បន្ទាប់ពីមានការប្រកាសនៅថ្ងៃនេះដោយតុលាការមជ្ឈត្តិការអចិន្ត្រៃយ៍អ្នកផ្សះផ្សាទាំងបួនរូបបានតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ដែលត្រូវបង្កើតឡើងស្រប តាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ចំពោះការតែងតាំងនេះ។នេះបើតាមសេចក្តីប្រកាសពត៌មានក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៦។
កម្ពុជាសូមថ្លែងអំណរគុណដល់លោកស្រី Katrina Cooper ដែលបានយល់ព្រមទទួលភារកិច្ច ដ៏សំខាន់នេះ ហើយនឹងចូលរួមក្នុងគណៈកម្មការផ្សះផ្សាជាមួយអ្នកជំនាញអន្តរជាតិល្បីឈ្មោះផ្សេងទៀត។ កម្ពុជាក៏សូមថ្លែងអំណរគុណដល់អ្នកផ្សះផ្សាទាំងអស់ ដែលបានអនុវត្តយ៉ាងម៉ត់ចត់បំផុតនូវដំណើរការ ជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សា។
នេះគឺជាជំហានដ៏សំខាន់មួយក្នុងដំណើរការផ្សះផ្សា ដែលត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា។
កម្ពុជាជឿជាក់ថា ដំណើរការផ្សះផ្សានឹងផ្តល់នូវឱកាសសម្រាប់ដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាព្រំដែន សមុទ្រ ក៏ដូចជាឱកាសក្នុងការអភិវឌ្ឍធនធានប្រេង និងឧស្ម័នដ៏ច្រើននៅក្នុងតំបន់ទាមទារលើដែនសមុទ ត្រួតគ្នា។ ការសម្រេចបានវឌ្ឍនភាពលើបញ្ហាទាំងពីរ គឺស្ថិតក្នុងខណៈពេលដ៏សំខាន់សម្រាប់សន្តិសុខ ថាមពលក្នុងតំបន់។
រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រ
ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ហើយនឹងបន្តផ្តល់នូវទំនុកចិត្តចំពោះដំណើរការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS។
គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS នេះ រួមមានសមាសភាពអ្នកផ្សះផ្សាឯករាជ្យ ចំនួនប្រាំរូប។ កម្ពុជាបានតែងតាំងឯកអគ្គរដ្ឋទូត Peter Taksøe-Jensen និងសាស្ត្រាចារ្យ Jean-Marc Thouvenin ចំណែកប្រទេសថៃបានតែងតាំងចៅក្រម Rudiger Wolfrum និង Albert Hoffmann ជា អ្នកផ្សះផ្សា។ អ្នកផ្សះផ្សាទាំងបួនរូបបានតែងតាំង លោកស្រី Katrina Cooper ជាប្រធានគណៈកម្មការ ផ្សះផ្សា ដោយមានការពិគ្រោះយោបល់ជាមួយគូភាគីទាំងសងខាង។
ដោយពេលនេះមានការរៀបចំគណៈកម្មការផ្សះផ្សារួចរាល់ហើយ ដំណើរការផ្សះផ្សារំពឹងថានឹង បន្តការងារទៅមុខជាមួយនឹងការកោះប្រជុំជាលើកដំបូងស្ដីពីនីតិវិធីរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។រក្សាសិទ្ធដោយ៖សុទ្ធលី




