ភ្នំពេញ៖ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលរួមដំណើរដោយឯកឧត្ដមអភិបាលរង នាព្រឹកថ្ងៃទី១០ ខែមិថុនា២០២៦នេះ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានី មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌចំនួន៥ ចុះពិនិត្យមើលលទ្ធផលស្ដារប្រឡាយជាច្រើនខ្សែ និងការសាងសង់ស្ថានីយបូមទឹកចំនួន២ទីតាំង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យខណ្ឌនីមួយៗ អនុវត្តកន្លងមក ដើម្បីធ្វើយ៉ាងណា កុំឱ្យជំនន់ទឹកភ្លៀងលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនារដូវវស្សានេះ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងនាព្រឹកថ្ងៃទី១០មិថុនានេះ។
លោកស្រីបន្តថា៖ ការស្ដារប្រឡាយទាំងអស់នេះ គឺឡេីងស្របតាមផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានដាក់ឲ្យខណ្ឌនីមួយៗអនុវត្តកន្លងមក ហើយការងារនេះទទួលបានការគាំទ្រទាំងកញ្ចប់ថវិកា និងប្រេងឥន្ធនៈពីរដ្ឋបាលរាជធានីភ្នំពេញរួមមាន ប្រឡាយទួលពង្រ១ ប្រឡាយលូប្រាំ ប្រឡាយហា និងប្រឡាយភូមិម័ល។
ចំណែកលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានមានប្រសាសន៍ឲ្យដឹងដែរថា៖ នាឱកាសនៃការចុះពិនិត្យមើលឡាយជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះឯកឧត្តមអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយនឹងអាជ្ញាធរខណ្ឌធ្វើការជីកស្ដារប្រឡាយតភ្ជាប់ប្រឡាយទួលពង្រ ចាប់ពីផ្លូវតុងហ្គា រហូតដល់ប្រឡាយលូប្រាំ ជាមួយនឹងការដាក់លូខ្នាតធំ ឆ្លងកាត់ផ្លូវចំនួន២កន្លែង ជំនួសលូចាស់ដែលតូចចង្អៀត។
ក្រុមការងារនឹងបន្តស្ដារដៃប្រឡាយយទួលពង្រ និងបុកស៊ីផាយ២កន្លែង ត្រង់ផ្ទះប្រជាពលរដ្ឋ សិក្សាដូរទីតាំងស្ថានីយ៍បូមទឹកក្នុងបុរីពិភពថ្មីត្រពាំងថ្លឹងដើម្បីជៀសវាងផលប៉ះពាល់ ការរស់នៅរបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះទៀត ឯកឧត្តមអភិបាលក៏បានណែនាំឲ្យបន្តស្ដារប្រឡាយភូមិម័ល និងការដាក់បំភ្លើងបំភ្លើងសាធារណៈតាមផ្លូវស្របតាមប្រឡាយទួលពង្រ ក្នុងខណ្ឌពោធិសែនជ័យនេះផងដែរ។
គួរបញ្ជាក់ផងដែរថា ប្រឡាយទួលពង្រ មានប្រវែង ៥៥៦៦ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៤ ម្ដុំវត្តជម្ពូវ័នរហូតដល់ប្រឡាយលូប្រាំ។ ចំពោះសកម្មភាពស្ដារប្រឡាយទួលពង្រនេះ ក្រោមការដឹកនាំរបស់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការកាយប្រឡាយនេះបានប្រមាណជាង៤០០០ ម៉ែត្រហើយ នៅសល់ប្រមាណជាង១០០០ម៉ែត្រប៉ុណ្ណោះដែលក្រុមការងារបាននិងកំពុងធ្វើការកាយ។ ការងារនេះអាចប្រើពេលប្រមាណជាមួយសប្តាហ៍ទៀតនឹងរួចរាល់ជាស្ថាពរ។
លោកស្រីអ្នកនាំពាក្យក៏បានបន្ថែមទៀតថា ក្រៅពីការចុះពិនិត្យលទ្ធផលស្តារប្រឡាយទាំងអស់នេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងសហការីក៏បានអញ្ជើញចូលពិនិត្យមេីលស្ថានភាពនៃការសាងសង់ស្ថានីយបូមទឹកលូប្រាំ និងស្ថានីយបូមទឹកបឹងតាម៉ាតផងដែរ ហើយឯកឧត្តមអភិបាលរាជធានីភ្នំពេញបានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធខិតខំធ្វេីយ៉ាងឱ្យការងារស្តារប្រឡាយទាំងអស់នេះបានរួចរាល់ ដេីម្បីធានាកាត់បន្ថយការជន់លិចលំនៅឋានប្រជាពលរដ្ឋនារដូវវស្សាខាងមុខនេះ៕រក្សាសិទ្ធដោយ៖សុទ្ធលី




















