ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក និងកម្ពុជា ត្រៀមផ្តើមឡើងវិញសមយុទ្ធ «ឆ្មាំអង្គរ» នៅឆ្នាំ២០២៧

សហរដ្ឋអាមេរិក និងកម្ពុជា បានបញ្ជាក់ជាថ្មីពីការបន្តពង្រឹងទំនាក់ទំនងការពារជាតិ និងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ខណៈភាគីទាំងពីរកំពុងត្រៀមរៀបចំផែនការ ដើម្បីចាប់ផ្តើមសមយុទ្ធយោធារួម «ឆ្មាំអង្គរ» (Angkor Sentinel) ឡើងវិញនៅឆ្នាំ២០២៧។ នេះបើតាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ខែសីហា ។
ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបរវាងអនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិក លោក Elbridge Colby និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា ដោយភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងយោធានៃប្រទេសទាំងពីរ ព្រមទាំងការគាំទ្រដល់កំណែទម្រង់យោធារបស់កម្ពុជា ដែលមានលក្ខណៈសមហេតុផល និងជាក់ស្តែង ។
ក្នុងជំនួបនេះ លោក Elbridge Colby បានថ្លែងអំណរគុណដល់លោក ទៀ សីហា ចំពោះការគាំទ្ររបស់កម្ពុជា ក្នុងអំឡុងពេលនាវា USS Cincinnati ចូលចតនៅកម្ពុជា និងបានស្វាគមន៍ឱកាសសម្រាប់ការធ្វើទស្សនកិច្ចនាពេលអនាគតទៅកាន់មូលដ្ឋានទ័ពជើងទឹករាម ។
ស្ថានទូតអាមេរិកបញ្ជាក់ថា៖« នៅពេលខាងមុខ មេដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីអាទិភាពប្រតិបត្តិការសំខាន់ៗ រួមមាន ការចាប់ផ្តើមឡើងវិញនូវសមយុទ្ធរួម Angkor Sentinel ការពង្រីកការហ្វឹកហ្វឺនទ្វេភាគី និងការអប់រំវិជ្ជាជីវៈយោធា ព្រមទាំងការអនុវត្តការកែទម្រង់លើកម្លាំងយោធា» ។
សូមរំឮកថា សមយុទ្ធយោធារួម «ឆ្មាំអង្គរ» រវាងកម្ពុជា និងសហរដ្ឋអាមេរិក បានចាប់ផ្តើមនៅឆ្នាំ២០១០ ប៉ុន្តែត្រូវបានផ្អាកនៅឆ្នាំ២០១៧។ បន្ទាប់ពីខកខានអស់រយៈពេលជាច្រើនឆ្នាំ ភាគីទាំងពីរកំពុងត្រៀមរៀបចំសមយុទ្ធនេះឡើងវិញនៅឆ្នាំ២០២៧ខាងមុខ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី