ភ្នំពេញ៖ គណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា (CCJ) ដឹកនាំដោយលោក ពុយ គា ប្រធានក្លិប បានធ្វើដំណើរទៅកាន់ខេត្តជាំងស៊ូ ប្រទេសចិន ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ដើម្បីចូលរួមវេទិកាអ្នកសារព័ត៌មាននៅឆ្នាំ២០២៦។
លោក ពុយ គា នឹងធ្វើជា ប្រធានប្តូរវេននៃគណៈប្រធានបណ្តាញអ្នកសារព័ត៌មានខ្សែក្រវាត់ និងផ្លូវ (Rotating Chair of the BRJN Presidium)។ ក្នុងតួនាទីនេះ លោកនឹងដឹកនាំកិច្ចប្រជុំគណៈប្រធាននៅថ្ងៃទី១៦ ខែតុលា នៅទីក្រុងណានជីង ដើម្បីពិនិត្យការងាររបស់បណ្តាញក្នុងឆ្នាំ២០២៥-២០២៦ និងពិភាក្សាអំពីទិសដៅកិច្ចសហប្រតិបត្តិការនាពេលអនាគត។
បណ្តាញអ្នកសារព័ត៌មានខ្សែក្រវាត់ និងផ្លូវ (BRJN) គឺជាវេទិកាអន្តរជាតិសម្រាប់តំណាងស្ថាប័នជាង១០០ មកពីជាង៥០ប្រទេសនៅទូទាំងពិភពលោកនឹងចូលរួមដើម្បីផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍លើវិស័យសារព័ត៌មាន។
ក្រៅពីកិច្ចប្រជុំគណៈប្រធាន គណៈប្រតិភូកម្ពុជានឹងចូលរួមពិភាក្សាអំពីការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយក្នុងបរិបទសកល ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសារព័ត៌មាន ការផ្ទៀងផ្ទាត់ព័ត៌មាន និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកសារព័ត៌មានអន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




