ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនចាងហ្វាងកាសែតអនឡាញម្នាក់ និងបក្ខពួក៤នាក់ ជាប់ពាក់ព័ន្ធការលួចម៉ូតូ៤គ្រឿង និង ជួញដូរគ្រឿងញៀន ?

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្នុងនោះមានបុរសម្នាក់ដែលត្រូវបានរាយការណ៍ថា ជាចាងហ្វាងកាសែតអនឡាញ CBN TV ជាប់ពាក់ព័ន្ធករណីឆ្កឹះសោផ្ទះលួចម៉ូតូចំនួន៤គ្រឿង ព្រមទាំងដកហូតបានអាវុធខ្លីមួយដើម គ្រាប់កាំភ្លើង៨គ្រាប់ និង ការរក្សាទុកសារធាតុសង្ស័យជាគ្រឿងញៀនមួយកញ្ចប់តូច។

សមត្ថកិច្ចនគរបាល បានឱ្យដឹងថា: ជនសង្ស័យទាំង៥នាក់ត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅក្នុងអគារបោះបង់ចោលមួយកន្លែង តាមបណ្តោយផ្លូវលេខ១៩៨៤ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីកម្លាំងជំនាញបើកការស្រាវជ្រាវ និងកំណត់មុខសញ្ញាពាក់ព័ន្ធនឹងករណីលួចម៉ូតូ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៣និង៤៧នាទីទៀបភ្លឺ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ក្រុមជនសង្ស័យត្រូវបានសង្ស័យថា បានធ្វើសកម្មភាពឆ្កឹះសោផ្ទះលេខ១០ តាមផ្លូវលេខ៦១២ ស្ថិតក្នុងភូមិ២០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រួចលួចយកម៉ូតូរបស់ប្រជាពលរដ្ឋចំនួន៤គ្រឿង។

ម៉ូតូដែលត្រូវបានរាយការណ៍ថាបាត់បង់ រួមមាន ម៉ាក Honda Beat ពណ៌ក្រហម ពាក់ផ្លាកលេខកំពង់ធំ 1P-4625, ម៉ាក Suzuki Nex ពណ៌សលឿង, ម៉ាក Honda Zoomer ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ 1M-3798 និងម៉ាក Honda Today ពណ៌ផ្កាឈូក ពាក់ផ្លាកលេខកំពង់ធំ 1P-8937។

ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលជំនាញបានបើកការស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឈានទៅឃាត់ខ្លួនជនសង្ស័យទាំង៥នាក់នៅថ្ងៃទី១៣ ខែតុលា។

ជនសង្ស័យទាំង៥នាក់ មាន ឈ្មោះ ឆៃ សុចិត្ត អាយុ៣៦ឆ្នាំ មានមុខរបរ ជាចាងហ្វាងកាសែត CBN TV, ឈ្មោះ ហេង ផល្លា អាយុ៤០ឆ្នាំ, ឈ្មោះ ជេម ស៊ីណា អាយុ១៨ឆ្នាំ, ឈ្មោះ ធី ពុទ្ធារ៉ា អាយុ២៦ឆ្នាំ ជាអ្នករត់កង់បី និងឈ្មោះ រឿង ពិសិដ្ឋ អាយុ២៥ឆ្នាំ ដែលតាមលទ្ធផលពិនិត្យទឹកនោមត្រូវបានរាយការណ៍ថា មានសារធាតុញៀន។

សមត្ថកិច្ចបានបញ្ជាក់ថា: នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន: អាវុធខ្លីម៉ាក K54 ចំនួន១ដើម ជាមួយគ្រាប់ចំនួន៨គ្រាប់ សារធាតុសង្ស័យជាគ្រឿងញៀនមួយកញ្ចប់តូច ម៉ូតូ Yamaha Exciter មួយគ្រឿងគ្មានផ្លាកលេខ កង់បីឥណ្ឌា PassApp មួយគ្រឿង ពាក់ផ្លាកលេខកណ្តាល 1AG-3991 ប័ណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មានមួយសន្លឹក ទូរស័ព្ទដៃ និងសម្ភារមួយចំនួនទៀត។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម