ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនមនុស្ស ២៦ នាក់ ដកហូតកុំព្យូទ័រ និងទូរសព្ទរាប់រយគ្រឿងនៅក្នុងបាវិត !!

ខេត្តស្វាយរៀង៖ អាជ្ញាធរខេត្តស្វាយរៀង បានចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៧ ល្វែង នៅក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យសរុប ២៦ នាក់ ក្នុងនោះមានស្ត្រី ៩ នាក់ និងដកហូតកុំព្យូទ័រ ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកជាច្រើនរយគ្រឿង។

ប្រតិបត្តិការនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយសមត្ថកិច្ចចម្រុះ នៅទីតាំងផ្ទះល្វែងចំនួន ៧ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងប្រតិបត្តិការឆែកឆេរ សមត្ថកិច្ចបានរកឃើញជនបរទេស និងសម្ភារៈអេឡិចត្រូនិកជាច្រើន ដែលមានតម្រុយពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។

ជាក់ស្តែង នៅទីតាំងទី១ ផ្ទះលេខ A-3 ដែលមានយីហោ «ម្ហូបស្រុកកំណើតហឺណាន អានហួយ» សមត្ថកិច្ចបានរកឃើញជនជាតិឥណ្ឌូណេស៊ីចំនួន ១១ នាក់ ក្នុងនោះស្ត្រី ៤ នាក់ និងស្ត្រីជនជាតិខ្មែរម្នាក់ ព្រមទាំងដកហូតកុំព្យូទ័រ All-in-One ចំនួន ៩ គ្រឿង ទូរសព្ទចម្រុះ ១១ គ្រឿង និងទូរសព្ទផ្ទាល់ខ្លួន ១៩ គ្រឿង។

នៅទីតាំងទី២ ដែលមានយីហោហាងលក់ទា មាន់ ក្ងាន និងគ្រឿងសមុទ្រ សមត្ថកិច្ចបានដកហូតកុំព្យូទ័រ All-in-One ចំនួន ៥ គ្រឿង និងទូរសព្ទចម្រុះ ៣១ គ្រឿង។

ចំណែកនៅផ្ទះលេខ B-17 សមត្ថកិច្ចបានរកឃើញកុំព្យូទ័រ All-in-One ចំនួន ១៣ គ្រឿង ទូរសព្ទចម្រុះ ២២ គ្រឿង ម៉ូនីទ័រ ២ គ្រឿង ធុង CPU ២ គ្រឿង និងលិខិតឆ្លងដែន ២ ក្បាល។

នៅផ្ទះលេខ B-18 ដែលមានយីហោ «ក្លឹបប៊ីយ៉ាដែកភ្លើង» សមត្ថកិច្ចបានដកហូតកុំព្យូទ័រ All-in-One ចំនួន ២១ គ្រឿង និងទូរសព្ទចម្រុះ ៥ គ្រឿង។

រីឯនៅផ្ទះលេខ C-3 សមត្ថកិច្ចបានរកឃើញកុំព្យូទ័រ All-in-One ចំនួន ៧ គ្រឿង ទូរសព្ទចម្រុះ ១៩ គ្រឿង និងលិខិតឆ្លងដែន ១ ក្បាល។

ដោយឡែក នៅផ្ទះលេខ A-13 សមត្ថកិច្ចបានរកឃើញជនជាតិវៀតណាមចំនួន ១៤ នាក់ ក្នុងនោះមានស្ត្រី ៤នាក់ និងដកហូតកុំព្យូទ័រ All-in-One ចំនួន ២៤ គ្រឿង ព្រមទាំងទូរសព្ទផ្ទាល់ខ្លួន ៧ គ្រឿង។ ក្នុងចំណោមជនជាតិវៀតណាមទាំងនោះ មាន ៥ នាក់កាន់លិខិតឆ្លងដែន។

ចំណែកទីតាំងទី៧ ផ្ទះលេខ A-11 ដែលមានយីហោក្រុមហ៊ុនដឹកជញ្ជូន SHUNFENGDA EXPRESS សមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ឈ្មោះ ZHANG JINYU អាយុ ៤៤ ឆ្នាំ ដែលពួនលាក់ខ្លួននៅក្នុងរថយន្តម៉ាក Ford ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2CL-9369។
ក្រោយឆែកឆេររថយន្ត និងទីតាំងខាងលើ សមត្ថកិច្ចបានរកឃើញលិខិតឆ្លងដែន ២ ក្បាល កុំព្យូទ័រ All-in-One ២ គ្រឿង ធុង CPU ២ គ្រឿង ម៉ូនីទ័រ ១ គ្រឿង ទូរសព្ទផ្ទាល់ខ្លួន ១ គ្រឿង ថេប្លែត ១ គ្រឿង និងកូនសោអគារ C-3 ចំនួន ២។

បន្ទាប់ពីត្រួតពិនិត្យយ៉ាងហ្មត់ចត់លើសម្ភារៈ និងឧបករណ៍អេឡិចត្រូនិកទាំងអស់ ក្រុមការងារបានរកឃើញតម្រុយច្បាស់លាស់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ២៦ នាក់ ក្នុងនោះស្ត្រី ៩ នាក់ ព្រមទាំងដកហូតវត្ថុតាងទាំងអស់។

ជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីច្បាប់។

ជាមួយគ្នានេះ អាជ្ញាធរក៏បានសម្រេចបិទទីតាំងផ្ទះល្វែងទាំង ៧ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្ត។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម