ភ្នំពេញ ៖ បន្ទាប់ពីបានជួបពិភាក្សាពិគ្រោះយោបលល់គ្នាអស់រយ:ពេល២ថ្ងៃរួចមក ក្រុមការងារនីតិកម្មក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសរុស្សី បានឈានដល់ការចុះហត្ថលេខា លើពង្រាងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការមនុស្សធម៌ក្នុងករណីមានវិបត្តិ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ សាផាត អគ្គលេខាធិការរងក្រសួងការពារជាតិ នាយករងនាយកដ្ឋានបុគ្គលិក និងជាប្រធានក្រុមការងារ កិច្ចសហប្រតិបត្តិការយោធា កម្ពុជា- រុស្ស៊ី និង
លោកវរនាវីឯក Dmitri SEVOSTYANOV នាយករង នាយកដ្ឋានច្បាប់ អន្តរជាតិ និង សកម្មភាពអាជ្ញាប័ណ្ណនៃមជ្ឈមណ្ឌលអនុម័ត សកម្មភាពសមុទ្រនៃ មជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិ សហព័ន្ធរុស្សី បានវាយតំលៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចពិភាក្សាពិគ្រោះយោបល់ដែលក្រុមការងារនីតិកម្មយោធាប្រទេសទាំងពីរបានចូលរួមពិនិត្យ កែលម្អ អត្ថន័យ ខ្លឹមសារ ភាសា តាមមាត្រា នីមួយៗនៃសេចក្តីព្រាងកិច្ចព្រមព្រៀងប្រកបដោយឆន្ទ:ការទទួលខុសត្រូវ និយាយពិតនិយាយត្រង់ និងការយោគយល់អធ្យាស្រ័យក្នុងស្មារតីសាមគ្គីភាព ភាតរភាព ដើម្បីធានាឱ្យសេចក្តីព្រាងកិច្ចព្រមព្រៀងនេះមានភាព គ្រប់ជ្រុងជ្រោយស្របតាមច្បាប់ និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។
លោកវរនាវីឯក Dmitri SEVOSTYANOV ក្នុងនាម ប្រធានគណៈប្រតិភូយោធានៃសហព័ន្ធរុស្ស៊ី បានថ្លែងថា លទ្ធផលនៃការឯកភាពលើពង្រាងខ្លឹមសារ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការមនុស្សធម៌ក្នុងករណីមានវិបត្តិ ដែលក្រុមការងារយោធាប្រទេសទាំងពីរសម្រេចបាននាថ្ងៃនេះ អាចចាត់ទុកថា ជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយថែមទៀត នៃទំនាក់ទំនង មិត្តភាពនិងកិច្ចសហប្រតិបត្តិការ រវាង កម្ពុជា-រុស្ស៊ី ដែលមាន ទំនាក់ទំនងល្អជាយូរលង់ណាស់មកហើយ ពីព្រោះថាកិច្ចពិភាក្សានាថ្ងៃនេះចំថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦ ដែលជាថ្ងៃឈានដល់ទិវាគម្រប់ខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។
លោកវរនាវីឯកសន្យាថានឹងដាក់ជូនឯកសារនេះឆ្លងទៅដល់បណ្ដាស្ថាប័នប្រតិបត្តិទាំងអស់ ដើម្បីផ្ដល់យោបល់បំពេញបន្ថែម ដោយរំពឹងថាប្រទេសទាំងពីរនឹងអាចចុះហត្ថលេខាជាផ្លូវការបាននៅចុងឆ្នាំនេះឬក៏នៅដើមឆ្នាំក្រោយ។
កិច្ចព្រមព្រៀងនេះ នឹងក្លាយជាយន្តការសំខាន់មួយសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យជំនួយមនុស្សធម៌ ការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស ការបណ្តុះបណ្តាល ធនធានមនុស្ស និងការគាំទ្រក្នុងការឆ្លើយតបចំពោះគ្រោះអាសន្ន និងវិបត្តិនានា៕ រក្សាសិទ្ធដោយ៖សុទ្ធលី























