ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់នេះមានគោលបំណងពង្រឹងប្រព័ន្ធអភិបាលកិច្ចមូលដ្ឋាន លើកកម្ពស់ គុណភាពសេវាសាធារណៈ និងធានាឱ្យរដ្ឋបាលឃុំ សង្កាត់ អាចឆ្លើយតបបានកាន់តែឆាប់រហ័ស និងមាន ប្រសិទ្ធភាពចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ

ភ្នំពេញ ៖​ក្រសួងមហាផ្ទៃនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបំភ្លឺពាក់ព័ន្ធនឹងការធ្វើវិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។

ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា គណបក្សកម្លាំងជាតិបានចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធ
នឹងការធ្វើវិសោធនកម្មមាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ និងមាត្រា៣៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ដោយលើកឡើងនូវការព្រួយបារម្ភមួយចំនួនអំពីប្រព័ន្ធបោះឆ្នោត ការបែងចែកមុខតំណែង ថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ គោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការចូលរួមរបស់គណបក្ស នយោបាយនៅថ្នាក់មូលដ្ឋាន។
ពាក់ព័ន្ធករណីខាងលើនេះ ដើម្បីចៀសវាងការភាន់ច្រឡំរបស់សាធារណជន ក្រសួងមហាផ្ទៃ សូម ធ្វើការបំភ្លឺជូនសាធារណជន មេត្តាជ្រាបថា ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដែលប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ត្រូវបានធ្វើវិសោធនកម្ម ស្របតាមនីតិវិធីជាធរមាន និងជាពិសេសស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការធ្វើ វិសោធនកម្មនេះ៖
១-មិនបានកែប្រែប្រព័ន្ធបោះឆ្នោត និងរូបមន្តបែងចែកអាសនៈ ក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ ដែល មានចែងកំណត់នៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាធរមានឡើយ។ គណបក្សនយោបាយនីមួយៗនៅតែទទួលបានអាសនៈស្របតាមចំនួនសំឡេងឆ្នោតដែលខ្លួនទទួលបាន។
២-មិនដកហូតអាសនៈ ឬកម្រិតសិទ្ធិរបស់ប្រជាពលរដ្ឋ ឬកម្រិតសិទ្ធិរបស់គណបក្សនយោបាយ ដែលចូលរួមក្នុងដំណើរការប្រជាធិបតេយ្យនោះឡើយ។ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ដែលជាប់ ឆ្នោតនៅតែមានសិទ្ធិពិភាក្សា អនុម័ត សម្រេច និងត្រួតពិនិត្យការងាររដ្ឋបាលតាមច្បាប់។
៣-កែលម្អរូបមន្តកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ ឱ្យសមស្របនឹងលទ្ធផល បោះឆ្នោត និងជាពិសេសស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។
៤-ធ្វើឡើងដោយឈរលើគោលការណ៍នីតិរដ្ឋ ការគោរពរដ្ឋធម្មនុញ្ញ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
៥-ជាការកែលម្អ និងពង្រឹងការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ បន្ទាប់ពីការបោះឆ្នោត ដើម្បីធានា ប្រសិទ្ធភាពនៃការដឹកនាំ និងការអនុវត្តការងាររដ្ឋបាល។
៦-ពង្រឹងការឯកភាពក្នុងការដឹកនាំមិនមែនជាការប្រមូលផ្តុំអំណាចផ្តាច់មុខឡើយ។ ថ្នាក់ដឹកនាំ ឃុំ សង្កាត់ នៅតែស្ថិតក្រោមច្បាប់ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សា ផែនការ និងថវិកាដែលបានអនុម័ត ព្រមទាំងយន្តការត្រួតពិនិត្យ សវនកម្ម និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។
សរុបមក ការធ្វើវិសោធនកម្មនេះមានគោលបំណងពង្រឹងប្រព័ន្ធអភិបាលកិច្ចមូលដ្ឋាន លើកកម្ពស់ គុណភាពសេវាសាធារណៈ និងធានាឱ្យរដ្ឋបាលឃុំ សង្កាត់ អាចឆ្លើយតបបានកាន់តែឆាប់រហ័ស និងមាន ប្រសិទ្ធភាពចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ បទប្បញ្ញត្តិថ្មីនឹងអនុវត្តចាប់ពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦តទៅ និងមិនប៉ះពាល់ដល់សមាសភាព ឬមុខតំណែងថ្នាក់ដឹកនាំរដ្ឋបាល ឃុំ សង្កាត់ ដែលស្ថិតក្នុងអាណត្តិបច្ចុប្បន្នឡើយ។
ជាថ្មីម្តងទៀត ក្រសួងមហាផ្ទៃ សូមអំពាវនាវដល់គ្រប់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងសាធារណជន មេត្តាសិក្សានិងវាយតម្លៃការធ្វើវិសោធនកម្មច្បាប់នេះ ដោយផ្អែកលើ ខ្លឹមសារច្បាប់ពេញលេញ និងព័ត៌មានផ្លូវការ ព្រមទាំងចូលរួមផ្តល់មតិយោបល់ដោយស្ថាបនា ដើម្បី រួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងការអភិវឌ្ឍរដ្ឋបាលមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។រក្សាសិទ្ធដោយ៖សុទ្ធលី

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="785790"]
[the_ad id="805597"]
[the_ad id="723791"]
[the_ad id="409036"]