Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នឹងជំរុញការអនុវត្តអភិក្រមសុវត្ថិភាពព័ត៌មាន ដោយផ្តោតលើការផ្សព្វផ្សាយមាតិកាអប់រំ របៀបនៃការបង្ការទប់ស្កាត់ និងការពារខ្លួនពីហានិភ័យនិងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន

ប្រឈមមុខនឹងហានិភ័យឌីជីថល និងព័ត៌មានក្លែងក្លាយក្នុងបរិយាកាសដែលបច្ចេកវិទ្យាមានការ វិវត្តយ៉ាងរហ័ស យុវវ័យចាំបាច់ត្រូវអភិវឌ្ឍផ្នត់គំនិតតាមអភិក្រម-សុវត្ថិភាពព័ត៌មាន» ដែលទាមទារឱ្យចេះ គិតពិចារណា និងការយល់ដឹងច្បាស់អំពីប្រព័ន្ធឌីជីថល មធ្យោបាយទទួលព័ត៌មាន ជំនួសឱ្យទម្លាប់នៃការ ទទួលយកព័ត៌មានដោយអកម្ម។ ទិដ្ឋភាពទាំងនេះជាផ្នែកនៃការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធ ផ្សព្វផ្សាយ ក្នុងក្របខណ្ឌនៃយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលត្រូវបាន ប្រកាសបើកនិងដាក់ឱ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ រាជធានីភ្នំពេញ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងវត្តមានរបស់ ថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងព័ត៌មាន តំណាងនៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈគ្រប់គ្រង និង សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ សរុបចំនួនប្រមាណ ២ ៤០០ នាក់។

យុទ្ធនាការនេះដើរតួជាប្រព័ន្ធការពារ និងជាយន្តការយុទ្ធសាស្ត្រផ្នែកអក្ខរកម្មឌីជីថល ដែលផ្តោត លើការលើកកម្ពស់សមត្ថភាពយុវជនក្នុងការទប់ស្កាត់ និងជៀសផុតពីអន្ទាក់នៃឧបាយកលនយោបាយ បោកប្រាស់ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាទំនើប។ យុទ្ធនាការនេះនឹងបំពាក់ចំណេះដឹងផ្នែកអក្ខរកម្មព័ត៌មាននិង ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងតម្រង់ទិសយុវវ័យឱ្យក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន ដែលមានស្មារតីម្ចាស់ការ ក្នុងការផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយតែព័ត៌មានពិត ប្រកបដោយគុណតម្លៃសម្រាប់គ្រួសារ និងសហគមន៍។

មានប្រសាសន៍សំណេះសំណាលជាមួយសិស្សានុសិស្សនាឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បាន សង្កត់ធ្ងន់ថា៖ «យុវវ័យសម័យនេះ មិនត្រឹមតែត្រូវតាមឱ្យទាន់បច្ចេកវិទ្យាសម្រាប់ជាប្រយោជន៍នៃការសិក្សា ប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើតភាពធន់សម្រាប់ទប់ទល់និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់ នៃពិភពឌីជីថល។ ក្មួយៗត្រូវពង្រឹងខ្លួនឱ្យមានសមត្ថភាពក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន ដ៏រឹងមាំ ដើម្បី បន្សុទ្ធលំហព័ត៌មានក្នុងសង្គម ការពារគ្រួសារ និងសហគមន៍ពីហានិភ័យ និងគ្រោះថ្នាក់នៃការផ្សាយបំភ្លៃ បំផ្លើស ក្លែងបន្លំ និងបំពុលសង្គម។”

ការចេញដំណើរយុទ្ធនាការជំហានទី២នេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មានក្នុងការពង្រឹងសន្តិសុខព័ត៌មាន និងកសាងភាពធន់ឌីជីថលជូន ដល់ពលរដ្ឋគ្រប់រូប ជាពិសេសការការពារយុវវ័យកម្ពុជាឱ្យចៀសផុតពីមហន្តរាយនៃព័ត៌មានក្លែងក្លាយ។

ក្រសួងព័ត៌មានដឹកនាំការអនុវត្តយុទ្ធនាការនេះនៅទូទាំងប្រទេស ដោយសហការជាមួយក្រសួង-ស្ថាប័នរដ្ឋ និងឯកជន ខណៈនៅថ្នាក់ក្រោមជាតិមានការសម្របសម្រួលអនុវត្តដោយមន្ទីរព័ត៌មានរាជធានី-ខេត្ត ក្រោមកិច្ចសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរ មូលដ្ឋាន និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

យុទ្ធនាការនឹងជំរុញការអនុវត្តអភិក្រមសុវត្ថិភាពព័ត៌មាន ដោយផ្តោតលើការផ្សព្វផ្សាយមាតិកាអប់រំ របៀបនៃការបង្ការទប់ស្កាត់ និងការពារខ្លួនពីហានិភ័យនិងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។ ក្នុងន័យនេះ យុទ្ធនាការនឹងលើកទឹកចិត្តឱ្យមានការចូលរួមពីយុវជននិងប្រជាពលរដ្ឋទាំងអស់ ដើម្បី៖ ទី១) លុបបំបាត់ វប្បធម៌ចេះតែចែករំលែកតៗគ្នាដោយអារម្មណ៍រំជើបរំជួល ដោយផ្អាកបន្តិចនិងពិចារណាលើព័ត៌មានដែល ទទួលបាន, ទី២) ញែកព័ត៌មានបំពុលការបំភ្លៃ ឬព័ត៌មានក្លែងបន្លំដោយបច្ចេកវិទ្យាAI ចេញពីលំហ ព័ត៌មានពិត ដោយផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន ឬសារ ព័ត៌មានអាជីព, ទី៣) ការពារទិន្នន័យនិងគណនីផ្ទាល់ខ្លួនដោយប្រើមុខងារផ្ទៀងផ្ទាត់ពីរដំណាក់កាល និង រក្សាលេខកូដសម្ងាត់, ទី៤) ទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយដោយមិនចែករំលែកព័ត៌មានចចាម អារ៉ាម ព័ត៌មានគ្មានប្រភពច្បាស់លាស់ និងរួមគ្នាចុច Report ខ្លឹមសារបែបបំពុល ញុះញង់ ឆបោក, និងទី៥) ជួយផ្សព្វផ្សាយអក្ខរកម្មព័ត៌មានដល់ក្រុមគ្រួសារនិងសហគមន៍ សំដៅរក្សាសុវត្ថិភាពព័ត៌មានក្នុងសង្គម ទាំងមូល។

គួររំលឹកជូនថា ការឈានមកដល់ជំហានទី២នេះ ការអនុវត្តឈរលើមូលដ្ឋានគ្រឹះនៃភាពជោគជ័យ ពីយុទ្ធនាការជំហានទី១ ដែលបានអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០២៥ នៅទូទាំង ២៥ រាជធានី-ខេត្ត។ យុទ្ធនាការជំហានទី១ បានផ្តល់ចំណេះដឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ រួមនឹងអក្ខរកម្មឌីជីថល ត្រូវបានបញ្ជាបជូនដល់ពលរដ្ឋជិត ១០ លាននាក់តាមរយៈសកម្មភាពឃោសនាផ្ទាល់ និងបានផ្សព្វផ្សាយ សារទៅដល់អ្នកប្រើប្រាស់ទូរស័ព្ទសរុបជាង ២៣ លានអង្គ/នាក់ទូទាំងប្រទេសក្រោមសហប្រតិបត្តិការ ជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ សមិទ្ធផលទាំងនេះមិនត្រឹមតែលើកកម្ពស់ចំណេះដឹងផ្នែក ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវសុវត្ថិភាពព័ត៌មានឌីជីថល និងការពារ សហគមន៍កម្ពុជាពីហានិភ័យនៃព័ត៌មានក្លែងក្លាយយ៉ាងមានប្រសិទ្ធភាព៕រក្សាសិទ្ធដោយ៖សុទ្ធលី

×