ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែជេដ្ឋ ឆ្នាំមីមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោកស្រី ចុង ជៀ (Zhong Jei) ទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលា។ ទន្ទឹមនឹងនេះ លោកស្រី ចុង ជៀ (Zhong Jei) ក៏បានណែនាំសមាសភាពថ្មីគឺលោក សៀ តុង (Xue Dong) ដែលជាសមាសភាពទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មថ្មីនៃស្ថានទូតចិនប្រចាំកម្ពុជាដើម្បីបន្តវេនការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលការងាររបស់លោកស្រី Zhong Jei និងថ្លែងអំណរគុណដល់លោកស្រីចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរក្នុងការជំរុញទាក់ទាញវិនិយោគិនចិនមកកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការបានអបអរសារទរចំពោះលោក Xue Dong ដែលត្រូវបានតែងតាំងជាទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា ហើយសង្ឃឹមថានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីជំរុញសកម្មភាពធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គលេខាធិការក៏បានផ្តួចផ្តើមឱ្យមានការគិតគូរពីការបង្កើតតំបន់កែច្នៃកសិ-ឧស្សាហកម្មបៃតង កម្ពុជា-ចិន ដោយផ្តោតលើវិស័យចម្បង៣ គឺការកែច្នៃស្វាយចន្ទី, ការកែច្នៃជ័រកៅស៊ូ និងឧស្សហកម្មឈើដាំ ដែលទាមទារឱ្យមានការវិនិយោគតាំងពីដើមទីរហូតដល់ចុងទី។ មួយវិញទៀត ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យលោក សៀ តុង ជួយជំរុញ និងទាក់ទាញឧស្សាហកម្មខ្សែទឹកខាងលើ (upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដល់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) មកវិនិយោគនៅកម្ពុជាដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។
លោក សៀ តុង (Xue Dong) បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីទទួលជួបលោក និងសហការីនាពេលនេះ។ លោកសង្ឃឹមថាភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត និងបានទទួលយកនូវគំនិតផ្តួចផ្តើម ក៏ដូចជាសំណូមពររបស់ឯកឧត្តមអគ្គលេខាធិការ ដើម្បីធ្វើការគិតគូររៀបចំក្នុងអាណត្តិការងាររបស់លោកនៅកម្ពុជាឱ្យចេញជារូបរាង។
មុននឹងបញ្ចប់ ភាគីទាំងពីរក៏បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងកិច្ចប្រជុំលើកទី២ នៃក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ចកម្ពុជា-ចិន ដែលគ្រោងធ្វើនៅប្រទេសចិន នៅឆ្នាំ២០២៦នេះ ៕រក្សាសិទ្ធដោយ៖សុទ្ធលី










