Friday, May 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំ , តុលាការសម្រេចឃុំជនដៃដល់ និងប្រពន្ធដែលជាអ្នកសមគំនិត

កណ្ដាល៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាលលោកស្រី ហុង ទិត្យមល្លិកា សម្រេចឃុំខ្លួនជនដៃដល់ដែលចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំ និងប្រពន្ធដែលសមគំនិតដាក់ពន្ធនាគារ ក្រោមបទចោទ សមគំនិតក្នុងអំពើឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស, ឃាតកម្មមានស្ថានទម្ងន់ទោសទាក់ទងនឹងអាយុជនរងគ្រោះ តាមបញ្ញត្តិមាត្រា២៩ មាត្រា២៥៤ និងមាត្រា២០២ នៃក្រមព្រហ្មទណ្ឌ។

យោងតាមលទ្ធផលនៃការស៊ើបអង្កេតបន្ត សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងចោទប្រកាន់ជនសង្ស័យទីពីរម្នាក់ទៀត ពាក់ព័ន្ធនឹងករណីឃាតកម្ម ផ្តើមឡើងពីការជំរិតទារប្រាក់ ទៅលើកុមារអាយុ ៥ឆ្នាំម្នាក់ ក្នុងខេត្តកណ្តាល។

ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនបន្ថែមនេះ គឺជាស្ត្រីអាយុ ២៧ឆ្នាំ ត្រូវជាភរិយារបស់ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនកាលពីម្សិលម៉ិញ ពាក់ព័ន្ធនឹងករណីចាប់ជំរិតទារប្រាក់ និងឈានដល់ការសម្លាប់ក្មួយស្រីបង្កើតរបស់ខ្លួន។ ការឃាត់ខ្លួននេះ គឺជាលទ្ធផលនៃកិច្ចប្រតិបត្តិការយ៉ាងសកម្ម និងហ្មត់ចត់របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ។

ដើម្បីឈានដល់ការចាប់ខ្លួនបន្ថែមនេះ សមត្ថកិច្ចជំនាញបានបន្តពិនិត្យ និងវិភាគយ៉ាងល្អិតល្អន់ទៅលើភស្តុតាង និងអង្គហេតុជុំវិញការស្លាប់របស់ជនរងគ្រោះ។

ជនសង្ស័យជាស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីអនុវត្តនីតិវិធីចោទប្រកាន់ជាផ្លូវការពីបទ «ចាប់ជំរិត និងឃាតកម្មលើកុមារ»។

ជនជាប់ចោទមានឈ្មោះ គឹម វណ្ណា និងភរិយាជាអ្នកសមគំនិតមានឈ្មោះ ធី ណារ៉ុង។ ពួកគេបានធ្វើសកម្មភាពកាលនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ដោយចាប់ជំរិតសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំ ដែលជាក្មួយ នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ក៏ព្រោះតែខឹងមិនឲ្យខ្ចីលុយបន្ថែមខណៈដែលធ្លាប់ខ្ចីលុយពីមុនៗមកបានរហូត។

ជនរងគ្រោះឈ្មោះ រតនា ម៉េងស៊ីម អាយុ៥ឆ្នាំ មានឪពុកឈ្មោះ ទេព រតនា អាយុ៣០ឆ្នាំ មុខរបរលក់ដូរ និងម្ដាយឈ្មោះ ជឿន ស៊ីនួន អាយុ២៩ឆ្នាំ មុខរបរលក់ដូរ។

អ្នកទាំងពីរ មានទីលំនៅភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ (គ្រួសារជនរងគ្រោះរាល់ថ្ងៃសៅរ៍ អាទិត្យ តែងតែនាំគ្នាទៅលេស្រុកកំណើតនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល)។ ជនដៃដល់ឈ្មោះ គីម វណ្ណា អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាពូសាច់ថ្លៃ)។

នៅចំពោះមុខសមត្ថកិច្ចជនសង្យ័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពតែម្នាក់ឯង ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឲ្យជនរងគ្រោះស្លាប់) ពិតប្រាកដមែន។ មូលហេតុ ជនសង្ស័យឆ្លើយថា ដោយសារម្តាយជនរងគ្រោះមើលងាយក្រុមគ្រួសារខ្លួន និងខ្ចីលុយពីម្តាយជនរងគ្រោះមិនបាន៕រក្សាសិទ្ធដោយ៖សុទ្ធលី

×