នៅព្រឹកថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ដែលស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិកា ព្រឹទ្ធសភា និងឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។
សូមជម្រាបថា អគារថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ បាន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាឱកាសនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើកិច្ចការរបស់ជាតិរបស់សម្តេច ជាការផ្ដល់កិត្តិយស និងលើកទឹកចិត្ត
ជាពិសេសលើវិស័យពន្ធដារជាដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលចំណូល ក៏ដូចជាការលើកកម្ពស់បរិយាកាសធុរកិច្ច តាមរយៈការចូលរួមអនុវត្តយ៉ាងសកម្មនូវ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់មុតស្រួចនានា របស់រាជរដ្ឋាភិបាល។
សមិទ្ធផលអគារថ្មី និងហេដ្ឋារចនាសម្ព័ន្ធ នៃអគ្គនាយកដ្ឋានពន្ធដារមិនត្រឹមតែជានិមិត្តរូបនៃភាពរីកចម្រើនផ្នែករូបវន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញអំពីការរីកចម្រើននៃសមត្ថភាពរបស់រដ្ឋបាលសារពើពន្ធ ក្នុងការបំពេញបេសកកម្មប្រមូលចំណូល និងផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងភាពឆ្លាតវៃ។
យោងតាមការឱ្យដឹង ពីឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកពន្ធដារ បានឱ្យដឹងថា អគារថ្មីនេះត្រូវបានរៀបចំដោយមានការគិតគូរបានយ៉ាងល្អិតល្អន់ ដោយមានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាទំនើបដើម្បីបម្រើដល់ការគ្រប់គ្រង ការប្រើប្រាស់ ការថែទាំ និងការធានា សន្តិសុខនិងសុវត្ថិភាពរបស់អគារ គួបផ្សំជាមួយរចនាបថ និងស្នាដៃវប្បធម៌ខ្មែរយ៉ាងប្រណីត។ អគារនេះត្រូវបានរៀបចំដោយមានមុខងារគ្រប់ជ្រុងជ្រោយ ដែលអាចបម្រើ ដល់គ្រប់តម្រូវការរបស់អ្នកប្រើប្រាស់ ទាំងការបំពេញការងារ ការមកទទួលសេវាពន្ធដារ និងការ ទទួលបានសេវាគាំទ្រពាក់ព័ន្ធផ្សេងៗទៀត។
មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលនោះ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការសាងសង់អគារថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ដែលស្របទៅតាមភាពរីកចម្រើនរបស់ប្រទេសជាតិ និងកត្តាសុខសន្តិភាព។ សម្ដេចក៏បានកោតសរសើរផងដែរចំពោះ ចំពោះអគ្គនាយកដ្ឋានពន្ធដារដែលសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យនៅពេលនេះ។
នៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសយក ទីតាំងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មី ដែលស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាទីតាំងសម្រាប់ការរៀបចំកិច្ចប្រជុំអន្តរជាតិរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា នៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង(ហ្វ្រង់កូហ្វូនី) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខ ដែលប្រជុំនោះនឹងមានថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា ពីបណ្ដាប្រទេសផ្សេងៗប្រមាណ៤០ប្រទេសដែលចូលរួម។
សម្ដេចតេជោថ្លែងដោយក្តីមោទនភាព ចំពោះការវិវឌ្ឍនៃការប្រមូលពន្ធរបស់កម្ពុជា។
សម្ដេចបន្តថា ពីដើមការបើកប្រាក់ខែជូនមន្ត្រីរាជការកម្ពុជា គឺពិតវេទនាណាស់វេទនាត្រង់ថា ប្រាក់ខែតិចហើយ អត់មានលុយបើកឱ្យមន្ត្រីរាជការទៀត ប៉ុន្តែបច្ចុប្បន្ននេះមន្ត្រីរាជការក្នុងមួយខែបានបើកប្រាក់រហូតទៅដល់២ដង និងការអនុវត្តបើប្រាក់ខែតាមប្រព័ន្ធធនាគារទៀត ដែលមានភាពងាយស្រួលជាងពីមុនឆ្ងាយណាស់។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថា ប្រសិនបើមិនធ្វើកំណែទម្រង់ជាបន្តបន្ទាប់ទេ នោះ ប្រហែលជាវិស័យពន្ធដារយើងមិនមានការវិវឌ្ឍដូចសព្វថ្ងៃនេះទេ។
សូមរំលឹកថា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ចំណូលដែលត្រូវបានប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ បានកើនគួរឱ្យកត់សម្គាល់ ពីចំនួនត្រឹមតែប្រមាណ ៧៣៨លានដុល្លារអាមេរិកក្នុងឆ្នាំ២០១២ កើនដល់ ៣៥៧៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ កន្លងទៅ ពោលគឺមានកំណើនជិត ៤ដង ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយនេះ៕រក្សាសិទ្ធដោយ៖សុទ្ធលី





















