ប៉ារីស៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង សូមជម្រាបជូនសាធារណជន អាជ្ញាធរ បារាំង ព្រមទាំងដៃគូស្ថាប័ន និងសមាគមទាំងអស់ឱ្យបានជ្រាបថា នាពេលថ្មីៗនេះ មានបុគ្គល មួយចំនួនបានធ្វើការទាក់ទង ផ្សព្វផ្សាយ ឬរៀបចំសកម្មភាពផ្សេងៗ ដោយអះអាងថា ធ្វើឡើង “ក្នុងនាម» «ក្រោមការគាំទ្រពី» ឬ «មានទំនាក់ទំនងជាមួយ» ឯកឧត្តម ដាវីត លុយ ឯកអគ្គរាជទូត ឬស្ថានឯកអគ្គរាជទូត។ សកម្មភាពទាំងនេះ ដែលត្រូវបានធ្វើឡើងក្នុងគោលបំណងស្នើសុំថវិកា ផ្តល់អនុសាសន៍ ភ្ជាប់ទំនាក់ទំនងជាមួយឥស្សរជនសំខាន់ៗ ឬចូលរួមក្នុងសកម្មភាពស្វែងរកប្រាក់ ចំណេញ គឺជាអំពើឆបោក។
នេះបើតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។
ស្ថានឯកអគ្គរាជទូតមិនជាប់ពាក់ព័ន្ធនឹងរាល់សកម្មភាព ឬរាល់គំនិតផ្តួចផ្តើមទាំងនេះ ដែល ត្រូវបានអះអាងថា ធ្វើឡើងក្នុងនាមស្ថានទូតឡើយ ហើយសូមបញ្ជាក់ថា ការប្រើប្រាស់ឈ្មោះ និង តួនាទីរបស់ស្ថានទូត ដោយគ្មានការអនុញ្ញាតជាក់លាក់ គឺមិនមានភាពស្របច្បាប់ឡើយ។
ស្ថានឯកអគ្គរាជទូតសូមអំពាវនាវដល់សាធារណជនទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បំផុតចំពោះទង្វើទាំងនេះ។
មុននឹងឆ្លើយតបចំពោះការស្នើសុំណាមួយ សូមផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវនៃសកម្មភាពនោះ តាមរយៈបណ្តាញទំនាក់ទំនងផ្លូវការរបស់ស្ថានទូតតែប៉ុណ្ណោះ។
ស្ថានឯកអគ្គរាជទូតសូមអំពាវនាវដល់បុគ្គលដែលពាក់ព័ន្ធទាំងអស់ ត្រូវរក្សាទុកនូវភស្តុតាង ជូនដំណឹងមកកាន់ស្ថានទូត និងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីចាំបាច់៕រក្សាសិទ្ធដោយ៖សុទ្ធលី





