ភ្នំពេញ៖ អតីតចាងហ្វាងសារព័ត៌មានអនឡាញម្នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជាផ្លូវការ និងបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើសចំនួនពីរ រួមមាន «ញុះញង់ឱ្យមានការរើសអើង» និង «ប្រើប្រាស់ដោយគ្មានសិទ្ធិនូវបណ្ណបញ្ជាក់តួនាទីក្នុងវិជ្ជាជីវៈដែលកំណត់ដោយអាជ្ញាធរសាធារណៈ»។
លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ជនសង្ស័យត្រូវបានចោទប្រកាន់តាមមាត្រា ៤៩៦ និងមាត្រា ៦១៨ នៃក្រមព្រហ្មទណ្ឌ។
តាមមាត្រា ៤៩៦ បទញុះញង់ឱ្យមានការរើសអើង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ៦លានរៀល ប្រសិនបើការញុះញង់មិនបានសម្រេច។
ចំណែកមាត្រា ៦១៨ ស្តីពីការប្រើប្រាស់ដោយគ្មានសិទ្ធិនូវបណ្ណបញ្ជាក់តួនាទីក្នុងវិជ្ជាជីវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ ២លានរៀល។
ក្រោយការចោទប្រកាន់ជាផ្លូវការ សំណុំរឿងត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងពិនិត្យសម្រេចអំពីការឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរ មុនឈានទៅដល់ការជំនុំជម្រះលើអង្គសេចក្តី។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ សួន ចំរើន ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមដីកាតុលាការ។
យោងតាមសមត្ថកិច្ច ជនសង្ស័យត្រូវបានចោទប្រកាន់ថា បានក្លែងបន្លំធ្វើជាអ្នកសារព័ត៌មាន និងចុះផ្សព្វផ្សាយព័ត៌មានដោយបង្កការរំខាន និងប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅខណ្ឌដូនពេញ។
សកម្មភាពនេះបានកើតឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៩និង៣០នាទីយប់ នៅចំណុចភូមិ៩ ផ្លូវលេខ៦៣ កែងផ្លូវលេខ១៧៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលឃាត់ខ្លួន ជនសង្ស័យ និងបក្ខពួកមួយចំនួនបានអះអាងថា ខ្លួនជាអ្នកសារព័ត៌មាន ហើយបានចុះថត និងផ្សាយផ្ទាល់ព័ត៌មាន ដោយប្រើកាយវិការ និងពាក្យសម្តីមិនសមរម្យ រហូតបង្កជម្លោះពាក្យសម្តីជាមួយប្រជាពលរដ្ឋដែលកំពុងលក់ដូរនៅទីតាំងខាងលើ។
ហេតុការណ៍នេះក៏បានបង្កឱ្យមានការរិះគន់យ៉ាងច្រើនពីអ្នកប្រើប្រាស់បណ្តាញសង្គមផងដែរ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ក៏បានបញ្ជាក់តាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា ឈ្មោះ សួន ចំរើន ដែលជាអតីតចាងហ្វាងគេហទំព័រ CHRTV Online ត្រូវបានក្រសួងព័ត៌មានលុបអាជ្ញាបណ្ណតាមប្រកាសលេខ ២៩៧ ប្រក.ពម ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដោយសារម្ចាស់អង្គភាពបានប្រព្រឹត្តការបំពានធ្ងន់ធ្ងរលើច្បាប់ស្តីពីរបបសារព័ត៌មាន និងអនុវត្តផ្ទុយពីកិច្ចសន្យាអាជីវកម្មដែលបានតម្កល់ទុកនៅក្រសួង។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ទោះបីអាជ្ញាបណ្ណអង្គភាពត្រូវបានលុបចោលក៏ដោយ បុគ្គលរូបនេះនៅតែបន្តក្លែងបន្លំធ្វើជាអ្នកសារព័ត៌មាន និងបង្កបញ្ហាក្នុងសង្គម។ លោកក៏បានរិះគន់ចំពោះទង្វើរបស់បុគ្គល ឬក្រុមណាដែលយកវិជ្ជាជីវៈសារព័ត៌មានធ្វើជាមធ្យោបាយបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគោរពក្រមសីលធម៌ និងគោលការណ៍វិជ្ជាជីវៈផងដែរ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





