Wednesday, June 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ព្រមានចំពោះអាណា មីណា ដែលបន្តលួចនាំចូលទំនិញសៀម​ចូលកម្ពុជា​ នឹងត្រូវដកតំណែង, ដកហូតទ្រព្យសម្បត្តិ, បញ្ជូនឱ្យទៅរែកដី

ប្រមុខរដ្ឋស្តីទី «សម្តេចតេជោ ហ៊ុន សែន» បានព្រមានចំពោះអាណា មីណា (ប្រសាសន៍ដើម) ដែលបន្តលួចនាំចូលទំនិញសៀម​ចូលកម្ពុជា​ នឹងត្រូវដកតំណែង, ដកហូតទ្រព្យសម្បត្តិ, បញ្ជូនឱ្យទៅរែកដី និងធ្វើលេណដ្ឋានឱ្យកងទ័ព។

សម្តេចតេជោព្រមានរហូតមក មិនមែនទើបតែ​ព្រមាននៅព្រឹកនេះទេ, តែនៅតែមានទំនិញសៀមឈ្លានពានចូលកម្ពុជា​។ តើអ្នកមានអំណាច មន្ត្រីខិលខូច និងឈ្មួញទុច្ចរិតនាំចូលទំនិញសៀម​ចូលកម្ពុជាទាំងនោះ ខ្លាំងជាងសម្តេចតេជោ ឬសម្តេចតេជោមានមេត្តាពេកចំពោះអ្នកមានអំណាច មន្ត្រីខិលខូច និងឈ្មួញទុច្ចរិតទាំងនោះ????

នៅព្រឹកថ្ងៃអង្គារទី៩ ខែមីនាមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌល​បណ្តោះ​អាសន្ន ខេត្តបន្ទាយមានជ័យ។

ការអញ្ជើញដល់របស់សម្ដេចតេជោ ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីបងប្អូនប្រជាពលរដ្ឋ ដែលនេះបង្ហាញពីការគោរពស្រលាញ់ចំពោះសម្ដេចតាំងពីដើមមក ដែលពួកគាត់តែងតែចាត់ទុកសម្ដេចតេជោជាតួអង្គដ៏សំខាន់របស់កម្ពុជា ជាពិសេសការដឹងសុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ពេលវេលា។ មុនសម្ដេចតេជោអញ្ជើញមកសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹកនោះ សម្ដេចក៏បានចំណាយពេលវេលាក្នុងការចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ របស់ប្រជាពលរដ្ឋភៀសសឹក ជាផ្ទះបណ្ដោះអាសន្នសម្រាប់ពួកគាត់រស់នៅដែលរាជរដ្ឋាភិបាលបានរៀបចំនៅទីនេះ។

តាមការឱ្យដឹងពី ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា អំឡុងពេលដែលភាគីថៃឈ្លានពានរយៈពេល២១ថ្ងៃកន្លងមកទាំងបងប្អូនប្រជាពលរដ្ឋភៀសសឹក ទាំងវីរកងកម្លាំងប្រដាប់អាវុធគឺបានទទួលការឧបត្ថម្ភគាំទ្រពីសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន , សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាបន្តបន្ទាប់។ ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចជូនក្រុមការងារចំពោះកិច្ចធ្វើការរៀបចំដីដើម្បីសាងសង់ផ្ទះជូនប្រជាពលរដ្ឋភៀសសឹក រស់នៅឱ្យបានប្រសើរនៅក្នុងមណ្ឌលសមាគមអតីតយុទ្ធជនភូមិ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យនេះ។ មកទល់ពេលនេះប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពបណ្តោះអាសន្នមានចំនួន៣៣១៨គ្រួសារស្មើនឹងចំនួន១១២១៧នាក់ដោយដីទទួលបានមានទំហំ២០ម៉ែត្រx៣០ម៉ែត្រ ក្នុង១គ្រួសារ និងទំហំផ្ទះ ៥ម៉ែត្រ×៧ម៉ែត្រ និងមានដីសម្រាប់បង្កបង្កើនផលទៀតផង។

សម្តេចតេជោ ហ៊ុន សែន បានពាំនាំនូវព្រះរាជបណ្ដាំផ្ញើសួរសុខទុក្ខពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ ព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់នៅទីនេះ។ សម្ដេចបានមានប្រសាសន៍ថា ព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ជានិច្ចចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក និងបងប្អូនវីរកងទ័ពយើងគ្រប់ពេលវេលា។

សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល ដែលបានរៀបចំចាត់ចែងការងារនៅទីនេះ។ សម្តេចពិតជាមានការភ្ញាក់ផ្អើលដែលនាយករដ្ឋមន្ត្រីបច្ចុប្បន្នបានចាត់ចែងការងារនេះយ៉ាងរហ័ស បង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលមិនព្រងើយកណ្តើយចំពោះសុខទុក្ខពលរដ្ឋទេ គឺបានយកចិត្តទុកដាក់ និងធ្វើសកម្មភាពជាបន្តបន្ទាប់។

ពីជំរំភៀសសឹកបណ្ដោះអាសន្ននៃខេត្តបន្ទាយមានជ័យនាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកនេះ ថា «ភូមិរង់ចាំ»។
សម្តេចបញ្ជាក់យ៉ាងច្បាស់ថា យើងសាងសង់ភូមិនេះហើយប៉ុន្តែយើងមិនបោះបង់ការទាមទារដីមកវិញនោះទេ គឺយើងត្រូវតែទាមទារត្រឡប់មកវិញ។ សម្ដេចតេជោបានមានប្រសាសន៍ថា ដោយសារការជឿទុកចិត្តគេពេក ទើបសម្ដេច កាលនោះ ជានាយករដ្ឋមន្ត្រី មិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយទេ មិនប្រើប្រាស់លុយទៅទិញគ្រឿងសព្វាវុធ ដោយចង់បង្វែរលុយទៅកាន់វិស័យសង្គមកិច្ច សុខាភិបាល និងអប់រំ តែដល់ពេលមានបញ្ហានោះ បែរជាយុទ្ធភណ្ឌរបស់យើងវាមិនគ្រប់គ្រាន់ និយាយឱ្យចំថាមិននឹកស្មានថាមានសង្គ្រាមឈ្លានពានមួយដែលរាលដាលនៅទូទាំងព្រំដែននោះទេ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ ប៉ុន្តែការទាមទារនេះគឺមានផ្លូវពីរតែប៉ុណ្ណោះ គឺទី១ គឺប្រើប្រាស់កម្លាំងយោធា និងទី២ គឺចរចាដោយសន្តិវិធី។
សម្តេចបន្តទៀតថា កម្ពុជាពុំមែនមានន័យថា គ្មានសមត្ថភាពវាយដណ្តើម យកដីមកវិញនោះទេ ប៉ុន្តែបើយើងវាយមុន ដើម្បីដណ្តើមយកមកវិញនោះ គឺគេនឹងចោទកម្ពុជាបំពាននឹងកិច្ចព្រមព្រៀងបទឈប់បាញ់ ដូច្នេះកម្ពុជាត្រូវតែអត់ធ្មត់ ដើម្បីចរចាដោយសន្តិវិធី។ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃបានឈ្លានពានយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ។ វាយយកមកបានហើយ ក៏មិនអាចឈរជើងបានដែរ គឺវានឹងត្រូវវាយទៅវាយមក ដូចហ្គាហ្សា និងអ៊ីស្រាអែល និងប្រទេសខ្លះទៀត ដែលនឹងក្លាយជាជម្លោះតពូជ ពង្ស ជំនាន់ ជាក់ជាមិនខាន។

សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរប្រចាំការនៅតាមទល់ដែនត្រូវចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ ត្រូវរឹបអូសទ្រព្យសម្បត្តិ និងឱ្យទៅរែកដីធ្វើលេណដ្ឋាន។ ជាមួយគ្នានោះ សម្តេចក៏បានអំពាវនាវឱ្យជំរុញបង្កើនផលិតក្នុងស្រុក ក្នុងវេលានៃការបិទព្រំដែនជាមួយថៃ ដែលជាឱកាសមាសប្រាក់សម្រាប់ពង្រឹងសេដ្ឋកិច្ចរបស់ជាតិយើង៕រក្សាសិទ្ធដោយ៖សុទ្ធលី

×