ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថានៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦បានអញ្ជើញផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់សៀវភៅ “គោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា” ។ ពិធីនេះ ត្រូវបានសហការរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវតំណាងក្រសួង-ស្ថាប័ន ដែលជាអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា, ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, តំណាងរដ្ឋបាលរាជធានី-ខេត្ត, និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។
គោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា មានគោលបំណងផ្តល់នូវដំណោះស្រាយជាយុទ្ធសាស្ត្រនិងលក្ខណៈជាប្រព័ន្ធ, គ្រប់ជ្រុងជ្រោយ, ប្រកបដោយសង្គតិភាព ដើម្បីកាត់បន្ថយភាពអនាថា ដែលនឹងរួមចំណែកសម្រេចនូវគោលបំណងនៃគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ព្រមទាំងជំរុញការគាំទ្រលើសុខុមាលភាពជនអនាថា ដោយធានាលទ្ធភាពទទួលបានសេវាសង្គមកិច្ចសំខាន់ៗ និងអត្ថប្រយោជន៍នានាពីប្រព័ន្ធគាំពារសង្គម និងជំរុញការធ្វើសមាហរណកម្មជនអនាថាទៅក្នុងសហគមន៍វិញ។
សូមជម្រាបជូនថា ដោយទទួលបានគោលការណ៍ និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី, ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន បានសម្របសម្រួលរៀបចំ “គោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា” ដោយមានការចូលរួមផ្ដល់ធាតុចូល និងកិច្ចសហការយ៉ាងពេញលេញពីក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រហូតធ្វើឱ្យឯកសារនេះ ទទួលបានការអនុម័តដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ។ រក្សាសិទ្ធដោយ៖សុទ្ធលី









