនាំការតវ៉ាជាច្រើនដែលបានចាប់ខ្លួនគឺត្រូវបានដោះលែងឱ្យនៅក្រៅឃុំ និងខ្លះទៀតបានចូលរួមក្នុងការតវ៉ាប្រឆាំង នឹងរដ្ឋាភិបាលកាលពីខែមុន។ មេដឹកនាំបាតុករម្នាក់ឈ្មោះអាណុនណាំផា បាននិយាយនៅចំពោះមុខការហែក្បួនកាលពីថ្ងៃអាទិត្យ ពីវិមានប្រជាធិបតេយ្យទៅកាន់វិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកកថា៖ «យើងត្រូវតែបណ្តេញលោកប្រាយុទ្ធចេញទោះបីការសុំនៅក្រៅឃុំរបស់ខ្ញុំត្រូវបានដកហូតក៏ដោយ» ។
ការតវ៉ាក៏នឹងប្រារព្ធខួបមួយឆ្នាំនៃការធ្វើបាតុកម្មតាមដងផ្លូវទ្រង់ទ្រាយធំ លើកដំបូងដែលដឹកនាំដោយក្រុមយុវជនដែលបានទាមទារ ឱ្យលោកប្រាយុទ្ធលាលែងពីតំណែង និងស្នើឱ្យមានការតាក់តែងច្បាប់រដ្ឋធម្មនុញ្ញថ្មី និងកំណែទម្រង់ដ៏ធំមួយចំពោះរបបរាជានិយម។
រដ្ឋាភិបាលថៃនាពេលថ្មីៗនេះបានដាក់បម្រាម មិនឱ្យមានការជួបជុំនៅទីសាធារណៈច្រើន ជាង៥នាក់នៅទូទាំងប្រទេសដែលអនុវត្តទោសអតិបរមា នៃការជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំឬពិន័យជាប្រាក់រហូតដល់ ៤ម៉ឹនបាត រឺស្មើ១.២២០ ដុល្លារ ឬទាំងពីរ។
យ៉ាងណាមិញ ប៉ូលីសបានជំរុញប្រជាពលរដ្ឋមិនឱ្យចូលរួមការតវ៉ា និងព្រមានថា អ្នកណាដែលបំពានច្បាប់ និង បង្កភាពចលាចលនឹងប្រឈមការចោទប្រកាន់។ ការតវ៉ាតាមដងផ្លូវប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តីរូបនេះ ត្រូវបានធ្វើឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយក្រុមជាច្រើនរួមទាំងអតីតសម្ព័ន្ធមិត្ត នយោបាយរបស់លោកប្រាយុទ្ធ ដោយសារតែភាពមិនសប្បាយចិត្តនៃការកើនឡើង រលកនៃការឆ្លងរាលដាលថ្មី និងការខូចខាតដល់សេដ្ឋកិច្ច៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖ CEN

