Friday, June 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត ពីសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនជ្រាបថា វត្ថុបុរាណខ្មែរចំនួនពីរ បន្ថែមទៀត ពីសារមន្ទីរសិល្បៈមេក្រូប៉ូលីតាន (Metropolitan Museum of Art) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ម៉ានហាតាន (Manhattan District Attorney) បានរឹបអូសពីសារមន្ទីរសិល្បៈមេគ្រូប៉ូលីតាន។ ពិធីប្រគល់-ទទួលជាផ្លូវការនូវវត្ថុបុរាណទាំងពីរនេះ នឹងប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ាន់ហាតាន ទីក្រុងញូវយ៉ក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ សូមជម្រាបថា កាលពីខែធ្នូ ឆ្នាំ២០២៣ សារមន្ទីរសិល្បៈមេគ្រូប៉ូលីតាន បានប្រគល់វត្ថុបុរាណខ្មែរចំនួន១៤រូប ជូនមក កម្ពុជាវិញ បន្ទាប់ពីមានការចរចាជាច្រើនឆ្នាំមក។

វត្ថុបុរាណទាំងពីរនេះរួមមាន៖ (១) ផ្តែរធ្វើពីថ្មភក់ មានចម្លាក់រូបរាហូ (ព្រះកាល) សម័យមុនអង្គរ ចន្លោះសតវត្ស ទី៧ ឬទី៨ គ.ស. និង(២) បដិមាធ្វើពីថ្មភក់ (អាចសម្គាល់ជារូបអសុរ ហិរណ្យកសិឮ) សម័យអង្គរ សតវត្សទី១០ ដែលមានប្រភពដើមមកពីប្រាសាទចិន ក្នុងតំបន់កោះកេរ។

អង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ នៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតាន បានផ្តល់ភស្តុតាងទៅ សារមន្ទីរសិល្បៈមេគ្រូប៉ូលីតាន ដោយបញ្ជាក់ថា វត្ថុបុរាណទាំងពីរនេះពាក់ព័ន្ធនឹងបណ្តាញជួញដូររបស់អ្នកស្រី Nancy Wiener ។ បន្ទាប់ពីបានពិនិត្យលើឯកសារភស្តុតាង សារមន្ទីរសិល្បៈមេត្រូប៉ូលីតាន បានយល់ព្រមប្រគល់វត្ថុបុរាណទាំងពីរត្រឡប់មកកម្ពុជាវិញ តាមការស្នើរបស់ការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតាន។

ការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់មានហាតាន គឺជាដៃគូដ៏ជិតស្និទ្ធជាមួយកម្ពុជា ក្នុងកិច្ចការស្រាវជ្រាវ និងទាមទារបញ្ជូនវត្ថុបុរាណខ្មែរត្រឡប់មកវិញ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ដំណើរការស៊ើបអង្កេត ស្វែងរកភស្តុតាងរបស់អង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ ពាក់ព័ន្ធនឹងបណ្តាញរបស់អ្នកស្រី Wiener និងរចនាសម្ព័ន្ធ ជួញដូរទ្រង់ទ្រាយធំ ដែលក្នុងនោះមាន អ្នកស្រី Wiener រួមទាំងលោក Douglas Latchford និងក្រុមហ៊ុន Spink & Son បានឈានដល់ការបញ្ជូនវត្ថុបុរាណខ្មែរជាច្រើនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។ អ្នកស្រី Nancy Wiener ត្រូវបាន កាត់ទោសពីបទជួញដូរវត្ថុបុរាណដោយខុសច្បាប់។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមសម្តែងនូវការដឹងគុណដល់លោក Attorney Alvin Bragg រដ្ឋអាជ្ញា ប្រចាំសង្កាត់មានហាតាន និងអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ ជាពិសេស លោក Matthew Bogdanos ជំនួយការ រដ្ឋអាជ្ញា និងក្រុមការងារស៊ើបអង្កេត ចំពោះការបន្តប្តេជ្ញាចិត្តលើគោលការណ៍ដែលថា ការជួញដូរសម្បត្តិវប្បធម៌ដែលត្រូវ បានគេលួច មិនត្រឹមតែជាបទឧក្រិដ្ឋប្រឆាំងនឹងប្រទេសដើមនៃវត្ថុទាំងនោះទេ ប៉ុន្តែជាបទឧក្រិដ្ឋក្រោមច្បាប់នៃរដ្ឋញូវយ៉ក ផងដែរ។

ទន្ទឹមនេះ ក្រសួងសូមសម្តែងនូវការកោតសរសើរចំពោះការសម្រេចចិត្តរបស់សារមន្ទីសិល្បៈមេគ្រូប៉ូលីតាន ក្នុងការទទួលយកភស្តុតាង និងយល់ព្រមប្រគល់វត្ថុបុរាណទាំងពីរនេះមកកម្ពុជាវិញ។ ជាមួយគ្នានេះដែរ ក្រសួងសូម គាំទ្រចំពោះកិច្ចការចាំបាច់ ដែលសារមន្ទីរសិល្បៈមេគ្រូប៉ូលីតាន បន្តពិនិត្យបន្ថែមទៀតលើសមុច្ច័យមួយចំនួនរបស់ខ្លួន ដោយសហការជាមួយក្រសួង ចំពោះវត្ថុបុរាណខ្មែរដទៃទៀតដែលមានប្រភពដើមពីកម្ពុជា។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណដល់ក្រុមការងារជំនាញកម្ពុជារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងអ្នកជំនាញអន្តរជាតិ ដូចជា លោក Bradley J. Gordon នៃក្រុមហ៊ុន Edenbridge Asia និងកញ្ញា Malina Antoniadis នៃ NOSTOS Stragegies ដែលបានជួយជ្រោមជ្រែងក្នុងការទាមទារបញ្ជូនសម្បត្តិ វប្បធម៌ខ្មែរដែលត្រូវបានលួចនាំចេញខុសច្បាប់ត្រឡប់មកប្រទេសកំណើតវិញ។ ក្រសួងក៏សូមថ្លែងអំណរគុណដល់ លោក Éric Bourdonneau អ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ និងបុរាណវិទ្យា នៃសាលាបារាំងចុងបូព៌ា (EFEO) ប្រចាំនៅកម្ពុជា ចំពោះកិច្ចការស្រាវជ្រាវរបស់លោក អំពីបដិមាអសុរ ហិរណ្យកសិឮ (Demon Hiranyakasipu) ពីតំបន់កោះកេរ។រក្សាសិទ្ធដោយ៖សុទ្ធលី

×