Monday, May 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែបនេះរឿងអីមិនស្រុត ! បាក់រលំសណ្ឋាគារនៅចិន កម្ពស់ ៣ ជាន់ មនុស្ស ១៧ នាក់ ស្លាប់ ចំណែកមូលហេតុអាចបណ្តាលមកពី…

តាមសារព័ត៌មាន BBC បានចុះផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះឲ្យដឹងថា មនុស្ស ១៧ នាក់ បានស្លាប់ នៅក្នុងហេតុការណ៍បាក់រលំសណ្ឋាគារមួយកន្លែង នៅក្នុងទីក្រុង Suzhou ភាគខាងកើតនៃប្រទេសចិន។

បន្ទាប់ពីប្រតិបត្តិការស្រាវជ្រាវ អស់រយៈពេល ៣៦ ម៉ោង មក ក្រុមជួយសង្គ្រោះបានរកឃើញមនុស្សចំនួន ២៣ នាក់ ដែលបានកប់នៅក្នុងគំនរបាក់បែក ដែលក្នុងនោះ ៦ នាក់ ត្រូវបានរកឃើញនៅរស់រានមានជីវិត។

យោងតាម Global Times នោះការស៊ើបអង្កេតបឋម បានរកឃើញថា ការដួលរលំសណ្ឋាគារនេះ គឺបណ្តាលមកពីម្ចាស់ផ្លាស់ប្តូររចនាសម្ព័ន្ធអគារ។ ហើយអគារនេះត្រូវបានគេនិយាយថា បានឆ្លងកាត់ការជួសជុលជាញឹកញាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ពលរដ្ឋម្នាក់បានប្រាប់សារព័ត៌មាន Red Star News ថា «អគារនេះធ្លាប់មានតែ ៣ ជាន់ប៉ុណ្ណោះ ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ ពួកគេបានសាងសង់ជាន់បន្ថែមទៀត»។

រដ្ឋាភិបាលខេត្ត Jiangsu បាននិយាយថា ក្រុមស៊ើបអង្កេតកំពុងពិនិត្យមើលគ្រោះថ្នាក់នេះ និងបានបញ្ជាក់ឲ្យដឹងថា “បុគ្គលដែលពាក់ព័ន្ធ” នឹងត្រូវប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ។

សូមបញ្ជាក់ថា ការបាក់ស្រុតសណ្ឋាគារ Siji Kaiyuan នៅទីក្រុង Suzhou នេះ គឺបានកើតឡើងកាលពីរសៀលថ្ងៃចន្ទ វេលាម៉ោង ១៥ និង ៣៣ នាទី ។ បុគ្គលិកជួយសង្គ្រោះជាង ៦០០ នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។

ដំបូងឡើយ គេជឿថាមានមនុស្ស ១៨ នាក់ នៅក្នុងសណ្ឋាគារនោះដែលមាន ៥៤ បន្ទប់ នៅពេលបាក់រលំ ប៉ុន្តែក្រោយមក ត្រូវបានគេបង្ហាញថា មានភ្ញៀវ ៥ នាក់ នៅខាងក្នុង។

ក្នុងចំណោមមនុស្ស ៦ នាក់ ដែលត្រូវបានរកឃើញនៅមានជីវិត ៥ នាក់ ត្រូវបានគេនិយាយថា បានរងរបួស ប៉ុន្តែស្ថិតក្នុងស្ថានភាពស្ថេរភាព។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ ហេតុការណ៍ការបាក់រលំអគារនៅប្រទេសចិន ដែលបានកើតឡើងនាពេលកន្លងៗមក គឺជាប់ទាក់ទងនឹងការងារសំណង់មិនល្អតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×