រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញផ្តល់កិត្តិយសក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឡើងថ្លែងសុន្ទរកថាអបអរសាទរក្នុងឱកាសដែលស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបលើកទី៧៦ នៃទិវាសហភាពអឺរ៉ុប (Europe Day)។
ពិធីនេះត្រូវបានរៀបចំឡើងក្នុងបរិយាកាសដ៏មនោរម្យ ក្រោមវត្តមានរបស់ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ, ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប, តំណាងអង្គទូតនានា និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។
ទិវាសហភាពអឺរ៉ុប (Europe Day) ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៩ ខែឧសភា ដើម្បីរំលឹកដល់ខួបនៃ “សេចក្តីថ្លែងការណ៍ស៊ូម៉ាន” (Schuman Declaration) ឆ្នាំ១៩៥០ ដែលជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ចនៅអឺរ៉ុប ក្នុងគោលបំណងថែរក្សាសន្តិភាពប្រកបដោយចីរភាព និងសាមគ្គីភាពក្រោយសង្គ្រាមលោកលើកទី២។ ទិវានេះមិនត្រឹមតែជាការអបអរសាទរនូវសមិទ្ធផលនៃសន្តិភាព និងវិបុលភាពក្នុងតំបន់អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់សហភាពអឺរ៉ុបក្នុងការបង្ហាញនូវតម្លៃរួម សេរីភាព និងការពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសនានាលើសកលលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។
ក្នុងសុន្ទរកថាប្រកបដោយអត្ថន័យខ្លឹមសារស៊ីជម្រៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះប្រជាជន និងបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ និងបានរំលឹកពីសារៈសំខាន់នៃ “សេចក្តីថ្លែងការណ៍ស៊ូម៉ាន” (Schuman Declaration) ដែលជាគ្រឹះស្ថាននៃសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់អឺរ៉ុប និងជាគំរូនៃកិច្ចសហប្រតិបត្តិការតំបន់។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា សហភាពអឺរ៉ុបគឺជាដៃគូអភិវឌ្ឍន៍ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់កម្ពុជា។ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ Global Gateway និងកម្មវិធីជំនួយនានា បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មដល់ការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍបៃតង និងការកសាងសមត្ថភាពស្ថាប័ននៅកម្ពុជា។ ឯកឧត្តម ក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ផ្អែកលើមូលដ្ឋាននៃមិត្តភាព និងការគោរពគ្នាទៅវិញទៅមក ទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប នឹងបន្តរីកចម្រើនកាន់តែរឹងមាំថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។
ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល រីករាយ និងជាសក្ខីភាពនៃការឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប ក្នុងបេសកកម្មអភិវឌ្ឍន៍មាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿង៕ រក្សាសិទ្ធដោយ៖សុទ្ធលី























