ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុមារ៥នាក់លង់ទឹកនៅខេត្តកំពត សង្គ្រោះបាន ៤នាក់ និង ម្នាក់ស្លាប់ !!

ខេត្តកំពត៖ កុមារចំនួន ៥នាក់បានលង់ទឹកសមុទ្រ បន្ទាប់ពីចុះលេងទឹកនៅចំណុចព្រែកកំពង់បាយ ខេត្តកំពត ដោយសាររលកសមុទ្របោកបក់ខ្លាំង កាលពីវេលាម៉ោង ៥៖៣០នាទីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។

ហេតុការណ៍នេះបានបណ្តាលឱ្យកុមារ ៤នាក់ត្រូវបានជួយសង្គ្រោះទាន់ពេល ខណៈកុមារប្រុសម្នាក់អាយុ ៧ឆ្នាំ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។

ក្រោយទទួលបានព័ត៌មានអំពីហេតុការណ៍លង់ទឹកនេះ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ប្រចាំខេត្តកំពត បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត និងក្រុមម៉ូតូទឹក ចេញអន្តរាគមន៍ជួយសង្គ្រោះកុមារទាំង ៥នាក់ជាបន្ទាន់ ដោយអាចជួយសង្គ្រោះបានចំនួន ៤នាក់ ប៉ុន្តែមិនអាចសង្គ្រោះជីវិតកុមារម្នាក់ទៀតបានឡើយ។

កុមារដែលបានបាត់បង់ជីវិតមានឈ្មោះ អែម ភក្តី អាយុ ៧ឆ្នាំ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានចុះពិនិត្យ និងធ្វើកោសល្យវិច័យលើសព ដោយបញ្ជាក់ថា កុមាររូបនេះពិតជាបានស្លាប់ដោយសារលង់ទឹក។

ក្រោយបញ្ចប់នីតិវិធី សពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋានក្នុងភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សោកនាដកម្មនេះ ជាការរំឭកដល់ឪពុកម្តាយ និង អាណាព្យាបាលទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន និងតាមដានកុមារឱ្យបានដិតដល់ នៅពេលពួកគេចុះលេងទឹកសមុទ្រ ឬតំបន់ទឹកដែលមានរលកខ្លាំង ដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតឡើងដោយមិននឹកស្មានដល់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម