ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។
គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៤៥០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៩០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន២គម្រោង៖ រោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ភ, សាងសង់អាងប្រព្រឹត្តកម្ម និងឡចំហាយ, វិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង៖ រោងចក្រចម្រាញ់ប្រេងឆា (ប្រេងកន្ទក់, ប្រេងសណ្តែកសៀង, ប្រេងពោត និងប្រេងអូលីវ) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន៤គម្រោង៖ អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព២០០មេហ្គាវ៉ាត់, អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្គាវ៉ាត់, អភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពល អានុភាព ៥០០មេហ្គាវ៉ាត់, និងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់។
គម្រោងវិនិយោគទាំង៧ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅខេត្តកំពង់ស្ពឺ ស្ទឹងត្រែង និងពោធិ៍សាត់។ រក្សាសិទ្ធដោយ៖សុទ្ធលី








