អាហ្សង់ទីន៖ ប្រតិភូនគរបាលជាតិកម្ពុជា ចូលរួមកិច្ចប្រជុំ IDEC លើកទី ៤០ ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែន នៅប្រទេសអាហ្សង់ទីន។ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រតិភូនគរបាលជាតិកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ IDEC (International Drug Enforcement Conference – សន្និសីទអន្តរជាតិនៃភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន) លើកទី ៤០។
កិច្ចប្រជុំដ៏សំខាន់នេះ ត្រូវបានរៀបចំឡើងនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែសីហា ឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំនេះ លោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និង លោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានតំណាងឲ្យកម្ពុជាចូលរួមជាមួយប្រតិភូជាង ៥០០ នាក់ មកពីជាង ១២០ ប្រទេសជុំវិញពិភពលោក។
កិច្ចប្រជុំ IDEC លើកទី ៤០ នេះ ត្រូវបានរៀបចំឡើងដោយប្រទេសអាហ្សង់ទីន សហការជាមួយស្ថាប័ន DEA (Drug Enforcement Administration) របស់សហរដ្ឋអាមេរិក។
គោលបំណងចម្បងនៃសន្និសីទនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្រ្កាបបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែន ក៏ដូចជាការចែករំលែកព័ត៌មាន បច្ចេកវិទ្យា និងវិធីសាស្ត្រថ្មីៗក្នុងការតាមដានលំហូរហិរញ្ញវត្ថុខុសច្បាប់ រួមទាំងរូបិយប័ណ្ណគ្រីបតូ (Cryptocurrency) និងការលាងលុយកខ្វក់ (Money Laundering)។ លើសពីនេះ កិច្ចប្រជុំក៏បានផ្តោតលើការទប់ស្កាត់ការរត់ពន្ធសារធាតុគីមីផ្សំ និងគ្រឿងញៀនសំយោគ (Synthetic Drugs) ដែលកំពុងក្លាយជាបញ្ហាប្រឈមសកល។
ការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំ IDEC លើកទី ៤០នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនគ្រប់ទម្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ដើម្បីរួមចំណែកដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមទាំងក្នុងតំបន់ និងសកលលោក៕ រក្សាសិទ្ធដោយ៖សុទ្ធលី







