ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំកម្ពុជាទាំងនិងអាស៊ែបៃហ្សង់ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីវិធីសាស្ត្រនានា ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរលើវិស័យនានាជាច្រើន

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអាស៊ែបៃហ្សង់។ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូផ្លូវការកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីវិធីសាស្ត្រនានា ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរលើវិស័យនានាជាច្រើន រួមមាន សេដ្ឋកិច្ច និងពាណិជ្ជកម្ម ថាមពល សន្តិសុខ និងការពារជាតិ បច្ចេកវិទ្យា និងនវានុវត្តន៍ ភស្តុភារកម្ម ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ ការអប់រំ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួមផងដែរ។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមចំពោះពហុភាគីនិយម និងបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈវេទិកាតំបន់ និងអន្តរជាតិនានា ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង នៅក្នុងតំបន់ និងសកលលោក។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង ឯកឧត្តមប្រធានាធិបតី Ilham Aliyev ក៏បានអញ្ជើញជាសាក្សី ក្នុងពិធីផ្លាស់ប្តូរសារលើឯកសារចំនួន៣ ដែលបានចុះហត្ថលេខា ក្នុងឱកាសទស្សនកិច្ចផ្លូវការខាងលើ ដូចតទៅ៖ (១) កិច្ចព្រមព្រៀងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាលើពន្ធលើប្រាក់ចំណូល និងការបង្កាការគេចវេះពន្ធ និងការចៀសវាងពន្ធ (២) កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាស៊ែបៃហ្សង់ និង (៣) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យ ADA នៃក្រសួងការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។រក្សាសិទ្ធដោយ៖សុទ្ធលី

​

ចូលមើលព័ត៌មានថ្មីៗបន្ថែម