ក្រុមហ៊ុនឱសថ Hetero ដែលមានមូលដ្ឋាននៅ Hyderabad បានប្រកាសកាលពីថ្ងៃសុក្រថា ការវិភាគបណ្តោះអាសន្ននៃការសាកល្បងដំណាក់កាលទី៣ នៃថ្នាំប្រឆាំងវីរុសកូវីដ-១៩ ដែលត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌាឈ្មោះ Molnupiravir បានបង្ហាញលទ្ធផលជោគជ័យហើយ។

ក្រុមហ៊ុនបាននិយាយថា នៅពេលប្រើថ្នាំគ្រាប់ Molnupiravir ចំពោះអ្នកជំងឺ Covid ស្រាល នោះវាអាចជួយឱ្យពួកគេជាសះស្បើយបានយ៉ាងលឿន។ នេះបើតាមក្រុមហ៊ុន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ឲ្យដឹងថា ការធ្វើតេស្ដ PRC បង្ហាញនូវលទ្ធផលអវិជ្ជមានរបស់វីរុស SARS-CoV-2 ក្រោយអ្នកជំងឺស្រាលបានប្រើថ្នាំ Molnupiravir។
ឥឡូវនេះ ក្រុមហ៊ុនបានទាក់ទងទៅអ្នកត្រួតពិនិត្យឱសថទូទៅនៃប្រទេសឥណ្ឌា ដើម្បីស្វែងរកការអនុញ្ញាតឱ្យប្រើជាបន្ទាន់សម្រាប់ថ្នាំនេះ នៅក្នុងប្រទេសឥណ្ឌា។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុនបានធ្វើដំណាក់កាលទី៣ សាកល្បងទៅលើអ្នកជំងឺ Covid ស្រាលចំនួន ១,២១៨ នាក់ ដើម្បីវាយតម្លៃប្រសិទ្ធភាព និងសុវត្ថិភាពនៃការគ្រប់គ្រងថ្នាំ Molnupiravir។ ហើយការសាកល្បងទាំងនេះ ត្រូវបានធ្វើឡើងលើអ្នកជំងឺក្នុងរយៈពេល៥ថ្ងៃ នៃការចាប់ផ្តើមរោគសញ្ញា។
អ្នកជំងឺដែលស្ថិតក្នុងការសាកល្បង គឺត្រូវបានជ្រើសរើសដោយចៃដន្យ ដើម្បីទទួលបានទាំងថ្នាំគ្រាប់ Molnupiravir ដែលមានកម្លាំង ៨០០ មិលី្លក្រាម (៤ គ្រាប់នៃកម្លាំង ២០០ មិលី្លក្រាម) រៀងរាល់ ១២ ម៉ោងម្តង (ពីរដងក្នុងមួយថ្ងៃ) រយៈពេល ៥ ថ្ងៃ រួមជាមួយ SOC ដែលផ្អែកលើគោលការណ៍ណែនាំ ប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា (ICMR)។

Molunupiravir គឺកំពុងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនយក្សប៉ារ៉ាម៉ា MSD របស់អាមេរិក ដោយសហការជាមួយក្រុមហ៊ុនជីវគីមីអាមេរិកាំងឈ្មោះ Ridgeback Biotheraputics ។ ថ្នាំនេះគឺជាអាណាឡូក ribonucleoside ដ៏ខ្លាំងក្លា (ត្រូវបានគេស្គាល់ថារារាំងមេរោគ RNA ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺដូចជាគ្រុនផ្តាសាយ) ដែលរារាំងការចម្លងវីរុស RNA ច្រើនប្រភេទ រួមទាំង SARS-CoV-2 ដែលជាភ្នាក់ងារបង្កនៃ Covid-19 ។
កាលពីខែមេសា ក្រុមហ៊ុន Hetero បានឈានដល់កិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណមិនផ្តាច់មុខ ជាមួយក្រុមហ៊ុន MSD ដើម្បីផលិតនិងផ្គត់ផ្គង់ម៉ូឡូនីពូរ៉ាវីនៅឥណ្ឌា និងជាង ១០០ ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមនៅលើពិភពលោក។ Hetero គឺជាក្រុមហ៊ុនដំបូងគេ ដែលប្រកាសលទ្ធផលនៅក្នុងប្រទេសឥណ្ឌា សម្រាប់ការសាកល្បងដំណាក់កាលទី៣ នៃថ្នាំប្រឆាំងវីរុសកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖ លឹម ហុង (ប្រភព៖ theprint.in)




