ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនជាតិឥណ្ឌាម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅក្រុងសៀមរាប សមត្ថកិច្ចសន្និដ្ឋានជាបឋមថាជាករណីគ្រោះថ្នាក់ចរាចរណ៍!

ខេត្តសៀមរាប៖ បុរសជនជាតិឥណ្ឌាម្នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅក្រុងសៀមរាប ខេត្តសៀមរាប ក្នុងអំឡុងម៉ោងប្រមាណ ១រំលងអធ្រាត្រ ដល់ម៉ោង ២:៣០នាទី ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញបានចុះពិនិត្យទីតាំងកើតហេតុ និងប្រមូលភស្តុតាង ដើម្បីស្រាវជ្រាវបញ្ជាក់ពីមូលហេតុនៃការស្លាប់។

សមត្ថកិច្ចនគរបាលចរាចរណ៍ បានឱ្យដឹងថា: ជនរងគ្រោះ មានឈ្មោះ SINGH BAIJNATH ភេទប្រុស ជនជាតិឥណ្ឌា មុខរបរលក់មុង។

ហេតុការណ៍នេះ បានកើតឡើងនៅលើផ្លូវបេតុងខាងក្រោយភូមិវប្បធម៌ចាស់ ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារជំនាញចរាចរណ៍ និងព្រហ្មទណ្ឌ ចុះពិនិត្យទីតាំងកើតហេតុកាលពីរសៀលថ្ងៃទី១៣ ខែតុលា បន្ទាប់ពីសមត្ថកិច្ចទទួលបានសេចក្ដីរាយការណ៍ថា មានជនបរទេសម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់នៅលើផ្លូវ។

តាមការពិនិត្យសាកសព ជនរងគ្រោះមានស្នាមរបួសធ្ងន់ធ្ងរនៅត្រង់ក ព្រមទាំងបាក់ឆ្អឹងកំភួនដៃខាងស្តាំ និងឆ្អឹងដងកាំបិតខាងស្តាំ។

នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញម៉ូតូម៉ាក Honda PCX ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1IG-5001 ដែលមានការបែកអាវ និងខូចខាតផ្នែកខាងឆ្វេង។

វត្ថុតាងផ្សេងទៀតរួមមាន ស្បែកជើងមួយគូ ទូរស័ព្ទដៃម៉ាក iPhone បន្ទះដែកមួយដុំដែលជាបំណែកម៉ូតូរបស់ជនរងគ្រោះ និងកញ្ចក់ផាសអាប់ផ្នែកខាងស្តាំមួយចំហៀង។

យោងតាមការបំភ្លឺរបស់មិត្តភក្តិជនរងគ្រោះចំនួនពីរនាក់ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំងបីនាក់បានផឹកស្រាបៀរម្នាក់ចំនួនបីកំប៉ុងនៅភោជនីយដ្ឋានមួយកន្លែងក្នុងតំបន់ផ្លូវកេសរកូល។

នៅវេលាម៉ោងប្រមាណ ១២:១៦នាទីរំលងអធ្រាត្រ ជនរងគ្រោះបានប្រាប់មិត្តភក្តិឱ្យរង់ចាំខ្លួន ខណៈដែលគាត់ជិះម៉ូតូចេញទៅយកមិត្តស្រី។

ប៉ុន្តែ ក្រោយរង់ចាំអស់រយៈពេលជាង ៤០នាទី ដោយមិនឃើញជនរងគ្រោះត្រឡប់មកវិញ មិត្តភក្តិទាំងពីរនាក់បានព្យាយាមទូរស័ព្ទទាក់ទងជាច្រើនលើក ប៉ុន្តែមិនមានអ្នកទទួលការហៅនោះឡើយ។

នៅវេលាម៉ោងប្រមាណ ២:៣០នាទីរំលងអធ្រាត្រ ពួកគេបានសម្រេចចិត្តជិះម៉ូតូត្រឡប់ទៅបន្ទប់ជួលក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែវិញ។

ពេលធ្វើដំណើរមកដល់ចំណុចផ្លូវមួយដែលពួកគេមិនស្គាល់ឈ្មោះភូមិ ពួកគេបានប្រទះឃើញរថយន្តសង្គ្រោះ និងសមត្ថកិច្ចជាច្រើននាក់កំពុងពិនិត្យកន្លែងកើតហេតុ។

បន្ទាប់ពីឈប់ចូលទៅមើល ពួកគេបានដឹងថា បុរសដែលបានស្លាប់គឺជាមិត្តភក្តិរបស់ខ្លួន។

ជាមួយគ្នានេះ ការពិនិត្យវីដេអូពីកាមេរ៉ាសុវត្ថិភាពតាមបណ្តោយផ្លូវធ្វើដំណើរ បានបង្ហាញថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច ដោយប្រើប្រាស់ល្បឿនលឿន។

ក្រោយពិនិត្យកន្លែងកើតហេតុ សាកសព និងសាកសួរសាក្សី ព្រមទាំងពិនិត្យទិន្នន័យកាមេរ៉ាសុវត្ថិភាព មន្ត្រីនគរបាលជំនាញ និងក្រុមគ្រូពេទ្យបានសន្និដ្ឋានជាបឋមថា ជនរងគ្រោះបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។

បច្ចុប្បន្ននេះ ដោយមានលិខិតអនុញ្ញាតពីស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា សាកសពត្រូវបានប្រគល់ជូនលោក VINOD YADAV ជនជាតិឥណ្ឌា និងជាមិត្តភក្តិរបស់ជនរងគ្រោះ ដើម្បីយកទៅរៀបចំបូជាតាមប្រពៃណី។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម