ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីថ្លែងការណ៍អ្នកនាំពាក្យរាជរដ្ឋាភិបាលទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតចំពោះមុខប្រជាជាតិខ្មែរ!

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ សារព័ត៌មានថៃឈ្មោះ Top News បានចេញផ្សាយកិច្ចសម្ភាសន៍ ជាមួយលោក Nantiwat Samart អតីតអនុប្រធានការិយាល័យស៊ើបការណ៍សម្ងាត់ជាតិ និងជាអតីតលេខារដ្ឋមន្ត្រី ក្រសួងការបរទេសថៃ ដោយលោកបានអះអាងថា៖ «កាលពី២-៣ថ្ងៃមុន លោក សម រង្ស៊ី មេដឹកនាំប្រឆាំង កម្ពុជាបានចេញមកអះអាងថា កងកម្លាំងកម្ពុជាជាភាគីបាញ់ប្រហារថៃមុន ហើយដែលនាំឱ្យថៃតបតវិញ»។ ព័ត៌មាននេះ ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមលើកយកមកផ្សាយ និងធ្វើអត្ថាធិប្បាយយ៉ាងច្រើន។នេះបើតាមសេចក្តីថ្លែងការណ៍របស់ឯកឧត្តមប៉ែនបូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបដិសេធទាំងស្រុងចំពោះការលើកឡើងខុសការពិតនេះ ហើយសូមបញ្ជាក់ ជាថ្មីម្តងទៀតថា គឺភាគីថៃជាអ្នកបាញ់មុន។ បញ្ហានេះត្រូវបាន សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងការពារជាតិ និង ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បញ្ជាក់ច្បាស់លាស់ រួចហើយ។ ដូច្នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិត៖

ទី១. ក្នុងករណីដែលលោក សម រង្ស៊ី មិនបាននិយាយដូច្នេះទេ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធ ជាផ្លូវការចំពោះការផ្សាយព័ត៌មាននេះ។

ទី២. ប្រសិនបើពិតជាបាននិយាយមែន លោក សម រង្ស៊ី ត្រូវចេញមុខសុំទោសប្រជាពលរដ្ឋខ្មែរជា សាធារណៈជាចាំបាច់ ពីព្រោះការនិយាយបែបនេះគឺជាអំពើក្បត់ជាតិដ៏ធ្ងន់ធ្ងរមួយ។

ទី៣. ក្នុងករណីដែលលោក សម រង្ស៊ី មិនចេញមុខបដិសេធជាផ្លូវការនូវអ្វីដែលសារព័ត៌មានថៃបាន ផ្សាយទេ មានន័យថា លោក សម រង្ស៊ី ពិតជាបាននិយាយដូច្នេះមែន។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សង្ឃឹមថា លោក សម រង្ស៊ី មានសេចក្តីក្លាហានក្នុងការចេញមុខមកបញ្ជាក់រឿងនេះ។រក្សាសិទ្ធដោយ៖សុទ្ធលី

​

ចូលមើលព័ត៌មានថ្មីៗបន្ថែម